រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចតែងតាំងសមាសភាពក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយ បញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ សមាសភាពក្រុមការងារនេះ មានលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន អមដោយអនុប្រធាន និងសមាជិក ១២នាក់ផ្សេងទៀត។

ក្នុងសេចក្តីសម្រេច ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានកំណត់តួនាទី និងភារកិច្ច ក្រុមការងារនេះ ដោយស្របតាមសេចក្ដីសម្រេចលេខ២៦ សសរ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្តីពីការបង្កើតក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុង តំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ៕


