កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យការកាត់ឆ្វៀលដីទំហំជិត ១០០ហិកតា ចេញពីតំបន់ប្រើប្រាស់ដោយចីរភាពនៃឧទ្យានជាតិព្រះសីហនុ «រាម» ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីផ្តល់សិទ្ធិជាកម្មសិទ្ធិ (សិទ្ធិជាម្ចាស់ទាំងស្រុង) ជូនទៅអ្នកឧកញ៉ា ឃុន សៀ។

តាមរយៈអនុក្រឹត្យលេខ ០២ អនក្រ.បក ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន ននាយករដ្ឋមន្ត្រីបានសម្រេចកាត់ឆ្វៀលដីទំហំ ៩៣ហិកតា ៦៣អា ចេញពីតំបន់ប្រើប្រាស់ដោយចីរភាពនៃឧទ្យានជាតិព្រះសីហនុ «រាម» កំំណត់ដោយអនុក្រឹត្យលេខ៧០អនក្រ.បក ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៨ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ផ្តល់សិទ្ធិជាកម្មសិទ្ធិជូនអ្នកឧកញ៉ា ឃុន សៀ។




ចំពោះមូលហេតុដែលធ្វើឱ្យរាជរដ្ឋាភិបាល កាត់ដីជិត ១០០ហិកតាខាងលើ ជូនអ្នកឧកញ៉ា ឃុន សៀ គឺនៅពុំទាន់ដឹងនៅឡើយនោះទេ។ អ្នកឧកញ៉ា ឃុន សៀ នាយកក្រុមហ៊ុន TP Moral Group (TPMG) ជាឈ្មួញរកស៊ីអភិវឌ្ឍដីធ្លីយ៉ាងសកម្មម្នាក់នៅកម្ពុជា ហើយលោកទទួលបានការតែងតាំងគោរមងារជា «ឧកញ៉ា» ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤០៦/១៦៣ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០០៦ និងក្រោយមកទៀតក៏ទទួលបានគោរមងារថ្មីជា «អ្នកឧកញ៉ា» ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤០៨/៤៤៥ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៨៕

