អ្នកឧកញ៉ា លាង ម៉េង៖ “ម្តាយខ្ញុំធ្លាប់ខ្ចីធនាគារ ៧ម៉ឺនដុល្លារ ដើម្បីឱ្យខ្ញុំបន្តសិក្សានៅក្រៅប្រទេស”

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក ​​និង​ជាប្រធាន​ក្រុម​​អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង គ្រុប ​​បាន​បង្ហើប​ឱ្យ​ដឹង​ថា ​​កាល​ពី​ជាង​២០​ឆ្នាំ​មុន​ អ្នក​ម្តាយ​របស់​លោក គឺ​លោកជំទាវ​អ្នក​ឧកញ៉ា ភាព ហៀក ​​បាន​នាំ​រូប​លោក​ទៅ​ជួប​ធនាគារ ដើម្បី​ខ្ចីលុយ​ប្រមាណ​ ៥​ម៉ឺន ឬ​៧​ម៉ឺន​ដុល្លារ ដើម្បី​ឱ្យ​រូប​​លោក​បាន​បន្ត​សិក្សា​នៅ​ក្រៅ​ប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាសារ​មួយ​​ផ្តាំ​ផ្ញើ​ដល់​យុវជន​ជំនាន់​ក្រោយ អ្នកឧកញ៉ា លាង ម៉េង ​​បាន​មាន​ប្រសាសន៍​ថា៖ “ខ្ញុំ​ចង់​បញ្ជាក់​ដល់​ប្អូនៗ​ដែរ​ថា កាល​ពី​២០​ជាង​ឆ្នាំ​មុន​ នៅ​ឆ្នាំ​១៩៩៣ ឬ​១៩៩៤ ម្តាយ​របស់​ខ្ញុំ​​​បាន​ទៅ​ជួប​ធនាគារ​ជាមួយ​ខ្ញុំ ដើម្បី​ខ្ចី​លុយ​ ៧​ម៉ឺន ឬ​មួយ​ ៥​ម៉ឺន​ដុល្លារ ដើម្បី​ឱ្យ​កូន​បន្ត​សិក្សា​នៅ​ក្រៅ​ប្រទេស។ គាត់​​​ថា​ចង់​ឱ្យ​កូន​គាត់​មាន​ជំនាញ​ពិត​ប្រាកដ​មួយ និង​​មាន​ចំណេះ​ដឹង​ដ៏​ល្អ។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន”។

អ្នកឧកញ៉ា លាង ម៉េង ​​បាន​រំឭក​ផង​ដែរ​ថា តាម​ពិត​ក្រុមហ៊ុន​ ជីប ម៉ុង ​ដំបូង​ឡើយ​ជា​ក្រុមហ៊ុន​មួយ​តូច​ ​​ប៉ុន្តែ​មាន​ចិត្ត​មួយ​ដ៏​ធំ និង​មាន​ចក្ខុវិស័យមួយ​ដ៏​វែង​ឆ្ងាយ។ លោក​ឧកញ៉ា ​​បញ្ជាក់​ថា​ មក​ដល់​សព្វ​ថ្ងៃ​នេះ អាជីវកម្ម​​ធំៗ​របស់​ក្រុមហ៊ុន ជីប ម៉ុង គ្រុប ​​គឺ​មាន​រហូត​ដល់​ទៅ ១៩​ក្រុមហ៊ុន។ កត្តាជោគជ័យ​ទាំង​នេះ គឺ​ដោយសារ​តែ​​​ក្រុមហ៊ុន​មាន​ថ្នាក់ដឹកនាំ សុទ្ធ​តែ​ជើង​ខ្លាំង​ដែល​មាន​ចំណេះ​ ជំនាញ និង​ទស្សនៈវិស័យ​វិនិយោគ​​វែងឆ្ងាយ។

គួរ​បញ្ជាក់​ថា ឧកញ៉ា ភាព ហៀក ប្រធានក្រុមប្រឹក្សាភិបាល, ឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុន និងឧកញ៉ា លាង ម៉េង អគ្គនាយក ដែលជាស្ថាបនិក និងសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ក្នុងថ្ងៃតែមួយ គឺកាលពី​ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០៕