ប្រធានាធិបតីចិន ប្រកាសបញ្ជូនអ្នកវិនិយោគ និងផ្តល់ជំនួយអភិវឌ្ឍន៍ តាមតម្រូវការរបស់កម្ពុជា រួមទាំងពន្លឿនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឲ្យឆាប់រហ័សបំផុត

សង្គម​និង​សេដ្ឋកិច្ច
904 Shares

(ភ្នំពេញ)៖ ថ្លែងក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានអះអាងចំពោះមុខរបស់សម្តេចតេជោថា រាជរដ្ឋាភិបាលចិននឹងបញ្ជូនអ្នកវិនិយោគ និងផ្តល់ជំនួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជាតាមតម្រូវការ ពិសេសសម្រាប់ខេត្តព្រះសីហនុ ក្រោយពេលមានការបិទល្បែងភ្នាល់អនឡាញ។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ពីលទ្ធផលនៃជំនួបរវាងសម្តេចតេជោ និងលោក ស៊ី ជីនពីង យ៉ាងដូច្នេះថា «ចិននឹងផ្តលជំនួយដល់ប្រទេសកម្ពុជា និងផ្តល់ជំនួយដល់ខេត្តព្រះសីហនុ ទៅតាមតម្រូវការចាំបាច់របស់ប្រទេសកម្ពុជា»។

លោក កៅ គឹមហួន បានលើកឡើងផងដែរថា ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៅលោកប្រធានាធិបតីចិនថា នៅឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងថយចុះបន្តិច ដោយសារការប្រែប្រួល នៃសភាពការណ៍នានាលើពិភពលោក។ សម្តេចតេជោ បានស្នើរដ្ឋាភិបាលចិន បន្តគាំទ្រដល់ការវិនិយោគនៅកម្ពុជា ជាពិសេសរោងចក្ររបស់ចិននៅកម្ពុជា ឱ្យបន្តដំណើរការ ដោយកម្ពុជានឹងកែលំអរបរិយាកាសនានា ដើម្បីធានាដល់ដំណើរការរោងចក្រទាំងនេះ។

សម្តេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំឱ្យមានការទាក់ទាញ អ្នកវិនិយោគមកកាន់កម្ពុជាបន្ថែមទៀត និងបានស្នើលោកប្រធានាធិបតីចិន ពង្រីកទីផ្សារសម្រាប់ផលិតផលកម្ពុជា នៅក្នុងប្រទេសចិន។ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មសម្តេចតេជោ បានស្នើឱ្យបង្កើនល្បឿនចរចា ទៅលើការធ្វើពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ចិនតែងចាត់ទុកកម្ពុជាជាមិត្ត «ដែកថែប» ដូច្នេះគួរពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ ជារួមទំនាក់ទំនងរវាងកម្ពុជា និងចិន ជាពិសេសទាក់ទងការវិនិយោគ និងពាណិជ្ជកម្ម កំពុងដំណើរការទៅមុខយ៉ាងរលូន និងមានល្បឿនយ៉ាងល្អ។

ជាការឆ្លើយតប លោកប្រធានាធិបតីបានថ្លែងអំណរគុណ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលមានភក្តីភាពជាមួយប្រជាជនចិន និងរដ្ឋាភិបាលចិន។ កម្ពុជា និងសម្តេចតេជោនាយករដ្ឋមន្ត្រី ជាមិត្ត «ដែកថែប» របស់ចិន។

លោកប្រធានាធិបតី បានលើកឡើងថា លោកគាំទ្រចំពោះកិច្ចចរចាពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ហើយត្រូវតែបង្កើនល្បឿននៃការរៀបចំឯកសារឈានទៅការចុះហត្ថលេខាឱ្យបានឆាប់បំផុត។

លោកប្រធានាធិបតី បានគូសបញ្ជាក់ថា នៅខែមករា ឆ្នាំ២០១៩ កន្លងទៅ លោកក៏បានលើកពីការអនុវត្តន៍ច្បាប់នៅខេត្តព្រះសីហនុ ហើយសម្តេចបានបញ្ឈប់នូវល្បែងភ្នាល់អនឡាញ។ លោកប្រធានាធិបតី បង្ហាញការសរសើរដោយស្មោះចំពោះកម្ពុជា ក្នុងការចាត់វិធានការនេះ។

លោកប្រធានាធិបតី បានលើកឡើងថា រដ្ឋាភិបាលចិននឹងលើកទឹកចិត្តឱ្យអ្នកវិនិយោគចិនមកបណ្តាក់ទុននៅកម្ពុជា និងនាំចូលផលិតផលពីកម្ពុជាចូលប្រទេសចិន។ លោកប្រធានាស្នើកម្ពុជា ធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជា ឱ្យបានកាន់តែល្អប្រសើរ ដែលគាំទ្រដល់ការវិនិយោគ និងធ្វើធុរកិច្ច។

លោកប្រធានាធិបតី ស្នើឱ្យពិនិត្យមើលតើអ្នកវិនិយោគចិនប្រឈមអ្វីខ្លះ ចំពោះការវិនិយោគនៅកម្ពុជា ដើម្បីរកវិធានការជួយដល់អ្នកវិនិយោគទាំងនោះ៕

ប្រភព៖ freshnewsasia.com

904 Shares