ចាប់ពីថ្ងៃនេះ ពន្ធដារចាប់ផ្តើមចុះអង្កេតដល់ទីតាំងសហគ្រាសទាំងអស់ ដើម្បីជំរុញការបង់ពន្ធ

សង្គម​ និង​សេដ្ឋកិច្ច

ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ នឹងចុះអង្កេតដល់ទីតាំងសហគ្រាសទាំងអស់ ដែលកំពុងធ្វើអាជីវកម្ម នៅរាជធានីភ្នំពេញ ដើម្បីជំរុញការចុះបញ្ជីពន្ធដារ និងការបង់ពន្ធឱ្យស្មើភាពគ្នា ខណៈដែលកន្លែងអាជីវកម្មថ្មីៗមួយចំនួន កំពុងប្រកបរបរអាជីវកម្មដោយមិនទាន់បានចុះបញ្ជីពន្ធដារនៅឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៩ កក្កដា បានបញ្ជាក់ពីគោលបំណងនៃការចុះអង្កេតនេះ ក្រៅពីពង្រឹងការប្រកួតប្រជែងដោយស្មើភាព និងពង្រឹងអនុលោមភាពសារពើពន្ធដោយស្ម័គ្រចិត្ត ក៏ដើម្បីផ្តល់សេវាចុះបញ្ជីពន្ធដារ ឱ្យកាន់តែងាយស្រួលជូនអ្នកជាប់ពន្ធដល់ទីតាំងសហគ្រាសជាក់ស្តែង និងប្រមូលព័ត៌មានអំពីសហគ្រាសរួមមាន អត្តសញ្ញាណម្ចាស់សហគ្រាស សកម្មភាពអាជីវកម្ម និងព័ត៌មានផ្សេងៗ សម្រាប់គាំទ្រនិងចូលរួមចំណែកដល់ការកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង។

ក្នុងន័យនេះ ប្រសិនបើពិនិត្យឃើញថា កន្លែងប្រកបអាជីវកម្មណាមួយ មិនទាន់បានចុះបញ្ជីពន្ធ មន្រ្តីនៃអគ្គនាយកដ្ឋានពន្ធដារ នឹងចុះផ្ដល់សេវាចុះបញ្ជីជូនពួកគេនៅកន្លែងទីតាំងផ្ទាល់តែម្តង ប៉ុន្តែ ត្រូវត្រៀមឯកសារថតចម្លងមួយចំនួនដូចជា ប័ណ្ណពន្ធប៉ាតង់ (ឆ្នាំចុងក្រោយ) ឬវិញ្ញាបនបត្រចុះបញ្ជីពន្ធដារ ឬប័ណ្ណសម្គាល់ការចុះបញ្ជីពន្ធដារ ឬបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ ឬលិខិតបញ្ជាក់សាខាសហគ្រាស (ករណីជាសាខាសហគ្រាស)។

សូមជម្រាបជូនថា កាលពីឆ្នាំ២០១៦ ២០១៧ និង២០១៨ អគ្គនាយកដ្ឋានពន្ធដារ ក៏ធ្លាប់បានចុះអង្កេតម្តងរួចមកហើយ ដោយពិនិត្យឃើញថា កន្លែងប្រកបអាជីវកម្មជាច្រើនមិនទាន់បានមកចុះបញ្ជីពន្ធដារត្រឹមត្រូវនៅឡើយ ហើយថ្មីៗនេះ ទីតាំងអាជីវកម្មមួយចំនួន ដែលបានបើកថ្មី ជាពិសេសរបស់ជនជាតិចិន មិនទាន់បានចុះបញ្ជីពន្ធដាររួចរាល់ស្របតាមច្បាប់នៅឡើយដែរ៕