ជំនួបឈុតធំ! ម្ចាស់ក្រុមហ៊ុនអាជីវកម្មជាង១៧០០ នឹង​ចូលរួម​ក្នុងមហា​​សន្និបាត BNI ប្រចាំឆ្នាំ ២០២២

អាជីវកម្ម

BNI កម្ពុជា ដែលជា​សមាជិក​របស់ BNI សកលលោក ហើយ​ជា​​បណ្ដាញទំនាក់ទំនងអាជីវកម្មធំជាងគេ​បំផុត​នៅ​ក្នុង​ប្រទេសផងនោះ ​នឹង​រៀប​ចំ​មហាសន្និបាត​ប្រចាំឆ្នាំ ២០២២ របស់ខ្លួន នៅ​ថ្ងៃទី ២៦ និង ២៧ ​ខែ​សីហានេះ ដោយរំពឹងថា នឹងមានអាជីវកម្ម​ក្នុង​ស្រុក​ចំនួនប្រមាណ ១៧០០ អាជីវកម្មចូលរួម ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មហាសន្និបាទ​ BNI ប្រចាំឆ្នាំ ២០២២  គឺជាមហាសន្និបាត​ប្រចំាឆ្នាំ របស់ក្រុមអ្នកជំនួញធំជាងគេបំផុត​នៅ​កម្ពុជា​ក្នុងឆ្នាំនេះ​ ដែលគ្រោង​នឹងប្រព្រឹត្តទៅ​នៅ​ ឌឹ ព្រីមៀ​ សែនសុខ រាជធានីភ្នំពេញ ។

មហាសន្និបាទ​ប្រចាំឆ្នាំ​របស់ក្រុមអ្នកជំនួញនេះ នឹងមានការចូលរួមពីសំណាក់​វាគ្មិន​​ក្នុង​ស្រុក និងក្រៅស្រុកជាង ១០ រូប​ ក្នុងនោះរួមមាន លោក Jonathon Chua ដែលជានាយក BNI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក  លោក Chin Kang Wei ជា​អ្នកសម្រប​សម្រួល​ច្បាប់ស្រូបទាញ​ និង​លោក Mike Savage ស្ថាបនិក និងជាអគ្គនាយក​ក្រុមហ៊ុន Savage Secrets ។

លោក ឡុក ស្មីតសាមឌី ជាស្ថាបនិក និងជា​ប្រធាន BNI  ប្រចាំនៅ​កម្ពុជា មានប្រសាសន៍ថា៖ “សន្និបាត BNI ប្រចាំឆ្នាំ ២០២២ នេះត្រូវបានរៀបចំឡើងវិញក្រោយខកខាន​រយៈពេល ២ ឆ្នាំ ដោយសារ​តែវិបត្តិសកល ។ សន្និបាតលើកនេះ នឹង​ផ្ដល់ជាឱកាសសម្រាប់ម្ចាស់ជំនួញ និងអាជីវកម្មនានា បានមកជួបជុំគ្នា​សាឡើងវិញ ក៏ដូចជា​ រិះរក​វិធី ដើម្បី​ជំរុញ​កំណើ​នអាជីវកម្មរបស់ខ្លួន ក្រោយរង​ព្យុះភ្លៀង​ដោយសារ​វិបត្តិសកល” ។

លោក​ បានពន្យល់បន្ថែមថា ការចូលរួមជា​សមាជិករបស់ BNI កម្ពុជា មានន័យថា សមាជិក​នឹង​មានឱកាស​ក្នុងការ​កសាង​បណ្ដាញបន្ថែមទៀត​ជាមួយនឹង​សមាជិកដែលមានស្រាប់ ក៏ដូចជាអាជីវកម្ម​នានា ដែលធ្វើឱ្យពួកគាត់​អាច​ទទួលបាន​នូវ​​គម្រោងថ្មីៗ ឬអតិថិជនថ្មីៗ ពីកម្មវិធីនេះបាន បន្ថែម​លើ​ការ​ទទួលបាននូវ​ចំណេះដឹង​ដែលអាចយកទៅប្រើប្រាស់ក្នុងការពង្រឹង​ និងពង្រីកអាជីវកម្មរបស់ខ្លួន ។

