ឧកញ៉ា លឹម ហេង បង្ហាញចំណាប់អារម្មណ៍ ក្រោយកម្ពុជាអនុម័តគម្រោងវិនិយោគរបស់សិង្ហបុរី ១២៧គម្រោង

ជុំវិញ​ឧកញ៉ា

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា ប្រទេស​សិង្ហបុរី គឺជា​​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ល្អ​​សម្រាប់​កម្ពុជា បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា បានអនុម័តម្រោងវិនិយោគរបស់សិង្ហបុរី នៅកម្ពុជា​មាន​ចំនួន ១២៧គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ ១៥៣០លានដុល្លារអាមេរិក គិតត្រឹម​ឆមាសទី១ ឆ្នាំ២០២២ នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ឧកញ៉ា លឹម ហេង

អ្នកជំនួញ​រូប​នេះ​ បាន​លើក​ឡើង​ថា៖ “ប្រទេសសិង្ហបុរី ជា​​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ល្អ​​សម្រាប់​កម្ពុជា​​យើង​ជា​យូរ​ឆ្នាំ​មក​ហើយ។ យើង​ឃើញ​ថា​កំណើន​វិនិយោគ​ពី​សិង្ហបុរី​តែង​មានការ​កើន​ឡើង​ស្ទើរ​តែ​រាល់​ឆ្នាំ ​​ហើយ​យើង​ក៏​ជា​ដៃគូ​សហគមន៍​សេដ្ឋកិច្ច​​​អាស៊ាន​ជាមួយ​គ្នា​ផង​ដែរ ដែល​យើង​​ចូល​ពី​ឆ្នាំ​២០១៥​មក​នេះ។ ការ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​​ក្នុង​ទំហំ​សេដ្ឋកិច្ច​អាស៊ាន​ គឺជា​គោលដៅ​របស់​បណ្តា​ប្រទេស​អាស៊ាន​ក្នុង​តំបន់។ ដូច្នេះ​ខ្ញុំ​គិត​ថា នេះ​ជា​ឱកាស​ល្អ​បំផុត​សម្រាប់​ក្រុមហ៊ុន​សិង្ហបុរី ក៏​ដូចជា​ក្រុមហ៊ុន​ជប៉ុន​ក៏​ច្រើន​ដែរ។ ការ​វិនិយោគ​ពីរ​ប្រទេស​នេះ ​បញ្ជាក់​ឱ្យ​ឃើញ​ថា​ ប្រទេសកម្ពុជា​យើង​ មាន​សន្តិភាព ស្ថេរភាព និង​សុវត្ថិភាព សម្រាប់​អ្នក​វិនិយោគ ដែល​ធ្វើ​ឱ្យ​​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ជាពិសេស​ច្បាប់​វិនិយោគ​ថ្មី​របស់​យើង ដែល​មាន​ការ​លើក​ទឹក​ចិត្ត​ជា​បន្ត​បន្ទាប់​ច្រើន​ផង”។

គួរបញ្ជាក់​ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលជាសេនាធិការរបស់រដ្ឋាភិបាល បានអនុម័ត​ម្រោង​វិនិយោគរបស់សិង្ហបុរី នៅកម្ពុជាមានចំនួន១២៧គម្រោង ក្នុងទំហំទឹកប្រាក់ ១៥៣០លានដុល្លារអាមេរិក គិតត្រឹមខែមិថុនា ឆ្នាំ២០២២នេះ។ នេះ​បើ​យោងតាមសេចក្តីប្រកាសព័ត៌មាន CDC នៅថ្ងៃទី២៦ ខែកក្កដា កន្លងមក។

លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ CDC បាន​ថ្លែង​ឱ្យ​ដឹង​ ​​កាល​ពី​ថ្ងៃទី​២៦ ខែកក្កដា ​​ផង​ដែរ​ថា៖ “បរិស្ថានវិនិយោគនៅកម្ពុជា មានភាពអំណោយផលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់រង់ចាំទទួលការវិនិយោគរបស់សិង្ហបុរី ដើម្បីច្បាមយកនូវកាលានុវត្តភាពដ៏លើសលុប ក្នុងវិស័យ​កសិចំណីអាហារ សេវាកម្ម និងកម្មន្តសាល”។ លោកបន្តថា “ការវិនិយោគសិង្ហបុរីនៅកម្ពុជា ពិតជា​មាន​សារៈសំខាន់ សូមអំពាវនាវឱ្យមានការវិនិយោគកាន់តែច្រើនថែមទៀត ពីវិនិយោគិនសក្តានុពលសិង្ហបុរី ដែលនឹងរួមចំណែកដល់ការស្តារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាបានយ៉ាងឆាប់រហ័ស”៕