ក្រសួងរ៉ែ និងថាមពលកម្ពុជា ចាត់ទុកប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យថាមពលរបស់កម្ពុជា ដោយបានទទួលខុសត្រូវចំពោះថាមពល ៧៣% នៃថាមពលសរុបដែលផលិតក្នុងស្រុក។

បើតាមក្រសួងរ៉ែ និងថាមពល វិស័យថាមពល គឺជាវិស័យដ៏សំខាន់បំផុតមួយសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា ថែមទាំងមានទំនួលខុសត្រូវក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច គាំទ្រដល់ការអភិវឌ្ឍន៍វិស័យផ្សេងៗ និងទំនើបកម្មតំបន់ជនបទផងដែរ។
ក្រសួងរ៉ែបន្តថា មានប្រភពថាមពលចម្រុះសំខាន់ៗចំនួន៣ ដែលកំពុងដំណើរការក្នុងប្រទេសកម្ពុជា រួមមាន រោងចក្រវារីអគ្គិសនីវិនិយោគដោយចិនចំនួន៧ ដែលមានសមត្ថភាពដំឡើងសរុប ១,៣២៨ មេហ្គាវ៉ាត់ រោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្មចំនួន៣ ដែលមានកម្លាំងសរុប ៥១៥ មេហ្គាវ៉ាត់ និងរោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យ។
ជាមួយគ្នានេះ គម្រោងវិនិយោគរបស់ចិន ដូចជារោងចក្រវារីអគ្គិសនី និងរោងចក្រថាមពលដើរដោយធ្យូងថ្ម ទទួលខុសត្រូវចំពោះថាមពល៧៣% នៃថាមពលសរុបដែលផលិតក្នុងស្រុក។

គួរបញ្ជាក់ដែរថា គិតមកដល់ពេលនេះ ៨៣ ភាគរយ ឬ ១១,៧៥៩ ភូមិនៅកម្ពុជាមានអគ្គិសនីគ្របដណ្ដប់ ខណៈជាង ២,៣៦ លានគ្រួសារ ឬ ៧០ ភាគរយនៃចំនួន ៣.៣៨ លានគ្រួសារក្នុងប្រទេសកម្ពុជា មានអគ្គិសនីប្រើប្រាស់ពីបណ្តាញជាតិផងដែរ។
ទន្ទឹមគ្នានេះ នៅពេលអនាគត រដ្ឋគ្រោងនឹងបន្តការសាងសង់ខ្សែបញ្ជូនបន្ត ដើម្បីគ្របដណ្តប់ទូទាំង២៥ ខេត្តក្រុងក្នុងប្រទេសកម្ពុជា រួមទាំងការសាងសង់ខ្សែសង្វាក់រង្វង់ (ring-looped lines) ដើម្បីធានាស្ថិរភាព និងគុណភាពនៃការផ្គត់ផ្គង់អគ្គិសនី។ នេះបើតាមការបញ្ជាក់បន្ថែមពីរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម៕