ឧកញ៉ា ឃន ឈុនដារ៉ា ដែលគេស្គាល់ថាជាអ្នកជំនួញវ័យក្មេង ជានាយកក្រុមហ៊ុន ខេមបូភូរ៉ា ក្លាស ឯ.ក និងក្រុមហ៊ុន KOI Thé Cambodia និងជាស្ថាបនិក Tube Cafe បានបង្ហើបឱ្យដឹងថា ទម្រាំលោកមានថ្ងៃនេះ លោកបានឆ្លងកាត់ការងារជាច្រើន ក្នុងនោះក៏ធ្លាប់ធ្វើជាអ្នកលាងចាន នៅក្នុងភោជនីយដ្ឋានមួយកន្លែងផងដែរ។
គិតមកដល់ពេលបច្ចុប្បន្នលោកឧកញ៉ា ឃន ឈុនដារ៉ា ក្តោបក្តាប់មុខជំនួញជាច្រើនរួមមាន៖ នាយកក្រុមហ៊ុន ខេមបូភូរ៉ា ក្លាស ឯ.ក, នាយកប្រតិបត្តិនៃក្រុមហ៊ុន KOI Thé Cambodia, ស្ថាបនិក Tube Café, ហាងលក់កាហ្វេ Yellow cab , ហាងលក់ Pizza, ផ្សារទំនើប Samai Square, Orkin ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្ម សម្លាប់សត្វល្អិតតាមផ្ទះ ឬក្រុមហ៊ុន និង KYO ម្ហូបបែបជប៉ុន។
លោកឧកញ៉ា បានចែករំលែកផ្នត់គំនិត តាមរយៈវីដេអូឃ្លីបមួយថា៖ “ការងារអ្វីក៏មានតម្លៃដែរ មិនថាការងារនោះជាការងារសាមញ្ញ ឬតូចតាចប៉ុណ្ណា។ មុននឹងខ្ញុំឈានជើងក្លាយជាអ្នកដឹកនាំក្រុមហ៊ុនមួយបាន ខ្ញុំធ្លាប់ឆ្លងកាត់ធ្វើការងារជាអ្នកលាងចាន នៅភោជនីយដ្ឋានម៉ិកស៊ីកូមួយ ធ្លាប់ជាសេវាបុគ្គលិកក្នុងហាងកាហ្វេមួយនៅសហរដ្ឋអាមេរិក ធ្លាប់ធ្វើជាអ្នកលក់ដើរតាមផ្ទះគោះទ្វារគេណែនាំផលិតផល ធ្លាប់ធ្វើជាអ្នកណែនាំភ្ញៀវ ធ្លាប់ធ្វើជាអ្នកលក់ទំនិញតាមទូរសព្ទដែលមិនបានជួបមុខអតិថិជនសោះ”។
“ការងារទាំងអស់ ដែលខ្ញុំបានរាយរ៉ាប់ខាងលើនេះ សុទ្ធសឹងតែជាមូលដ្ឋានគ្រឹះ ដែលខ្ញុំគិតថាមានតម្លៃ និងមានសារៈសំខាន់មែនទែនក្នុងការជួយឱ្យខ្ញុំអាចឈរជើងជាអ្នកដឹកនាំម្នាក់ក្នុងក្រុមហ៊ុនរបស់យើង។ សរុបសេចក្តីមក ការងារទាំងអស់សុទ្ធសឹងតែមានតម្លៃ ប៉ុន្តែការចេះស្វែងរក ការចេះក្រេបតម្លៃ និងប្រយោជន៍ពីការងារនីមួយៗ គឺនៅលើខ្លួនយើងទេ ថាយើងចេះស្វែងរកឬអត់។ ឧទាហរណ៍ ការយកឈើថ្លៃមកធ្វើជាអុស បើយើងមិនយល់នោះ នឹងយកឈើដ៏ថ្លៃមកធ្វើជាអុសមិនខាន”។ លោកឧកញ៉ា បានបន្ថែម។
ឧកញ៉ា ឃន ឈុនដារ៉ា កើតនៅឆ្នាំ១៩៨៩ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧ មករា រាជធានីភ្នំពេញ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ានៃសហរដ្ឋអាមេរិក និងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យប្រ៊ីស្ដូល (Bristol) ប្រទេសអង់គ្លេស។ លោកត្រូវបានមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ត្រាស់បង្គាប់ផ្តល់គោរមងារជា ឧកញ៉ា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។ ឧកញ៉ា ឃន ឈុនដារ៉ា ត្រូវបានគេស្គាល់ថា ជាកូនប្រសាឧកញ៉ា ហេង សៀ ហើយភរិយារបស់លោក គឺអ្នកស្រី តាំង គីមហៀង៕