មោទកភាព​របស់​ទឹក​ដីតោ​ធំ! ឯកឧត្តម គួច ចំរើន ក្រើន​រំលឹក​មេ​ឃុំ ចៅ​សង្កាត់​ឲ្យ​​កែ​ខ្លួន ត្រៀម​បម្រើ​រាស្ត្រ

សង្គម​និង​សេដ្ឋកិច្ច
104 Shares

ចាប់​តាំង​ពី​បាន​ឈាន​មក​ធ្វើ​ជា​អភិបាល នៃ​គណៈអភិបាល​ខេត្ត​ព្រះសីហនុ​មក ឯកឧត្តម គួច ចំរើន បាន​សម្រេច​សមិទ្ធផល​ដុំ​កំភួន​ជា​ច្រើន ដោយ​បាន​រៀប​ចំ​តំបន់​ឆ្នេរ​ឲ្យ​មាន​របៀបរៀបរយ និង​បើក​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ក្រាល​កន្ទេល បោះតង់​ដោយ​សេរី​នោះ នៅ​១ម៉ោង​មុន​​នេះ ឯកឧត្តម បាន​ផ្ញើ​សារ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​រៀប​ចំ​កែ​លម្អ​ខ្លួន​ត្រៀម​ខ្លួន​បម្រើ​រាស្ត្រ​ថែម​ទៀត។

“មេឃុំ​ ចៅសង្កាត់ ត្រូវចេះកែលម្អខ្លួនរបស់យើង ដើម្បីទទួលយកការសរសើរ និងការគាំទ្រ​ គឺស្មើ​នឹងការទទួលបានសន្លឹកឆ្នោត”។ប្រសាសន៍របស់ ឯកឧត្តម គួច ចំរើន ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ដំណើរ​ការ រចនាសម្ព័ន្ធថ្មី រដ្ឋបាលក្រុងព្រះសីហនុ ។

ឯកឧត្តម បានក្រើនរំលឹកដល់ មេឃុំ​ ចៅសង្កាត់ ត្រូវខិតខំក្នុងការបម្រើ និងផ្ដល់សេវាសាធារណៈ ដល់ប្រជាពលរដ្ឋ អោយបានលឿន ធ្វើអោយត្រូវ និងមានតម្លាភាព ។ ឯកឧត្តម បាន​បញ្ជាក់​ថា នៅពេល​ណា​ដែល​ធ្វើ​ការ​ល្អ ផ្ដល់សេវាជូនប្រជាពលរដ្ឋ បានលឿន ត្រឹមត្រូវ និងមានតម្លាភាព ហើយ ប្រជាពលរដ្ឋប្រាកដជាគោរពស្រឡាញ់ និងគាំទ្រជាក់ជាមិនខាន។

នេះ​ជា​សកម្មភាព​វិជ្ជមាន​មួយ​ទៀត បន្ទាប់​ពី​ព្រឹក​មិញ ឯកឧត្តម គូស​បញ្ជាក់​ពី​ការ​អនុញ្ញាត​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ទៅ​កម្សាន្ត​នៅ​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ អាច​ក្រាល​កន្ទេល បោះតង់​សម្រាក ដោយ​សេរី និង​មិន​គិត​ថ្លៃ​សេវា​ឡើយ ហើយ​នឹង​មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណា​ម្នាក់​វាត​ទី​តំបន់​ឆ្នេរ​ធ្វើ​ជា​កម្មសិទ្ធិ​ឡើយ។

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​ទំព័រ “ប្រតិកម្ម​រហ័ស​ខេត្ត​ព្រះសីហនុ” ដដែល បាន​ឲ្យ​ដឹង​ទៀត​ថា ជំនួស​ឲ្យ​ការ​ក្រាល​កន្ទេល បោះតង់​សម្រាក​កម្សាន្ត​មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​នោះ គណៈអភិបាល​ខេត្ត​ព្រះសីហនុ គ្រាន់​តែ​សំណូម​ពរ​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​វេចខ្ចប់​កាក​សំណល់​ផ្សេង​ៗ​ដោយ​ខ្លួន​ឯង និង​ទុក​ដាក់​ឲ្យ​បាន​ត្រឹម​ត្រូវប៉ុណ្ណោះ៕

មោទកភាព​របស់​ទឹក​ដីតោ​ធំ! ឯកឧត្តម គួច ចំរើន ក្រើន​រំលឹក​មេ​ឃុំ ចៅ​សង្កាត់​ឲ្យ​​កែ​ខ្លួន ត្រៀម​បម្រើ​រាស្ត្រ
104 Shares