ស្លឹកខុនមារជាប្រភេទរុក្ខជាតិម្យ៉ាងដែលដុះនៅក្នុងព្រៃ លើភ្នំ ជាពិសេសនៅភ្នំគូលែន នៃខេត្តសៀមរាប។
លោក គ្រួច លី ជាអ្នកសម្របសម្រួលផលិតផលសមាគមន៍នៅឃុំខ្នងភ្នំបានឲ្យដឹងថា សព្វថ្ងៃប្រមាណមានពលរដ្ឋជាង ១៥ គ្រួសារកំពុងប្រកបរបរដេរស្លឹកខុនមារកែច្នៃធ្វើជា ដំបូល ជញ្ជាំង និងពិដានផ្ទះជាដើម ដែលជាការធ្វើលក្ខណៈសហគមន៍។
លោកបន្តថា បច្ចុប្បន្នសមាគមន៍ស្លឹកឃុនមារមិនទាន់មានទីតាំងណាមួយ ដែលជាកន្លែងសិប្បកម្មសមាគមន៍នៅឡើយទេ គឺនៅធ្វើនៅផ្ទះរៀងខ្លួនៗទៅតាមដែលអតិថិជនកម្មង់។
ឃុនមារជាស្លឹករុក្ខជាតិរង្វិលជុំដែលក្នុងមួយខែទៅមួយខែប្រជាពលរដ្ឋប្រមូលផលជាបន្តបន្ទាប់ឥតដាច់។ វាជាប្រភេទរុក្ខជាតិដែលធន់នឹងទឹកភ្លៀង បើប្រៀបជាមួយស្បូវគឺប្រើបានយូរជាងចន្លោះ ៣ ទៅ ៤ ឆ្នាំ(ប្រក់ជម្រាល) ចំពោះធ្វើពិដានប្រើបានចន្លោះ ៥ ទៅ ៦ ឆ្នាំ រីឯ សម្រស់ក៏ស្រស់ស្អាតមិនចាញ់ស្បូវដែរ ពិសេសគឺមិនងាយឆាបភ្លើងដូចស្បូវ។
អ្នកសម្របសម្រួលផលិតផលសហគមន៍រូបនេះក៏បានលើកឡើងពីចក្ខុវិស័យ ក៏ដូចជាគោលបំណងនៃការបង្កើតសហគមន៍កែច្នៃស្លឹកខុនមារនេះឡើង ដោយសារការមើលឃើញថា ស្លឹកខុនមារជាប្រភេទស្លឹកម៉្យាងដែលល្អ ហើយប្រជាជននៅលើខ្នងភ្នំភាគច្រើនមានជីវភាពខ្វះខាត លោកក៏បានជួយខិតខំស្វែងរកទីផ្សារបន្ថែម។ អ្វីដែលសំខាន់គឺចង់ឲ្យពួកគាត់បញ្ឈប់ការកាប់គាស់ ឆ្ការ ដីដាំស្វាយចន្ទី ហើយងាកបែរមកអាស្រ័យផលស្លឹកខុនមារវិញ ព្រោះមុខរបរនេះជារបររង្វិលជុំ ។
ចំពោះបញ្ហាប្រឈមក៏មានការចោទខ្លះដែរដោយទី ១ ប្រជាជនមិនសូវរក្សាតម្លៃជាគោលពោលគឺអតិថិជនណាឲ្យថ្លៃរីករាយនឹងលក់ចេញ។ ប៉ុន្តែ លោកក៏សង្កត់ធ្ងន់ថា «បើប្រជាជនដែលនៅរក្សាតម្លៃថេរគឺលោកមានការងារឲ្យធ្វើជានិរន្តរ» ។
លោក បានបញ្ជាក់ថា ចំពោះតម្លៃជាមធ្យមមានចន្លោះចាប់ពី ១៥០០០ រៀល ទៅ ២០០០០ រៀល។ ក្នុងមួយខែ អាចលក់បាន ៣០០ ទៅ ៤០០ ដុំ បើគិតជាម៉ែត្រប្រមាណជិត ៥០០ ម៉ែត្រ។
លោក គ្រួច លី ក៏បានសំណូមពរដល់បងប្អូនខ្មែរជួយលើកកម្ពស់ផលិតផលមូលដ្ឋានឬផលិតផលសហគមន៍ពិសេសជួយគាំទ្រផលិតផលលើដងភ្នំគូលែនឲ្យដូចពាក្យដែលថា «ខ្មែរ ជួយ ខ្មែរ» ៕