ក្រុមហ៊ុន សែលកាត របស់អ្នកឧកញ៉ា គិត ម៉េង បានក្លាយជាដៃគូទូរគមនាគមន៍ ជាមួយក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងពេលដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា នៅរាជធានីភ្នំពេញ។
ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ប្រទេសកម្ពុជា បានទទួលសិទ្ធិរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី៥៥ (55th AMM) និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត ដែលត្រូវស្វាគមន៍គណៈប្រតិភូមកពី ៣៩ ប្រទេស សម្រាប់កិច្ចប្រជុំ នៅសណ្ឋាគារសុខាភ្នំពេញ។ យ៉ាងណាមិញ ប្រព័ន្ធទូរគមនាគមន៍ ក៏ដូចជាបណ្តាញអ៊ីនធើណែត គឺត្រូវការជាចាំបាច់ ក្នុងការទំនាក់ទំនងឱ្យមានប្រសិទ្ធភាព។
គួររំឭកថា កាលពីខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន Cellcard ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ Royal Group បានបង្ហាញផលិតផលថ្មីមួយឈ្មោះថា Cellcard One ដែលផ្តល់នូវដំណោះស្រាយរួមគ្នាចំនួនពីរ គឺរួមបញ្ចូលទាំងការភ្ជាប់ Wi-Fi និង ការតភ្ជាប់ទូរស័ព្ទចល័ត ក្នុងកញ្ចប់តែមួយ ដើម្បីសមស្របទៅនឹងតម្រូវការនៃខាងលំនៅដ្ឋាន និងអាជីវកម្មផ្សេងៗផងដែរ៕