រដ្ឋមន្រ្តី ៩រូប ត្រូវបានចាត់តាំងឱ្យដឹកនាំអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិេសសគំរូពហុបំណង

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តីក្រសួងគ្រាក់ៗ ៩រូប រួមទាំង ១៥រូបទៀត ជាអគ្គលេខាធិការ រដ្ឋលេខាធិការ មន្រ្តីរដ្ឋាភិបាល និងអភិបាលខេត្ត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងដឹកនាំគណៈកម្មធិការបច្ចេកទេសអន្តរក្រសួងដើម្បីរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីនៅខេត្តព្រះសីហនុ ដើម្បីជំរុញឱ្យខេត្តនេះក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ នេះបើយោងតាមអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១ ចំនួន ៥ទំព័រ ចុះហេត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈកម្មាធិការនេះមានសមាសភាពសរុបចំនួន ២៥រូប ដែលមានឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន និងអនុប្រធាន ២រូប គឺទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន, ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវតន៍ និងមានរដ្ឋមន្រ្តី ៦រូបទៀតជាសមាជិក គឺលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន, លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។

គណៈកម្មការនេះ ត្រូវប្រើប្រាស់កញ្ចប់ថវិការបស់គណៈកម្មការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិដែលជាឧបសម្ព័ន្ធនៃថវិការបស់ក្រសួងរៀបចំដែននគរូបនីយកម្ម និងសំណង់។

កាលពី​ថ្ងៃទី​ ១៧ តុលា រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​សម្រេច​ជ្រើសរើស​វិទ្យាស្ថាន​នគរូបនីយកម្ម និង​ឌីហ្សាញ​ស៊ិនជិន​ (UPDIS) ​របស់​ប្រទេស​ចិន ​ដើម្បី​រៀបចំ​ផែនការមេ​សម្រាប់​អភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ទៅជា​ «​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​» ​ដែល​ជា​មជ្ឈមណ្ឌល​នវានុវត្តន៍​ថ្មី និង​ជា​មជ្ឈមណ្ឌល​ឡូជីស្ទិក និង​រមណីយដ្ឋាន​ក្នុង​តំបន់​។

ផែនការ​មេនេះ​អាច​ចំណាយពេល​សិក្សា​ ១៨ ​ខែ គឺជា​ផែនទី​បង្ហាញផ្លូវ​ដ៏សំខាន់​សម្រាប់​អភិវឌ្ឍ​ក្រុង​ព្រះសីហនុ​ទៅជា​ «​ទីក្រុង Shenzhen ទី ​២» ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ឆ្នាំ​ ២០១៥-២០២៥​។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ខែតុលា និយាយថា កម្ពុជា​បានកំណត់​ចក្ខុវិស័យ​ក្នុង​ការប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង និង​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏សំខាន់​សម្រាប់​ទាក់ទាញ និង​ស្រូបយក​ការវិនិយោគ​ពី​បរទេស​ដែល​អាច​ក្លាយជា​ «​ក្បាលម៉ាស៊ីន​ស្នូល​» ​ថ្មី​មួយ​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​៕