ក្រុមហ៊ុន​ជប៉ុន​ចំនួន​៣ គ្រោង​វិនិ​​យោ​​គ​​​ផ្នែក​ប្រមូល​​សំរាម​នៅ​ក​ម្ពុជា

ទាន់​ហេតុការណ៍
14 Shares

ភ្នំពេញ៖ អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា មិកាមិ ម៉ាសាហ៊ីរ៉ូ   (MIKAMI Masahiro )  ​បានជម្រាបសម្តេច ហ៊ុន សែន ថា ក្រុមហ៊ុនជប៉ុនចំនួន៣ កំពុងចាប់អារម្មណ៍​វិនិយោគផ្នែកប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ។ ការលើកឡើងនេះ នៅក្នុងជួប​ជាមួយសម្តេច ហ៊ុន សែន នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១២កុម្ភ:នេះ។

បើតាមលោក មីកាមី ម៉ាសាហ៊ីរ៉ូ ក្រុមហ៊ុនជប៉ុនទាំង ៣ ដែលចាប់ចង់វិនិយោគផ្នែក​សំរាមនោះ នឹងចូលរួមចំណែកដេញថ្លៃក្នុងការប្រមូលសំរាមនៅកម្ពុជា។

ជាការឆ្លើយតប ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា នៅពេលនេះ សាលារាជធា​នីភ្នំពេញនិងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ កំពុងតែដាក់ការប្រមូល​សំរាមនេះស្ថិត​នៅក្នុង​អន្តរកាល ព្រោះថាក្រុមហ៊ុនចាស់ពុំអាចទទួលការងារនេះបានទៀតទេ ដោយសា​រភ្នំពេញមានការរីកធំ ពីប្រមាណ៣០០គីឡូម៉ែត្រការ៉េ ទៅ ៦០០គីឡូ​ម៉ែត្រការ៉េ ។ បើតាម​សម្តេច នៅពេលដ៏ខ្លីខាងមុខនេះ ស្ថាប័នទាំងពីរគឺ សាលារាជ​ធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងដាក់ឲ្យដេញថ្លៃ ,ដូច្នេះក្រុមហ៊ុនជប៉ុន ដែលមាន​ចំណាប់អារម្មណ៍ គប្បីចូលដេញថ្លៃ ដើម្បីជួយដល់ ការប្រមូលសំរាមនេះ។

ជាមួយគ្នាឯកអគ្គរដ្ឋទូតជប៉ុន ក៏ប្រាប់នាយករដ្ឋមន្រ្កីកម្ពុជាថា​ ជប៉ុននឹងបន្តជួយដល់​កម្ពុជាលើវិស័យដោះមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយជប៉ុនក៏កំពុង  ពិចារណារៀបចំ ដើម្បីធ្វើយ៉ាងណាជួយដល់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំអាស៊ីអឺរ៉ុបនៅក្នុងឆ្នាំនេះនិងកិច្ចប្រជុំអាស៊ាននៅឆ្នាំ ២០២២ខាងមុខ។ ជប៉ុនក៏ កំពុងពិចារណាផ្ដល់ថវិកា​ជួយដល់កម្ពុជា​ក្នុងការទិញរថយន្តនិងសម្ភារសម្រាប់ការប្រើប្រាស់ក្នុងការរៀបចំកិច្ចប្រជុំអាស៊ានក្នុងឆ្នាំ២០២២ខាងមុខដែរ៕

14 Shares