ហាងម៉ាស្សាសំណាងខេមបូឌា ដែលមានទីតាំងនៅក្បែរសណ្ឋាគារសុខា បានទទួលការចាប់អារម្មណ៍ ក្រោយពេលប្រមុខរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២២ បានជួបដោយចៃដន្យ និងបានចុះសំណេះសំណាល ក្រោយពេលសម្ដេចបានចូលរួមបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍។
លោក សែម សំណាង ម្ចាស់ហាងម៉ាស្សា សំណាងខេមបូឌា បានផ្ដល់សម្ភាសន៍ជាមួយឧកញ៉ាញូស៍ថា ហាងម៉ាស្សានេះទើបតែបើកដំណើការការជិត ២ ខែ ដើម្បីបើកឱកាសដល់បងប្អូនជនពិការឱ្យមានការងារធ្វើ សម្រាប់ដោះស្រាយជីវភាពគ្រួសារ។
ហាងម៉ាស្សាដោយបងប្អូនជនពិការភ្នែកនេះមានទាំងអស់ ៥សាខា ដែលសាខានៅរាជធានីភ្នំពេញនេះ ទើបបើកដំណើរការបានជាង ២ ខែ រីឯសាខាតាមខេត្តដូចជា កំពង់ចាម ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ដំណើរការមកទល់ពេលនេះរយៈពេល ១០ឆ្នាំហើយ។

លោក សែម សំណាង ក្រៅពីគ្រប់គ្រងនៅហាងម៉ាស្សា ក៏ជាប្រធានសមាគមវិទ្យុទូរទស្សន៍ Online សម្លេងជនពិការភ្នែកផងនោះបានបន្តថា មូលហេតុដែលលោកបើកហាងម៉ាស្សានេះឡើង ព្រោះលោកយល់ឃើញថាបងប្អូនជនពិការមានជំនាញពិសេសមួយទៀតបន្ទាប់ពីធ្វើការខាងវិទ្យុ និងទូរទស្សន៍ គឺជំនាញក្នុងការចាប់សរសៃ និង ម៉ាស្សា ។
លោកបន្តថា ចំពោះការម៉ាស្សាជួយបានច្រើនណាស់ផ្នែករាងកាយ ដូចជាសម្រួលសរសៃឈាម ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ ថ្លោះគ្រេចព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀត។
លោកបានបញ្ជាក់ផងដែរថា ចំពោះការបើកហាងម៉ាស្សានេះគឺមានកត្តាប្រឈមដូចជា ចំណូលមិនទៀងអាស្រ័យតាមភ្ញៀវតិចឬ ច្រើន និងតាមរដូវកាលផងដែរ។ បើតាមលោកសែម សំណាង ក្នុងមួយថ្ងៃអាចរកចំណូលបានចាប់ពី ១០០ ០០០ ទៅ ២០០ ០០០ ក្នុងមួយថ្ងៃ ដែលពាក់កណ្ដាលប្រគល់ឱ្យម្ចាស់ហាង ពាក់កណ្ដាលទៀតសម្រាប់បងប្អូនជនពិការដែលធ្វើការម៉ាស្សានោះ។
លោកថា តម្លៃវិញសម្រាប់អតិថិជនជាជនជាតិខ្មែរចំណាយត្រឹមតែ៥ដុល្លារតែប៉ុណ្ណោះក្នុងមួយម៉ោង។ រីឯជនបរទេស ៨ដុល្លារក្នុងម៉ោង បន្ថែមការម៉ាស្សាបាតជើង ១០ដុល្លារក្នុងមួយម៉ោងទៀត។

លោកសែម សំណាង បានសំណូមពរបងប្អូនខ្មែរ ក៏ដូចជាជនបរទេសចូលមកម៉ាស្សានៅហាងម៉ាស្សារបស់បងប្អូនជនពិការភ្នែក ដើម្បីជួយសម្រួលដល់ជីវភាពរបស់ពួកគាត់៕


