ការនាំចេញអង្ករនៅឆមាសទី១ ឆ្នាំ២០២២ មានកំណើនជាង១៦% បានបរិមាណសរុបចំនួន ៣២៧ ២០០ តោន គិតជាទឹកប្រាក់ជាង១៩៨ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា សម្រាប់ឆមាសទី១ នៃឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុនចំនួន៥៣ក្រុមហ៊ុន បានអង្ករចំនួន ៣២៧ ២០០ តោន ដែលគិតជាទឹកប្រាក់មានចំនួន ១៩៨.៦៣ លានដុល្លារសហរដ្ឋអាមេរិក។
ទីផ្សារអង្ករសំខាន់ៗក្នុងនោះ៖ មានប្រទេសចិន រួមទាំង តំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ១៦៨ ២៨០ តោន ឬស្មើនឹង ៥១.៤៣% ដែលមានកំណើនចំនួន ១៧.៤៤ % បើធៀបទៅនឹង រយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។
ដោយឡែក ការនាំចេញទៅកាន់ប្រទេសនានានៅក្នុងទ្វីបអឺរ៉ុបចំនួន២៣ប្រទេស បានចំនួន ១០៦ ១៩៤ តោន ឬស្មើនឹង ៣២% មានកំណើន ចំនួន ៤៦.៩០%។ ការនាំចេញទៅកាន់ ប្រទេសក្នុងសមាជិកអាស៊ាន ៤ប្រទេស បានចំនួន ២៨ ៦៨០ តោន ឬស្មើនឹង ៨.៧៧% ដែលមានកំណើនចំនួន ៦.៦៩% និងការនាំចេញទៅកាន់គោលដៅផ្សេងៗ ចំនួន ២១ប្រទេស បានចំនួន ២៤ ០៤៦ តោន ឬស្មើនឹង ៧.៣៥%។
សម្រាប់ប្រភេទអង្ករនាំចេញ គឺមានអង្ករក្រអូបគ្រប់ប្រភេទបានចំនួន ៦២.៤៤% អង្ករ ស បានចំនួន ៣៤.១២% អង្ករចំហ៊ុយ បានចំនួន ១.៩៣% និងអង្ករសរីរាង្គបានចំនួន ១.៥០% និងអង្ករដំណើប បាន០.០១% ឬស្មើនឹង ២៣តោន។
គួរបញ្ជាក់ដែរថា ក្រៅពីអង្ករ នៅក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២២ នេះដែរ កម្ពុជាបាននាំចេញស្រូវសរុបបានចំនួន ១ ៧៣៣ ១៥៧ តោន ដែលគិតជាទឹកប្រាក់មានចំនួន ៤០១.៩៦ លានដុល្លារសហរដ្ឋអាមេរិកផងដែរ៕
អត្ថបទ៖រង្សី