ជំទាវឧកញ៉ា នឹម វណ្ណៈ ទិញយករូបថតលោកឡាម៉ូ ដែលឈ្នះពាននៅអង់គ្លេស តម្លៃ ៣៥០០ដុល្លារ

ជុំវិញ​ឧកញ៉ា

លោកជំទាវឧកញ៉ា នឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស៊ីអ៊ី គ្រុប ឯ.ក (ACE Group Co.,LTD) ​​គឺជា​អ្នក​​ទិញ​យក​រូប​ថត​ដ៏​អស្ចារ្យ​មួយ​របស់​លោក ឡាម៉ូ ​​ដែល​បាន​ឈ្នះ​ពាន​​​​​ជា​រូបភាព​ល្អ​បំផុត​នៅ​ប្រទេស​អង់គ្លេស កាល​ឆ្នាំ​២០១៨ ​ក្នុង​តម្លៃ​ថ្លៃ​បំផុត​ ៣៥០០ ដុល្លារ​សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រូបថត​​​របស់​លោក​ឡាម៉ូ​​ចំនួន​​មួយ ​​បាន​ឈ្នះ​ពាន​ក្នុង​​ការ​ប្រកួត​ប្រជែង​រូប​ថត​​នៅ​ប្រទេស​អង់គ្លេស នៅ​ឆ្នាំ​២០១៨​ ដែល​​គេ​ទទួល​ស្គាល់​ថា​ជា​រូប​តំណាង​ឱ្យ​កម្ពុជា និង​ជា​រូប​ថត​ជាប់​លេខ​១ ប្រចាំ​ប្រទេស​កម្ពុជា។ រូបភាព​នេះ​ជា​ប្រភេទ Abstract ​​​​ដូចជា​សត្វស្លាប​មួយ​កំពុង​ហើរ ហើយ​រូបនេះ​មាន​ចំណង​ជើង​ថា “Freedom” ដែល​មាន​ន័យ​ថា “សេរីភាព” និង​ចង់​ប្រៀប​ធៀប​ទៅ​នឹង​សេរីភាព​​ប្រកប​មុខរបរ​របស់​ប្រជាជន​សាមញ្ញ ប៉ុន្តែ​ផលិត​ឡើង​ជា​លក្ខណៈ​សិល្បៈ​មួយ។ រូប​ព្រលិតជាមួយ​ក្មេង​​នេះ ថត​នៅ​ស្រុក​​កំពង់ត្រាច នៃ​ខេត្ត​កំពត។

រូបថតដែលឈ្នះពាននៅប្រទេសអង់គ្លេស

ក្រោយ​មក​រូប​ថត​​​ដ៏​​មាន​អត្ថន័យ​អស្ចារ្យ​ ទំហំ ១០០សង់ទីម៉ែត្រ x ១៥០សង់ទីម៉ែត្រ​នេះ ​​ត្រូវ​បាន​លោក​ ជំទាវឧកញ៉ា នឹម វណ្ណៈ ទិញ​យក​​សម្រាប់​តាំង​ក្នុង​ការិយាល័យ​របស់​លោក​ជំទាវ។ លោក​ជំទាវ ​​ប្រាប់​ថ្លែង​ប្រាប់​ដល់​ ឧកញ៉ា ញូស៍ ឱ្យ​ដឹង​​ថា៖ “លោកឡាម៉ូ ជា​អ្នក​ថត​រូប​ដ៏​ល្បី​​ម្នាក់ ដែល​បាន​ប្រឡង​ជាប់​រូប​ភាព​មួយ​ហ្នឹង​នៅ​ប្រទេស​អង់គ្លេស។ ខ្ញុំ​បាន​ទិញ​រូប​ថត​នេះ​ទុក ព្រោះ​ជា​ស្នាដៃ​របស់​គាត់។ ខ្ញុំ​ពិត​ជា​មាន​កិត្តិយស​ ដែល​បាន​ទិញ​​រូប​របស់​គាត់​មួយ​ ក្នុង​ចំណោម​រូប​មាន​កំណត់ ព្រោះ​រូប​នេះ​គឺ​គ្មាន​លក់​នៅ​តាម​ទីផ្សារ​នោះ​ទេ បាន​ន័យ​ថា​ គាត់​លក់​សម្រាប់​តែ​អ្នក​បញ្ជារ​ទិញ​ជាពិសេស ក្នុង​តម្លៃ​មួយ ៣០០០ ដុល្លារ ឬ​ ៤០០០ ដុល្លារ”។

គួរ​រំឭក​ថា លោក លី មិន ឬហៅក្រៅថា “ឡាម៉ូ” កើតនៅឆ្នាំ១៩៧៧ ខេត្តសៀមរាប ជាសិល្បករ និង​អ្នក​ថតរូបដ៏​​ល្បី​​ម្នាក់។ ក្នុងដំណើរបេសកកម្ម​ជាង​ ១០ឆ្នាំ​ លើវិស័យថតរូបបែបច្នៃប្រឌិត និងការផ្សងព្រេងនៅ​តាមតំបន់​ជាច្រើន​ក្នុងប្រទេសកម្ពុជា ស្នាដៃរូបថតចំនួន៤៤សន្លឹករបស់លោក​ បាន​​ដាក់​តាំងបង្ហាញនៅ​ក្នុងវិចិត្រ​សាលក្បាច់នៃសណ្ឋាគារស៊ូហ្វីតែល ភ្នំពេញភូគីត្រា។ រូបភាព​ដែលកំពុង​តែ​ដាក់តាំងពិពរណ៍នេះ គឺផ្តោតសំខាន់ទៅលើធម្មជាតិ សាសនា សិល្បៈ វប្បធម៌ ជីវភាព​រស់នៅរបស់​ប្រជាជន និងបូកបញ្ចូល​ជាមួយ​អត្តសញ្ញាណផ្ទាល់ខ្លួនរបស់លោកឡាម៉ូ គឺពន្លឺ និងស្រមោល។ ចំពោះរូបភាពដែលលោក​ឡាម៉ូ លក់​គឺ​មាន​ខ្នាត​ផ្សេងៗ​គ្នា​ និង​មាន​ Limited Edition ខុស​គ្នា ហើយ​​១​ផ្ទាំង​ មាន​តម្លៃ​​ចាប់​ពី​ ២០០ដុល្លារ រហូត​ដល់​ ៣,៦០០ដុល្លារ៕