អ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន LYP Group ជាមហាសេដ្ឋីលំដាប់កំពូលមួយរូបនៅកម្ពុជា ដែលក្ដោបក្ដាប់អាណាចក្រជំនួញធំៗជាពហុវិស័យ នៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃនេះ ឧកញ៉ា ញូស៍ សូមបង្ហាញជូនអាជីវកម្មធំៗចំនួន ១៣ របស់អ្នកឧកញ៉ា លី យ៉ុងផាត់ សម្រាប់តែនៅក្នុងរាជធានីភ្នំពេញ មានដូចខាងក្រោម៖
១. សណ្ឋាគារភ្នំពេញ៖ បើកដំណើរការកាលឆ្នាំ២០០៣ មានទីតាំងនៅកណ្តាលរាជធានីភ្នំពេញ លើដីឡូត៍លេខ៥៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ។
២. សណ្ឋាគារ Garden City៖ បើកដំណើរការ កាលខែតុលា ឆ្នាំ២០១៥ ដោយចំណាយការវិនិយោគក្នុងទំហំទឹកប្រាក់ ៨០លានដុល្លារ។ ទីតាំងនៅផ្លូវ លីយ៉ុងផាត់ សង្កាត់ព្រែកតាសេក ខណ្ឌឫស្សីកែវ។
៣. ទីលានវាយកូនគោល Garden City Golf Club)៖ បង្កើតឡើងកាលខែមេសា ឆ្នាំ២០១៣ ក្នុងទំហំទឹកប្រាក់វិនិយោគ ២០លានដុល្លារ។
៤. ក្រុមហ៊ុនអចលនទ្រព្យ Phnom Penh Garden City Real Estate៖ ជាគម្រោងវិស័យអចលនទ្រព្យដ៏ធំលើផ្ទៃដី ២០០០ហិកតា ជាតំបន់អភិវឌ្ឍលំនៅឋាន ដែលរួមបញ្ចូលទាំងអាជីវកម្ម ការកម្សាន្ត និងកែលំហែកាយ។
៥. សួនសត្វភ្នំពេញសាហ្វារី៖ ជាសួនសត្វដែលបានផ្តល់នូវទីជម្រកដល់សត្វក្នុងស្រុក ក៏ដូចជាសត្វព្រៃជាច្រើនប្រភេទ ជាមួយកន្លែងរស់នៅធំទូលាយបែបធម្មជាតិ និងផ្តល់ចំណីអាហារយ៉ាងសំបូរបែប។ សួនសត្វនេះ បង្កើតឡើងឆ្នាំ២០១៨ ចំណាយទុនជាង ១០លានដុល្លារ និងមានទីតាំងនៅផ្លូវលីយ៉ុងផាត់ និងមានចម្ងាយប្រមាណ ២១គីឡូម៉ែត្រពីវត្តភ្នំ។
៦. ទីក្រុងពោងពាយ (Pong Peay City)៖ ទីតាំងនៅម្តុំផ្សារទំនើប AEON II និងព្រីមៀរ សែនសុខ។
៧. ក្រុមហ៊ុនអគ្គីសនី Cambodia Electricity Private Co., Ltd៖ មានសមត្ថភាពអាចផលិតថាមពលអគ្គីសនីបាន ៤៥ មេហ្គាវ៉ាត់ ដែលអាចផ្គត់ផ្គង់ដល់ប្រជាជននៅរាជធានីភ្នំពេញ បានរាប់លាននាក់។
៨. ផ្លូវនិងស្ពានព្រែកព្នៅ៖ ផ្លូវលីយ៉ុងផាត់ និងស្ពានព្រែកព្នៅ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន LYP Group ហើយអ្នកឆ្លងកាត់ផ្លូវត្រូវបង់ប្រាក់ជូនក្រុមហ៊ុន ប៉ុន្តែចាប់ពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៧ មក ក្រុមហ៊ុនបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញវិញ ដើម្បីទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋឆ្លងកាត់ ដោយឥតគិតថ្លៃ។
៩. ក្រុមហ៊ុន Hero King Co., Ltd៖ ជាក្រុមហ៊ុនចែកចាយផលិតផលជាច្រើនដូចជា បារី ភេសជ្ជៈប៉ូវកម្លាំងគោជល់ ស្រា Johnnie Walker ជាដើម។
១០. ស្ថានីយទូរទស្សន៍ PNN៖ ជាស្ថានីយទូរទស្សន៍ដ៏ទំនើបបំផុតមួយនៅកម្ពុជា ដែលបានវិនិយោគទំហំទឹកប្រាក់ ២០លានដុល្លារ បំពាក់មកជាមួយសម្ភារៈទំនើបៗ ហើយបានប្រកាសបើកដំណើរការ កាលឆ្នាំ២០១៥។
១១. ផ្សារទំនើបម៉ាក្រូ៖ ឆ្នាំ២០១៧ អ្នកឧកញ៉ា លី យ៉ុងផាត់ ចាប់ដៃគូជាមួយនឹងវិនិយោគិនថៃ ដោយបានបោះទុនវិនិយោគរាប់លានដុល្លារ បើកដំណើរការផ្សារលក់ទំនិញបោះដុំ យីហោពីប្រទេសថៃ គឺផ្សារ ម៉ាក្រូ ដែលជិតហ្នឹងផ្សារទំនើប AEON II។
១២. ឌឹ ព្រីមៀរ សែនសុខ សេនធ័រ៖ ជាមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ សន្និបាត និងពិព័រណ៍ដ៏ធំប្រណីតមួយ បង្កើតឡើងឆ្នាំ២០១៨ ចំណាយទុនវិនិយោគសាងសង់អស់ទឹកប្រាក់ជាង ១០លានដុល្លារ។
១៣. ផ្សារទំនើបលក់សម្ភារសំណង់ និងលំនៅដ្ឋាន Global House៖ នៅឆ្នាំ២០១៨ អ្នកឧកញ៉ា លី យ៉ុងផាត់ សហការវិនិយោគរួមគ្នា ជាមួយនឹងវិនិយោគិនថៃ បោះទុនជាង ១០លានដុល្លារអាមេរិក បើកឲ្យដំណើរការនូវផ្សារទំនើបលក់គ្រឿងសំណង់ និងសម្ភារលំនៅដ្ឋាន Global House ដ៏ធំជាងគេនៅកម្ពុជា។
គួរបញ្ជាក់ថា អ្នកឧកញ៉ា លី យ៉ុង ផាត់ រហស្សនាម “ស្តេចកោះកុង” មានទំនាក់ទំនងល្អជាមួយអ្នកជំនួញ និងមន្រ្តីជាច្រើនក្នុងប្រទេសថៃ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកឧកញ៉ាកំពុងបង្វែរទៅគៀងគរក្រុមវិនិយោគិនចិន និងលោកខាងលិចវិញម្តង។ ជាក់ស្តែង អ្នកឧកញ៉ា លី យ៉ុងផាត់ ក៏បាននិងកំពុងសាងសង់គម្រោងទីក្រុងមិត្តភាពកម្ពុជា-ចិន ក្នុងទឹកដីអភិវឌ្ឍន៍ទីក្រុងរណប ហ្គាឌិន ស៊ីតធី ហើយត្រូវបានរំពឹងថា គ្រោងចំណាយទុនជាង ១.៥០០ លានដុល្លារអាមេរិក ដែលវិនិយោគរួមគ្នា រវាងក្រុមហ៊ុន LYP Group ជាមួយនឹងក្រុមហ៊ុនចិន ផងដែរ៕