រដ្ឋសម្រេចលើកលែងការស្នើសុំចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់ជាសហគ្រាស ធុនតូច និងមធ្យម

អាជីវកម្ម

ក្រសួងទេសចរណ៍ បានសម្រេចលើកលែងកាតព្វកិច្ចស្នើសុំចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ជាប្រភេទសហគ្រាសធុនតូច និងមធ្យម ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមសេចក្តីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ ស្ដីពីការកែសម្រួលលក្ខខណ្ឌកាតព្វកិច្ចស្នើសុំចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ក្នុងគោលបំណងជំរុញដល់ការបើកដំណើរការអាជីវកម្មជាប្រភេទសហគ្រាសធុនតូច និងមធ្យម ក្នុងដំណាក់កាលងើបឡើងវិញពីវិបត្តិជំងឺ កូវីដ-១៩ គណៈកម្មការរៀបចំនិងវាយតម្លៃចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ (គ.រ.ច.) សម្រេចលើកលែងកាតព្វកិច្ចស្នើសុំចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ចំពោះរាល់អាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ជាប្រភេទសហគ្រាសធុនតូច និងមធ្យម (ជាប់ពន្ធតូច និងពន្ធមធ្យម) ។

ដោយឡែក ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ជាសហគ្រាសធុនធំ (ជាប់ពន្ធធំ) នៅតែបន្តជាប់កាតព្វកិច្ចស្នើសុំចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ និងត្រូវរួសរាន់ដាក់ពាក្យស្នើសុំចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍នៅលេខាធិការដ្ឋានគណៈកម្មការរៀបចំ និងវាយតម្លៃចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ដែលមានទីតាំងនៅទីស្តីការក្រសួងទេសចរណ៍ ឬនៅតាមមន្ទីរទេសចរណ៍រាជធានី-ខេត្ត ជៀសវាងរងការពិន័យអន្តរការណ៍ជាប្រាក់ស្របតាមស្មារតីប្រកាសអន្តរក្រសួងលេខ ១៦០ សហវ.ប្រក ស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យជាប្រាក់ដោយក្រសួងទេសចរណ៍។

គួរបញ្ជាក់ថា ការសម្រេចលើកលែងកាតព្វកិច្ចនេះធ្វើអនុវត្តតាមសេចក្តីជូនដំណឹងលេខ ៣៦ សជណ.ហធ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការលើកស្ទួយសហគ្រានធុនតូច និងមធ្យមលើកទី២៕