អ្នកឧកញ៉ា គួច ម៉េងលី ណែនាំគួរឱ្យកូនរៀនដោយសប្បាយចិត្ត កុំដាក់សម្ពាធលើកូន

ជុំវិញ​ឧកញ៉ា

អ្នក​​​ឧ​កញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុម​ប្រឹក្សាភិបាល និងអ​គ្គ​នាយ​ក​​ប្រ​តិ​ប​ត្តិ​នៃក្រុ​ម​ហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បាន​លើក​ឡើង​ថា ឪពុកម្ដាយសិស្សមួយចំនួនមិន​យល់អំពីចិត្តសាស្ត្រ​ធ្វើឱ្យ​កូនរៀនពូកែ ម្ល៉ោះហើយនៅពេលឃើញកូន​រៀន​ខ្សោយ រៀនមិនបានលេខ១ លេខ២ លេខ៣ ពួកគាត់បែរ​ជាស្ដីបន្ទោសកូនទៅវិញ។ ការស្ដីបន្ទោសកូន​បែប​នេះពុំមែនជាវិធីសាស្ត្រល្អធ្វើឱ្យកូនរៀនពូកែនោះឡើយ តែវាជាការដាក់សម្ពាធទៅលើកូនទៅវិញទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ាបន្ត​​ថា​ នៅបរទេសគេមិនដែលជំរុញកូនឱ្យរៀនយកលេខ១ លេខ២ លេខ៣ ដូចយើងទេ។ គេគ្រាន់តែតាមដានការសិក្សារៀនសូត្ររបស់កូន ហើយលើកទឹកចិត្តកូនឱ្យរៀនដោយ​សប្បាយចិត្តនិង​ពេញចិត្តនឹងការសិក្សារៀនសូត្ររបស់ពួកគេ។ តើចាំបាច់តាមដានការសិក្សារៀនសូត្ររបស់កូនធ្វើអ្វី? គឺ​ដើម្បីដឹងថា ការសិក្សារៀនសូត្ររបស់ពួកគេយ៉ាងម៉េច ពួកគេខ្សោយផ្នែកណា ដើម្បីជួយណែនាំពួកគេ​អំពី​ចំណុចខ្សោយនោះ ជួយដាស់តឿនពួកគេឱ្យខំរៀន កុំឱ្យពួកគេលេងទូរស័ព្ទច្រើន​ជ្រុលនិងខុសគោលដៅ​សិក្សា។ ប្រសិនបើយើងមិនតាមដានការសិក្សារបស់កូនទេ ដោយចាំតែស្ដីបន្ទោសនៅពេលពួកគាត់​ទទួល​បានលទ្ធផលការសិក្សាខ្សោយ នោះកូនច្បាស់ជាកុហកយើងអំពីលទ្ធផលការសិក្សារបស់ពួកគេមិនខាន ព្រោះពួកគេខ្មាសអៀននិងខ្លាចយើងស្ដីបន្ទោសពួកគាត់។

បន្ថែម​ពី​នេះ អ្នក​ឧកញ៉ា​ គួច​ ម៉េង​លី ​​សំណូមពរ​ថា សូមលោកឪពុកអ្នកម្ដាយគ្រប់រូប មេត្តាយកចិត្តទុកដាក់​ចំពោះ​ការសិក្សារៀនសូត្ររបស់កូនៗឱ្យមែនទែន ធ្វើយ៉ាងម៉េចត្រូវឱ្យកូនៗរៀនឱ្យបានពេញលក្ខណៈ តែ​មិនត្រូវបង្ខំកូនជាដាច់ខាត។ បើចង់ឱ្យកូនៗរៀនបានពេញលក្ខណៈ ដោយមិនបង្ខំពួកគេ លុះត្រាតែលោក​ឪពុកអ្នកម្ដាយគ្រប់រូបឱ្យកូនទៅរៀននៅសាលាល្អ។ សាលាល្អ គ្រូមានវិធីសាស្ត្រល្អៗក្នុងការបង្រៀន​សិស្ស។ បើដាក់កូនឱ្យរៀននៅសាលាមិនល្អ ហើយយើងទៅបង្ខំពួកគេឱ្យរៀន មិនខុសអីពីញាត់ផ្អកចូល​ក្នុង​កក្អមទេ ទោះពួកគេរៀនដល់ស្លាប់ទៀតក៏មិនចេះដែរ។ សាលាល្អ គឺពុំមែនសំដៅដល់សាលាដែលមាន​តម្លៃសិក្សាថ្លៃនោះទេ តែជាសាលាដែលបង្រៀនសិស្សប្រកបដោយគុណភាព គ្រូបង្រៀនសិស្សដោយយក​ចិត្ត​ទុកដាក់ ដាក់កិច្ចការឱ្យសិស្សធ្វើជាប្រចាំ កែកិច្ចការសិស្សដោយយកចិត្តទុកដាក់ តាមដានការ​សិក្សា​រៀន​សូត្ររបស់សិស្ស ធ្វើបច្ចុប្បន្នភាពមេរៀនជានិច្ចកាល។ មិនតែប៉ុណ្ណោះ សិស្សទៅរៀនដោយ​បរិយា​កាស​កក់ក្ដៅ ត្រជាក់ត្រជំ គ្មានអំពើហិង្សា គ្មានបងធំបងតូច គ្មានគ្រឿងញៀន។

