កូនស្រីបង្កើតរបស់អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ឈ្មោះ Jasmine Jing Yian Quach បានបញ្ចប់ការសិក្សាកម្រិតថ្នាក់វិទ្យាល័យ នៅសាលា Northbridge International School Cambodia (NISC) ដែលជាសាលារបស់អ្នកឧកញ៉ា គិត ម៉េង។

អ្នកឧកញ៉ា គួច ម៉េងលី ម្ចាស់សាលារៀន អន្តរទ្វីបអាមេរិកកាំង (AIS) និងមជ្ឈមណ្ឌលភាសា អេអាយអាយ (Aii) បានបង្ហោះសារលើហ្វេសប៊ុក នៅព្រឹកថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២ នេះថា៖ “ប៉ានិងម៉ាក់ពិតជាមានមោទនភាពចំពោះកូនស្រីខ្លាំងណាស់។ យើងស្រឡាញ់កូនខ្លាំងណាស់ កូនសម្លាញ់។ សូមជូនពរឱ្យកូនសំណាងល្អ និងទទួលបានអ្វីដែលល្អបំផុត ហើយប៉ាម៉ាក់រង់ចាំមើលកូនស្រី ឈានជើងចូលដល់ការសិក្សាកម្រិតមហាវិទ្យាល័យ ដោយចាប់ផ្តើមនៅឆ្នាំនេះ។ ដោយក្តីស្រឡាញ់ កូនស្រី”។

សូមបញ្ជាក់ផងដែរថា សាលាអន្តរជាតិ Northbridge ដែលមានទីតាំងនៅផ្លូវ ២០០៤ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាសាលាតែមួយគត់នៅកម្ពុជា ក្លាយជាសមាជិករបស់ Nord Anglia Education ជាសមាគមសាលា ដែលគេទទួលស្គាល់ជាសាលានាំមុខគេលើពិភពលោក។ សាលានេះ ជាសាលាមួយ ដែលអ្នកឧកញ៉ា ឧកញ៉ា អ្នកមាន និងអ្នកធំៗស្រុកខ្មែរជាច្រើន បានបញ្ជូនកូនទៅសិក្សានៅទីនោះ។ សាលាអន្តរជាតិ Northbridge មានកម្រិតសិក្សាពីបឋមសិក្សា ដល់វិទ្យាល័យ ហើយតម្លៃសិក្សាត្រូវបានគេដឹងថា អាចដល់ ២៤០០០ ដុល្លារក្នុងមួយឆ្នាំ៕


