Rolls-Royce ឧកញ៉ា ឌួង ឆាយ ត្រូវ CAMRY HYBRID​ បុក​ យប់​មិញ

ជុំវិញ​ឧកញ៉ា ព័ត៌មានថ្មីៗ
34 Shares

បុរសម្នាក់បានបើករថយន្ដលឿនបំពានភ្លើងស្តុប ជ្រុលទៅបុករថយន្ដស៊េរីទំនើប ROLLS ROYCE របស់​ឧកញ៉ា ឌួង ឆាយ បណ្ដាលឲ្យរងការខូចខាតមួយជំហៀង នៅខណ្ឌ៧មករា ប៉ុន្តែ​ក្នុង​ហេតុ​ការណ៍​នេះ មិនមានអ្នករងរបួសនោះទេ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោងជាង១យប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដែល​មាន​ទីតាំង​ស្ថិតនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងផ្លូវព្រះមុនីវង្ស ចំណុចស្ដុបសេរីភាព ស្ថិត​ក្នុង​សង្កាត់​មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដមួយ​គ្រឿង​ ម៉ាក TOYOTA CAMRY HYBRID ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AY-1549 បើក​បរ​ដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើត លុះ​មក​ដល់​ចំណុចកើតហេតុ រថយន្ដខាងលើបានបើកបំពានភ្លើងស្តុប ក៏ជ្រុលទៅ​បុករថយន្ដស៊េរីទំនើប​មួយ​គ្រឿង ម៉ាក ROLLS ROYCE ដែលជារថយន្តរបស់ឧកញ៉ា ឌួង ឆាយ បណ្ដាលឲ្យរងការខូច​ខាតខ្ទេច​មួយ​ជំហៀងខាងស្ដាំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើ​ការទាក់ទង​ទៅ​សមត្ថកិច្ចជំនាញ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្ដទាំងពីរ ទៅការិយាល័យចរាចរណ៍ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ នៅពេលក្រោយ៕

Rolls-Royce ឧកញ៉ា ឌួង ឆាយ ត្រូវ CAMRY HYBRID​ បុក​ យប់​មិញ
34 Shares