ប្រធាន BNI  ប្រចាំនៅ​កម្ពុជា ដដែលរូបនេះ ក៏បានសង្កត់ធ្ងន់ទៀតថា “អត្ថប្រយោជន៍ដែលសមាជិករបស់ BNI ទទួលបាន​បន្ថែមទៀតនោះ រួមមាន ការ​ចែករំលែកចំណេះដឹង ជា​ច្រើនដូចជា ភាពជាអ្នកដឹកនាំ  ការ​គ្រប់គ្រងអាជីវកម្ម ជំនាញលក់ និងយុទ្ធសាស្ត្រធ្វើទីផ្សារ​តាមបែបទំនើប ចំនេះដឹងទាំងអស់នេះ គឺជាការ​ចែករំលែក ជួយដល់អាជីវកម្មរបស់យើង​ឲ្យ​ រីក​ចម្រើនទាំងអស់គ្នា”  ។

ទន្ទឹមនឹងនេះ កាលពីខែមករា ឆ្នាំ ២០២២ BNI កម្ពុជា​ ក៏បានចាត់តាំងក្រុមហ៊ុន Comzone Asia ធ្វើជា​ដៃគូយុទ្ធសាស្ត្រ​ ដើម្បីជួយគាំទ្រ​ និង​ជំរុញការរីកចម្រើនរបស់ BNI កម្ពុជា ឲ្យក្លាយជា​បណ្ដាញអាជីវកម្ម​ឈានមុខគេនៅកម្ពុជា ។

BNI កម្ពុជា ដែលចាប់ផ្ដើមធ្វើប្រតិបត្តិការនៅកម្ពុជា​តាំងពីឆ្នាំ ២០១៣ មកនោះ​ ក៏បានថ្លែងអំណរគុណដល់​អ្នកឧបត្ថម្ភកម្មវិធី​ ដែលបានសម្រេចចិត្ត​ចូលរួមនៅក្នុង​កម្មវិធីកសាង​បណ្ដាញអាជីវកម្មដ៏ធំបំផុត​នេះដែរ​ ។

ក្នុង​ឆ្នាំ ២០២២ សមាជិករបស់ BNI កម្ពុជា មានចំនួន​ ១៧៩៩ សមាជិកដែលបែងចេញជា ៤២ ក្រុម ។ ក្នុងឆ្នាំ ២០២​២ នេះ សមាជិក​ បានផ្ដល់នូវឱកាសអាជីវកម្ម​ឲ្យគ្នា​ទៅវិញទៅមក ចំនួនជាង ប្រមាណជាង ៩៧០០០ ឱកាស​អាជីវកម្ម ដែល​គិតជាទឹក​​ប្រាក់មានចំនួន ជាង ៧៧ លានដុល្លារ ។

ចំនួននេះ មានការកើនឡើងបើធៀប​នឹង ឆ្នាំ២០២១ ដែលពេលនោះ សមាជិករបស់ BNI កម្ពុជា បានផ្ដល់នូវឱកាសអាជីវកម្ម​ឲ្យគ្នា​ទៅវិញទៅមក ចំនួនជាង ៧ ម៉ឺនឱកាស​អាជីវកម្ម ដែល​គិតជា​ប្រាក់មានចំនួន ៥៦ លានដុល្លារ ។

សម្រាប់បណ្ដាញ BNI សកល​លោកវិញ ក្នុងឆ្នាំ ២០២២ BNI មានវត្តមាននៅក្នុង​ប្រទេសចំនួន ៧៦ មានសមាជិក​ចំនួន ជិត ៣០ ម៉ឺននាក់ និង​បានផ្ដល់នូវឱកាស​អាជីវកម្ម​ឲ្យគ្នាទៅវិញទៅមកគិតជាទឹកប្រាក់ប្រមាណ ១៩២០ លានដុល្លារ​សហរដ្ឋអាមេរិក ។

យោងតាមរបាយការណ៍ចេញផ្សាយដោយធនាគារអភិវឌ្ឍន៍អាស៊ី កាលពីខែ​មេសាកន្លងទៅនេះ ក្នុងឆ្នាំ ២០២២ នេះ​សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវបានព្យាករណ៍ថា នឹង​មានកំណើនជាង ៥% ហើយក្នុងឆ្នាំ ២០២៣ នឹង​កើនឡើងដល់ 6.5% បន្ទាប់ពីបានធ្លាក់អវិជ្ជមាន ក្នុងកម្រិត -៣,១% កាលពីឆ្នាំ ២០២០។ ការ​ងើបឡើងវិញនូវ​កំណើនសេដ្ឋកិច្ចនេះ ក៏ដោយសារ​តែរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ​នានា​ដើម្បីកាត់បន្ថយផលប៉ះពាល់​ដោយសារជំងឺកូវីដ-១៩ ហើយបានឈានដល់ការ​បើកដំណើរការ​ប្រទេស និងសកម្មភាពសេដ្ឋកិច្ចឡើងវិញកាលពីចុង​ឆ្នាំ ២០២១ ។