ឧកញ៉ា ស្រ៊ាត មុំសុភាគឺជាសហគ្រិនស្ត្រីកម្ពុជាម្នាក់ក្នុងចំណោមស្រ្តីច្រើនរូប ដែលបានធ្វើកិច្ចការជាច្រើន ដើម្បីកំណត់សក្តានុពលរបស់ស្ត្រីក្នុងការធ្វើជំនួញ តាមរយៈសមាគមសហគ្រិនស្ត្រីកម្ពុជា។
កាលពីក្មេង ឧកញ៉ា ស្រ៊ាត មុំសុភា មិនធ្លាប់គិតថាចង់ក្លាយជាសហគ្រិន ឬអ្នកធ្វើជំនួញទេ បើទោះបីជាអ្នកស្រីរស់នៅក្នុងគ្រួសារដែលជាអ្នកធ្វើជំនួញក៏ដោយ។ ក៏ប៉ុន្តែ បច្ចុប្បន្ននេះ អ្នកស្រីបានក្លាយខ្លួនជាសហគ្រិនស្ត្រីដ៏ឆ្នើមម្នាក់នៅកម្ពុជា។ អ្នកស្រីចាប់ផ្តើមបង្កើតក្រុមហ៊ុន សុហ្វីយ៉ា នៅឆ្នាំ២០០៥។

មុនក្លាយខ្លួនជាថៅកែក្រុមហ៊ុនទេសចរណ៍ អ្នកស្រីបានបញ្ចប់ការសិក្សាផ្នែកធនាគារ និងហិរញ្ញវត្ថុពីសាកលវិទ្យាល័យន័រតុននៅឆ្នាំ ២០០៣ ហើយអ្នកស្រីបានចូលធ្វើការជាបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍មួយនៅភ្នំពេញ។
អ្នកស្រីជាអគ្គនាយិកាក្រុមហ៊ុន Sophiya Corporation ដែលក្នុងនោះរួមមាន SOPHIYA Travel & Tours SOPHIYA Home & Services Management, TLC Professional Nail Spa និង U &ME Spa ហើយក៏ជាសមាជិកនៃសមាគមសហគ្រិនវ័យក្មេងកម្ពុជាផងដែរ។

ក្នុងឆ្នាំ២០១៦ អ្នកស្រី ទទួលបានពានរង្វាន់សហគ្រិនឆ្នើមផ្នែកស្ត្រី ប្រចាំឆ្នាំ២០១៦ ពីសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ផងដែរ។
ឧកញ៉ា ស្រ៊ាត មុំសុភា បានថ្លែងថា៖ «ចាប់ផ្តើមធ្វើអាជីវកម្មតាំងពីដើមទុនតិចតួច រហូតមកដល់ពេលនេះ ខ្ញុំឃើញខ្លួនឯងថាខុសគ្នាឆ្ងាយ ហើយដែលអ្វីដែលយើងបានលះបង់ បានចេញជាផ្លែផ្កា។ ហើយវាមិនមែនសម្រាប់តែខ្លួនខ្ញុំទេ ដែលខ្ញុំរកស៊ីបានចំណូល មានស្ថិរភាព។ វាក៏អាចជួយដល់សេដ្ឋកិច្ចក្នុងស្រុក ជួយប្រជាជនមានការងារធ្វើ ទាំងក្នុងក្រុមហ៊ុន និងពលរដ្ឋទូទៅ ដែលធ្វើការក្នុងវិស័យទេសចរណ៍ រួមទាំងអ្នករត់ម៉ូតូឌុប ភោគជនីយដ្ឋាន ជាដើម»។

ដើម្បីជំរុញទឹកចិត្តដល់ស្ត្រីផ្សេងទៀត ឈានជាសហគ្រិនស្ត្រីឆ្នើម ឧកញ៉ា ស្រ៊ាត មុំសុភា ផ្ដល់អនុសាសន៍ថា ស្ត្រីទាំងអស់មិនគួរបណ្តែតបណ្តោយពេលវេលាចោលនោះទេ ។ ស្រ្តីគួរតែអភិវឌ្ឍន៍ខ្លួនពីក្នុងប្រទេសមកក្នុងតំបន់និងទៅថ្នាក់អន្តរជាតិ តាមរយៈការចូលរួមប្រកួតផ្សេងៗ។ អ្នកស្រីបញ្ជាក់ថា សូមកុំទុកខ្លួនឯងឲ្យម្នាក់ឯង តែត្រូវនៅក្នុងបណ្ដាញ ដើម្បីអភិវឌ្ឍន៍ប្រមូលបានសំលេងតែមួយ ព្រមទាំងធ្វើដំណើរទៅរួមគ្នា៕
