លោក ​ឧកញ៉ា ​គីម​ ​ហ៊ា​ង ​​ពន្យល់ ៧ ​ចំណុច ​ពាក់​ព័ន្ធនឹង​ EBA

ជុំវិញ​ឧកញ៉ា
40 Shares

ភ្នំពេញ៖ លោកឧកញ៉ា គីម ហ៊ាង ប្រធានក្រុមហ៊ុន Keller Williams Cambodia និងជាអគ្គនាយកក្រុមហ៊ុន ខ្មែររៀល អ៊ីស្ទេត បានលើកយកចំនុចសំខាន់ៗចំនួន៧ចំនុច របស់ EBA ដើម្បីពន្យល់ឲ្យសារធាណៈជនបានយល់ច្បាស់។៧ចំនុចសំខាន់ៗទាំងនោះ ត្រូវបាន លោក ឧកញ៉ា គីម ហ៊ាន បានធ្វើការបកស្រាយដូច្នេះថា៖

១. EBA = Everything but Arms = អ្វីៗគ្រប់យ៉ាងលើកលេងតែអាវុធ។ សម្រាប់ប្រ​ទេសកម្ពុជា EBA មានន័យថា យើងអាចនាំទំនិញកម្ពុជា​ ទៅលក់នៅ​តាមប្រទេស​នានា ដែលជាសមាជិករបស់សហគមន៍អឺរ៉ុប (EU) ដោយមិនបាច់បង់ពន្ធ។

២. បើកម្ពុជាបាត់បង់ EBA មួយផ្នែក គឺមានន័យថាទំនិញកម្ពុជាមួយចំនួន ដែលត្រូវយក​ទៅលក់នៅតាមប្រទេសនានា ដែលជាសមាជិករបស់សហគមន៌អឺរ៉ុប គឺត្រូវបង់​ពន្ធក្នុង​កំរិតណាមួយនោះ!

៣. បើកម្ពុជាបាត់បង់ EBA ទាំងស្រុង គឺមានន័យថាទំនិញកម្ពុជាទាំងអស់ ដែលត្រូវ​យកទៅលក់នៅតាមប្រទេសនានា ដែលជាសមាជិករបស់សហគមន៌អឺរ៉ុប គឺត្រូវបង់​ពន្ធគ្រប់ចំនួន។

៤. បើកម្ពុជាបាត់បង់ EBA នឹងធ្វើអោយថ្លៃដើមនៃការផលិតទំនិញរបស់កម្ពុជា ដើម្បីទៅ​លក់នៅសហគមន៌អឺរ៉ុបកើនឡើង ប្រាក់ចំណេញថយចុះ អ្នកវិនិយោគ​ទុនមិន​សប្បាយចិត្ត ហើយគេអាចពិចារណាទៅផលិតនៅប្រទេសផ្សេង ដែលមាន EBA!

៥. ឧទាហរណ៌ថា ដើម្បីបានអាវមួយពីកម្ពុជា ទៅលក់នៅសហគមន៌អឺរ៉ុប ក្នុងតម្លៃ៩​ដុល្លារ គឺកម្ពុជាត្រូវនាំចូលក្រណាត់តម្លៃ១ដុល្លារ អំបោះពីបរទេស​អស់១ដុល្លារ វត្ថុធាតុ​ដើមផ្សេងទៀតពីបរទេសអស់១ដុល្លារ កម្លាំងពលកម្មអស់១ដុល្លារ ចំណាយទៅ​លើរោងចក្រ ភ្លើង ទឹក រដ្ឋបាលសាធារណៈស្មុគស្មាញ ការធ្វើបាតុកម្ម អំពើពុករលួយ … អស់២ដុល្លារ ហើយនៅចំណេញបាន ៣ដុល្លារក្នុង១អាវ។

៦. ឧទាហរណ៌ថា បើកម្ពុជាបាត់បង់ EBA នោះ EU នឹងតម្រូវអោយទំនិញកម្ពុជា​បង់ពន្ធលើ​​អាវមួយ គឺ១ដុល្លារ ដែលនាំអោយប្រាក់ចំណេញរបស់អ្នកវិនិយោគធ្លាក់ចុះ ពីការចំណេញ៣ដុល្លារក្នុង១អាវ មកត្រឹមចំណេញតែ២ដុល្លារក្នុងមួយអាវ។

៧. ដំណោះស្រាយ គឺកម្ពុជាត្រូវព្យាយាមរក្សា EBA អោយបានទាំងអស់ ឬអោយបាន​មួយផ្នែកតាមដែលអាចធ្វើទៅបាន! ព្យាយាមផលិតក្រណាត់ អំបោះ និងវត្ថុធាតុ​ដើមផ្សេងទៀតដោយខ្លួនឯង ដើម្បីកាត់បន្ថយថ្លៃដើម។ កម្មករកម្ពុជា​ត្រូវតែមានជំនាញ​ជាងមុន តម្លៃភ្លើង ទឹក ជួលរោងចក្រត្រូវតែថោកជាងមុន! ត្រូវតែលុបបំបាត់ ឬកាត់​បន្ថយសេវាកម្មរដ្ឋបាលសាធារណៈស្មុគស្មាញ ការធ្វើបាតុកម្ម និងអំពើពុករលួយ។

ពាក់ព័ន្ធនឹងរឿងEBAនេះដែរ ប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានប្រកាស នៅក្នុងពិធីបើកការដ្ឋាន​ស្តារ និង​សាងសង់​ផ្លូវ​លេខ​២ និង​លេខ​២២ កាល​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ២០២០ ថា រោងចក្រ​នៅ​កម្ពុជា​ខ្លះ នឹងត្រូវ​បិទទ្វារ​បណ្ដោះអាសន្ន​នៅ​ខែមីនា​ខាងមុខ ដោយសារ​ចិន​ផ្អាក​ការផ្គត់ផ្គង់​វត្ថុធាតុដើម ដោយសារ​បញ្ហា​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា​។ ទន្ទឹមគ្នានេះ សម្តេច បាន​សង្កត់ធ្ងន់ដែរថា រោងចក្រ​បិទទ្វារ​នេះ មិនមែន​មកពី​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA)​ទេ​។ទន្ទឹមគ្នានេះ សម្តេច ក៏បានសំណូមពរ ​«សូម​កម្មករ​ទាំងអស់​កុំ​តក់ស្លុត នៅពេល​រោងចក្រ​បិទទ្វារ​»​ ព្រោះ​ ក្រៅពី​រោងចក្រ​ជួប​បញ្ហា​នោះ ក៏មាន​សណ្ឋាគារ និង​ភោជនីយដ្ឋាន ដែល​បាត់បង់​ភ្ញៀវទេសចរ ដោយសារ​បញ្ហា​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា​ដែរ​៕ អត្ថបទ៖ សិរីកា

លោក ​ឧកញ៉ា ​គីម​ ​ហ៊ា​ង ​​ពន្យល់ ៧ ​ចំណុច ​ពាក់​ព័ន្ធនឹង​ EBA
40 Shares