លោកឪពុកអ្នកម្ដាយគ្រប់រូបត្រូវដឹងថា កូនៗយើងចំណាយពេលស្ទើរតែពេញមួយថ្ងៃនៅសាលា ដូច្នេះ​សាលា​គឺជាផ្ទះទី២របស់ពួកគាត់។ បើសង្គមទី១(ផ្ទះ)មិនកក់ក្តៅ ពួកគាត់នឹងរត់រក​សង្គមទី២(លោកគ្រូ​អ្នកគ្រូ​ដែលជាម្ដាយឪពុកទី២)។ ប៉ុន្តែបច្ចុប្បន្នបើសង្ឃឹមលើលោកគ្រូអ្នកគ្រូមិនកើតទេ ព្រោះពួកគាត់​រវល់​ណាស់ ពួកគាត់បង្រៀនគួផង បង្រៀនក្នុងថ្នាក់ផង និងធ្វើកិច្ចការផ្សេងៗជាច្រើន​ទៀតដើម្បី​ជីវភាព​គ្រួសារ​។ បើសង្គមទី១ក៏អត់ សង្គមទី២ក៏គ្មាន ដូច្នេះនៅសល់តែសង្គមទី៣និងសង្គមទី៤ប៉ុណ្ណោះ។ សង្គមទី៣ គឺសាលារៀន។ បើសាលារៀនល្អ នោះសង្គមទី៤(មិត្តភក្តិ)ក៏ល្អដែរ។ បើសង្គមទី៤ល្អ នោះកូនរបស់យើង​នឹងគ្មាន​អ្នកអូសទាញទៅសង្គមខូចបានឡើយ។

ជា​ចុង​ក្រោយ​ អ្នកឧកញ៉ា គួច ម៉េងលី ​​បាន​បញ្ជាក់​​ម្តង​ទៀត​ថា​ បើចង់ឱ្យកូនរៀនពូកែ ចង់ឱ្យខួរក្បាលកូនល្អ មិនខូចសតិអារម្មណ៍ មិនបែកឆ្វេងនៅថ្ងៃខាងមុខ ម្ដាយឪពុកត្រូវលើកទឹកចិត្តកូនឱ្យរៀនដោយសប្បាយចិត្ត កុំដាក់សម្ពាធលើកូន កុំដាក់វិន័យលើកូន ហើយកុំទាមទារឱ្យកូនរៀនយកពិន្ទុនេះពិន្ទុនោះឱ្យសោះ។ អ្វី​ដែល​លោកឪពុកអ្នកម្ដាយត្រូវធ្វើនោះ គឺត្រូវតាមដានការសិក្សារបស់កូនជាប្រចាំ ត្រូវចូលរួមសហការ​ជាមួយ​សាលា និងលោកគ្រូអ្នកគ្រូ ជាពិសេសត្រូវដាក់កូនឱ្យរៀននៅសាលាដែលមានគុណភាពល្អ វិន័យ​ថ្លៃថ្នូរ និងមានស្តង់ដាត្រឹមត្រូវ៕