កម្ពុជា មានតម្រូវការស៊ីម៉ងត៍ជាមធ្យម១២លានតោនឯណោះ ដូច្នេះកម្ពុជា ត្រូវការនាំចូលស៊ីម៉ងត៍បន្ថែមចំនួន ៣លានតោនទៀតពីប្រទេសដទៃ ដើម្បីបំពេញតម្រូវការក្នុងស្រុក ខណៈក្រុមហ៊ុនផលិតស៊ីម៉ងត៍ចំនួន ៥របស់កម្ពុជា អាចផលិតស៊ីម៉ងត៍បាន៩លានតោនប៉ុនញនោះក្នុងមួយឆ្នាំ។ នេះបើតាមការឲ្យដឹងពីមន្រ្តីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលក្នុងសន្និសីទសារព័ត៌មានស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងរ៉ែ និងថាមពល កាលពីពេលថ្មីៗនេះ។

លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ថ្វីត្បិតបច្ចុប្បន្ន កម្ពុជា មានក្រុមហ៊ុនផលិតស៊ីម៉ងត៍ចំនួន៥ ដែលអាចផលិតស៊ីម៉ងត៍បាន ៩លានតោនប៉ុនញនោះក្នុងមួយឆ្នាំ ដើម្បីបម្រើលើវិស័យសំណង់ក្នុងស្រុក ក្នុងនោះ ខេត្តកំពត ទទួលបានការវិនិយោគច្រើនជាងគេបំផុត ក្នុងខ្សែចង្វាក់ផលិតកម្មស៊ីម៉ង់ត៌នេះ។
ប៉ុន្តែលោកថា ទោះជាបែបនេះក្តី ក៏កម្ពុជានៅតែត្រូវការនាំចូលស៊ីម៉ងត៍ប្រមាណ៣លានតោនក្នុងមួយឆ្នាំ ដើម្បីបំពេញតម្រូវការបន្ថែម ដែលក្នុងនោះ៖ មានប្រមាណ ៧០ភាគរយ ត្រូវបាននាំចូលពីប្រទេសថៃ និង៣០ភាគរយទៀត ត្រូវបាននាំចូលពីប្រទេសវៀតណាម និងប្រទេសចិន។
គូសបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា មានរោងចក្រស៊ីម៉ងត៍ ចំនួន៥ កំពុងដំណើរការនៅកម្ពុជា ដោយក្នុងចំណោម ៥ក្រុមហ៊ុននោះ មានក្រុមហ៊ុនចំនួន៤ ដែលស្ថិតក្នុងខេត្តកំពត និង១ទីតាំងទៀត ស្ថិតនៅក្នុងខេត្តបាត់ដំបង។

នៅក្នុងមួយឆ្នាំកម្ពុជា មានតម្រូវការស៊ីម៉ងត៍ ជាមធ្យម១២លានតោន ហើយកម្ពុជា មានលទ្ធភាពផលិតស៊ីម៉ងត៍ ដោយខ្លួនឯងប្រមាណ៩លានតោន ក្នុងមួយឆ្នាំ និងប្រមូលចំណូលសួយសារអាករប្រមាណ ៧លានដុល្លារចូលថវិកាជាតិ។ ខណៈវិស័យសំណង់នៅកម្ពុជា បន្តរីកចម្រើនគួរឲ្យកត់សម្គាល់ តម្រូវការស៊ីម៉ងត៍ក្នុងវិស័យនេះក៏កាន់តែកើនឡើងជាបន្តបន្ទាប់ផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពី ពីលោក អ៊ឹង ឌីប៉ូឡា៕
