សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក Antony J. Blinken រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក បានជួបពិភាក្សាការងារពាក់ព័ន្ធទំនាក់ទំនងកម្ពុជា-អាមេរិក និងបញ្ហាពាក់ព័ន្ធ នៅវិមានសន្តិភាព នារសៀលថ្ងៃទី០៤ ខែសីហានេះ។
ក្នុងជំនួបនោះ លោក Antony Blinken បានថ្លែងអំណរគុណកម្ពុជា ចំពោះភាពដឹកនាំជាប្រធានអាស៊ាន ការផ្ដល់ដីឱ្យសហរដ្ឋអាមេរិក សង់ស្ថានទូត ការធ្វើដំណើរទៅប្រជុំដោយជោគជ័យនៅទីក្រុងវ៉ាសីនតោន ការអនុញ្ញាតឱ្យកប៉ាល់ Westerdam ចូលចត ដែលនៅក្នុងនោះមានជនជាតិអាមេរិកចំនួន ៦០០នាក់ ការបោះឆ្នោតគាំទ្រសេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ លើបញ្ហារុស្ស៊ីឈ្លានពានអ៊ុយក្រែន ការរុករកអធិធាតុទាហានអាមេរិកបាត់ខ្លួនក្នុងសម័យសង្គ្រាម TOWMIA និងកិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក្នុងការស្វែងរកដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។
ទន្ទឹមនឹងនោះ លោក Blinken បានជម្រាបសម្ដេចតេជោថា ទិសដៅរបស់សហរដ្ឋអាមេរិក គឺមានទំនាក់ទំនងជាវិជ្ជមានជាមួយកម្ពុជា ឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ដូចជា៖ ទីផ្សារនាំចេញ និងជំនួយសម្រាប់ការអភិវឌ្ឍ។ល។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការរីករាយជាមួយលទ្ធផលនៃជំនួបកំពូលអាស៊ាន-អាមេរិក កាលពីខែឧសភា ឆ្នាំ២០២២ និងជំនួបជាមួយសមាជិកព្រឹទ្ធសភា និងធុរជនអាមេរិកកន្លងទៅ នៅរដ្ឋធានីវ៉ាស៊ីនតោន។
សម្ដេចតេជោមានប្រសាសន៍ថា ការអនុញ្ញាតឱ្យកប៉ាល់ Westerdam ចូលចតនោះ ជាការងារមនុស្សធម៌។ ចំពោះករណីបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ លើបញ្ហារុស្ស៊ីឈ្លានពានអ៊ុយក្រែននោះ សម្តេចបានឲ្យដឹងថា ជាគោលការណ៍ដែលកម្ពុជា ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ និងបទដ្ឋានដែលទទួលស្គាល់ពាក់ព័ន្ធនឹងការគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាពរបស់ប្រទេសសមាជិកទាំងអស់។ ហើយកម្ពុជា អំពាវនាវឱ្យមានបទឈប់បាញ់គ្នា ចរចាដោយសន្តិវិធី និងការអត់ធ្មត់ជាទីបំផុត ។
ជាមួយគ្នានោះដែរ សម្តេចនាយករដ្ឋមន្ត្រី បានស្នើឱ្យមានការពិនិត្យឡើងវិញ អំពីការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ដែលទណ្ឌកម្មនេះ មិនប៉ះពាល់ត្រឹមតែរុស្ស៊ីនោះទេ ប៉ុន្តែប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកក្នុងនោះ រួមទាំងកម្ពុជាផងដែរ៕