មេធំធនាគារជាតិ បង្ហាញក្តីរំពឹងទុកថា អត្រាអតិផរណានៅកម្ពុជា នឹងថយចុះមកវិញនៅឆមាសទី២នេះ

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា ដាក់ក្តីរំពឹកទុកថា អត្រាអតិផរណានៅកម្ពុជា នឹងថយចុះមកវិញនៅឆមាសទី២នេះ ដោយសារការំពឹងនៃការថយចុះនៃតម្លៃប្រេង។ ការបង្ហាញក្តីរំពឹងបែបនេះបន្ទាប់ពីអតិផរណានៅកម្ពុជា បានកើនខ្ពស់បំផុតរហូតដល់៧.២% នៅខែឧសភា ឆ្នាំ២០២២ ដោយសារឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា៖ «ស្ថានភាពអត្រាអតិផរណា មានភាពមិនប្រាកដប្រជាខ្ពស់ ដោយអាស្រ័យជាចម្បងលើឥទ្ធិពលនៃការអូសបន្លាយសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ទៅលើថ្លៃប្រេង និងការអនុវត្តវិធានបិទខ្ទប់តំបន់ផលិតកម្មនៅប្រទេសចិន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩។ ជាមួយនឹងការរំពឹងទុកថា ថ្លៃប្រេងនឹងថយចុះ អតិផរណាក៏ត្រូវបានព្យាករថា ថយចុះផងដែរនៅឆមាសទី២នេះ»

បើតាមលោក ជា ចាន់តូ មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកអាចសម្រេចបានទាបជាង ការរំពឹងទុកនៅឆ្នាំ២០២២ ដោយបន្តប្រឈមភាពមិនច្បាស់លាស់ និងហានិភ័យចម្បងៗ ដូចជា៖ ឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលមិនទាន់ស្វែងរកដំណោះស្រាយជាក់លាក់នៅឡើយ ផលប៉ះពាល់នៃការអនុវត្តនយោបាយរូបិយវត្ថុរឹតត្បិត ក្នុងប្រទេសអភិវឌ្ឍន៍ និងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលនៅតែជាបញ្ហាគួរឱ្យព្រួយបារម្ភ។

បញ្ហាទាំងនេះបាននិងកំពុងបង្កការប៉ះទង្គិច ដល់ខ្សែច្រវាក់ផលិតកម្មសកល ដាក់សម្ពាធមកលើអត្រាអតិផរណាពិភពលោក និងបង្កើនលំហូរចេញនៃមូលធន ពីប្រទេសកំពុងលូតលាស់ និងកំពុងអភិវឌ្ឍន៍ ដែលនឹងដាក់សម្ពាធបន្ថែមលើតម្លៃរូបិយប័ណ្ណ និងទុនបម្រុងអន្តរជាតិនៅក្នុងប្រទេសទាំងនោះ។

លោកថ្លែងថា៖ «ទោះយ៉ាងណាសកម្មភាពសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថា បន្តងើបឡើងប្រមាណ ៥.៣% ខ្ពស់ជាឆ្នាំ២០២១ ដែលមានកម្រិត ៣% ដែលគាំទ្រជាចម្បងដោយកំណើនការនាំចេញ នៃវិស័យកម្មន្តសាល កំណើនវិស័យសំណង់ និងអចលនទ្រព្យ និងកសិកម្ម ជាមួយនឹងការងើបឡើងសន្សឹមៗ នៃវិស័យទេសចរណ៍»

លោក ជា ចាន់តូ បានបញ្ជាក់បន្ថែមថា លើសពីនេះសេដ្ឋកិច្ចកម្ពុជា ក៏អាចប្រឈមនឹងភាពមិនប្រាកដប្រជាមួយចំនួនដូចជា៖ ហានិភ័យនៃការធ្លាក់ចុះកំណើនសេដ្ឋកិច្ចសហភាពអឺរ៉ុប ដែលអាចប៉ះពាល់ដល់ការនាំចេញ និងការថមថយកំណើនសេដ្ឋកិច្ចចិន ដែលអាចបន្ថយកំណើនការវិនិយោគ និងការងើបឡើងវិញនៃវិស័យទេសចរណ៍និងអចលនទ្រព្យ។ ម្យ៉ាងទៀតថ្វីបើការដំឡើងអត្រាការប្រាក់គោល របស់ធនាគារកណ្តាលអាមេរិក មិនមានឥទ្ធិពលដោយផ្ទាល់លើអត្រាការប្រាក់នៅកម្ពុជា ប៉ុន្តែក៏អាចធ្វើឱ្យមានសម្ពាធលើអត្រា-ប្តូរប្រាក់ ដោយសារការឡើងថ្លៃប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិ៕