កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ធនាគារ អេស ប៊ី អាយ លីហួរ (SBI LH) ដែលតំណាងដោយ អ្នកឧកញ៉ា លីហួរ ប្រធានក្រុមប្រឹក្សាពិបាល បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងជាដៃគូក្នុងការផ្តល់ឥណទានគេហដ្ឋានពិសេស ជាមួយក្រុមហ៊ុនចំនួនពីរគឺ ក្រុមហ៊ុន ប៊ីអេស លែន & ហូម និង ក្រុមហ៊ុន អ៊ីស្ត លែន អេន ហូម តំណាងដោយឧកញ៉ា លី សេងឃាង ប្រធានក្រុមប្រឹក្សាពិបាល។
ការសហការនេះ នឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់អតិថិជន ទាំងអតិថិជនថ្មី និងអតិថិជនចាស់ ឲ្យទទួលបាននូវកញ្ចប់ឥណទានគេហដ្ឋានពិសេសនិងងាយស្រួល ដោយមិនតម្រូវឲ្យមានទ្រព្យធានា និងមិនមានសេវាអនុម័តឥណទាន ទទួលបានអត្រាការប្រាក់ចាប់ពី ០,៧០% ទទួលបានទំហំឥណទានរហូតដល់ ៩៥ ភាគរយនៃតំលៃផ្ទះ និងរយៈពេលបង់រហូតដល់២០ឆ្នាំ ជាមួយនឹងការអនុម័តឥណទានឆាប់រហ័ស។
អ្នកឧកញ៉ា លី ហួរ បានបញ្ជាក់ឱ្យដឹងថា មូលហេតុដែលធនាគារ អេស ប៊ី អាយ លី ហួរ របស់អ្នកឧកញ៉ា សម្រេចចុះអនុសារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន ប៊ី អេស លែន & ហូម និងក្រុមហ៊ុន អ៊ីស្ត លែន & ហូម គឺដើម្បីជួយជំរុញ និងស្តារវិស័យអចលនទ្រព្យ និងសំណង់លំនៅដ្ឋាននៅកម្ពុជា ដែលបាន និងកំពុងរងផលប៉ះពាល់ដោយសារ វិបត្តិកូវីដ-១៩ និងការអូសបន្លាយនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងចង់ជួយសម្រួលបន្ទុករបស់អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន និងបុរីក្នុងការគ្រប់គ្រងអតិថិជនបង់ប្រាក់ប្រចាំខែ។
ឧកញ៉ា លី សេងឃាង ក៏បានគូសបញ្ជាក់ផងដែរថា ហេតុដែលក្រុមហ៊ុនរបស់លោកឧកញ៉ាសម្រេចចាប់ដៃជាមួយធនាគារ អេស ប៊ី អាយ លី ហួរ ដោយសារធនាគារនេះមានលក្ខណៈផ្តល់កម្ចីងាយស្រួល និងមានតម្លៃខ្ពស់ និងមានរយៈពេលវែង។ ជាពិសេស អេស ប៊ី អាយ លី ហួរ ជាធនាគារដែលមានប្រតិបត្តិការរឹងមាំ ដែលមានកំណើនទ្រព្យសកម្មជារៀងរាល់ឆ្នាំ ទោះបីស្ថិតក្នុងវិបត្តិកូវីដ-១៩។ ជាក់ស្តែងកាលពីឆ្នាំ២០២១ កន្លងទៅធនាគារនេះមានកំណើនទ្រព្យសកម្ម ១៥០% និងកំណើនប្រាក់បញ្ញើ ២៧០%។
សូមបញ្ជាក់ថា កញ្ចប់ឥណទានគេហដ្ឋានពិសេសនេះ ជាសមិទ្ធិផលថ្មី នៃការចូលរួមសហការពីធនាគារ ដែលផ្តល់នៅអត្ថប្រយោជន៍ទៅដល់អតិថិជនស្ថិតក្នុងគម្រោងទាំង៤ រួមមាន៖ ១)បុរីចតុមុខស៊ីធី១, ២)បុរីចតុមុខស៊ីធី២, ៣)បុរីអ៊ីស្ដ លែន អេន ហូម និង ៤)អុីស្ដ កៀនស្វាយ ស៊ីធី៕