គម្រោងអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម លំដាប់ពិភពលោក Royal One ដែលជាអគារភ្លោះកំពស់ ៦៨ជាន់ របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់មហាសេដ្ឋីល្បីឈ្មោះ និងមានឥទ្ធិពលខ្លាំងមួយរូបក្នុងចំណោមមហាសេដ្ឋីគ្រាក់ៗ ខ្លាំងៗរាប់រយនាក់នៅក្នុងប្រទេសកម្ពុជាអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល បានចាប់ផ្តើមបើកការដ្ឋានសាង់សាង់ជាផ្លូវការ កាលពីចុងឆ្នាំ២០១៩។
យោងតាមប្រភពជិតស្និទ្ធបានឱ្យដឹងថា អគារដែលមានឈ្មោះថា «Royal One» នេះ គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ជាមួយអ្នកវិនិយោគមកពីតៃវ៉ាន់ ដែលមានកម្ពស់ ៦២ជាន់ ស្មើនឹង ២៣០ម៉ែត្រ ដោយត្រូវសាងសង់ឡើងលើផ្ទៃដីទំហំ ៤.០៣៦ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅលើមហាវិថីសហព័ន្ធរុស្ស៊ី និងមហាវិថីមន្នីវង្ស។ គម្រោងនេះដឹកនាំដោយផ្ទាល់ពីបងប្រុសអ្នកឧកញ៉ា គិត ម៉េង គឺអ្នកឧកញ៉ា គិត ធៀង។
មជ្ឈមណ្ឌលពាណិជ្ជកម្ម Royal One ស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម និងប្រជុំដោយអគារខ្ពស់ៗដូចជា អគារកាណាឌីយ៉ា អគារវឌ្ឍនៈថៅវើរ រួមទាំងអគារ Exchange Square ជាដើម។
បើតាមគម្រោង Royal One នឹងមានសេវាកម្មចម្រុះដូចជា ខុនដូ ផ្សារទំនើប សណ្ឋាគារ ក្លឹបកំសាន្ត ក្លឹបហាត់ប្រាណ ភោជនីយដ្ឋាន និងមជ្ឍមណ្ឌលកំសាន្តផ្សេងៗជាដើម។
យ៉ាងណា គិតមកត្រឹមឆ្នាំ២០២២នេះ គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងជាការិយាល័យកណ្តាលរបស់ក្រុមហ៊ុន រ៉ូយាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង ទំនងបាននិងកំពុងឈានទៅរកសភាពជាប់គាំង។
សារព័ត៌មានឧកញ៉ាញូស៍បានព្យាយាមទាក់ទងទៅក្រុមហ៊ុន រ៉ូយាល់ គ្រុប ជុំបញ្ហាការអភិវឌ្ឍគម្រោងដ៏ធំខ្ពស់កប់ពពកនេះ ប៉ុន្តែមិនមានមិនទាន់ការឆ្លើយតប៕