ស្វ៊ីស បន្តផ្តល់ថវិកា១២លាន​ដុ​​ល្លា​​រ ជួយ​​មន្ទីរពេទ្យគ​​ន្ធ​បុប្ផា ក្នុង​​រយៈ​​ពេល​​៣​ឆ្នាំ

សង្គម​និង​សេដ្ឋកិច្ច
14 Shares

ភ្នំពេញ ៖ ប្រទេសស្វីស ប្រកាសថា នឹងបន្តផ្តល់ថវិកា ១២លានដុល្លារអាមេរិក ដើម្បីជួយមន្ទីរពេទ្យគន្ធបុប្ឋា ក្នុងរយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ខាងមុខ។

ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសស្វ៊ីសប្រចាំកម្ពុជាបានគូសបញ្ជាក់ថា រដ្ឋាភិបាលស្វ៊ីស បានបន្ដ​គាំទ្រ​ថវិកាប្រមាណ១២លានដុល្លារអាមេរិក ជួយដល់មន្ទីរពេទ្យគន្ធបុប្ជា សម្រាប់រយៈពេល​៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ខាងមុខ​ ដើម្បីជួយទ្រ​ទ្រង់ដល់ការព្យាបាលកុមារនៅកម្ពុជា។ បើតាមការបញ្ជាក់របស់ ឯកឧត្តម កុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការ​បរទេស ក្រោយជំនួបទ្វេភា​គីរវាងឯក​ឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួង​ការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ ជាមួយលោកជំទាវ Helene Budliger Artieda ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេស​ស្វ៊ីសប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុង​បាង​កក ប្រទេសថៃ កាលពី​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការបរទេស។

លោកជំទាវ Helene បានគូសបញ្ជាក់ថា ក្រៅពីកិច្ចទំនាក់ទំនងការទូត និង​កិច្ចសហ​ប្រតិបត្តិការយ៉ាងជិតស្និតលើវិស័យជាច្រើនជាមួយកម្ពុជា រដ្ឋាភិបាលស្វ៊ីស បានជួយ​ឧបត្ថម្ភគាំទ្រក្នុងវិស័យសុខាភិបាល ដោយផ្តោតទៅលើមន្ទីរពេទ្យគន្ធបុប្ផា ដែលគិត​ចាប់​តាំង​ពីឆ្នាំ១៩៩៤ មកដល់ឆ្នាំ២០១៨ រដ្ឋាភិបាលប្រទេសស្វ៊ីស បានគាំទ្រដល់​មន្ទីរពេទ្យ​គន្ធបុប្ផា គិតជាថវិកាប្រមាណជា៦០លានដុល្លារអាមេរិក។

លោកជំទាវបានបន្ដថា រដ្ឋាភិ​បាលស្វ៊ីសបានផ្ដោតសំខាន់ទៅលើវិស័យសុខា​ភិបាល​ដែល​ជួយទៅលើសុខភាពកុមារ សុវត្ថិ​ភាព​ស្បៀង និងវិស័យកសិកម្ម។ ចំពោះ​វិស័យ​សុខាភិបាលនៅកម្ពុជា ស្វ៊ីសនៅតែបន្តគាំទ្រ​ដល់ថវិកាប្រចាំឆ្នាំចំនួន៤លានហ្វ្រង់ស្វីស គឺស្មើនឹង៤លានដុល្លារអាមេរិក ក្នុង១ឆ្នាំ ដល់មន្ទីរពេទ្យគន្ធបុប្ផា បើទោះបីជាបច្ចុប្បន្ន​នេះ មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានគ្រប់គ្រងដោយវេជ្ជបណ្ឌិត ជនជាតិខ្មែរក៏ដោយ។

ក្រៅពីនេះ រដ្ឋាភិបាលស្វ៊ីស បានផ្ដល់ការបណ្ដុះបណ្ដាល​ដល់មន្ត្រី​កសិកម្ម និងផ្នែក​បដិសណ្ឋារកិច្ចទទួលភ្ញៀវទេសចរ និងផ្ដល់ជំនួយសម្រាប់វិស័យដោះមីន ពីឆ្នាំ២០​២០-២០២៥ នូវថវិកាចំនួន៦លានដុល្លារបន្ថែមទៀត។ តាមផែនការកម្ពុជា​នឹងបញ្ចប់ការ​ដោះ​មីននៅឆ្នាំ២០២៥ខាងមុខ ដែលកម្ពុជាប្រកាសថា នឹងគ្មានគ្រាប់មីននៅកម្ពុជា។

លោកជំទាវឯក​អគ្គរដ្ឋទូតបានបន្ថែមថា រដ្ឋាភិបាលស្វ៊ីស បានផ្ដល់ជំនួយ​លើអភិបាល​កិច្ចល្អ និងវិមជ្ឈការ​ដោយ​មានកិច្ចសហការជាមួយនឹងក្រសួងមហាផ្ទៃ។

ជាឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់​រដ្ឋាភិ​បាល​ស្វ៊ីស ​ដែលបានផ្តល់ជំនួយដល់វិស័យបោសសម្អាតមីន និងជំនួយអភិវឌ្ឍន៍​ជាច្រើនទៀត​ដល់​កម្ពុជា ព្រមទាំងបានបន្ត និងជំរុញបង្កើនទំហំពាណិជកម្ម នៃប្រទេស​ទាំងពីរឱ្យកាន់តែល្អ​ប្រសើរ នៅក្នុងឆ្នាំ២០២០នេះ។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានលើកឡើងថា តាមរយៈ​លោកជំទាវឯកអគ្គរដ្ឋទូត នឹងដឹកនាំអ្នកធុរកិច្ច ជាប្រធានក្រុមហ៊ុនធំៗរបស់ស្វ៊ីសមកសិក្សា​ពីសក្តានុព​លវិនិយោគ​នៅកម្ពុជា និងជំរុញទេសចរស្វ៊ីស មកកម្ពុជា ដើម្បីឱ្យកម្ពជាបន្តមាន​កំណើនសេដ្ឋកិច្ច សម្រាប់ជាផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ៕

ស្វ៊ីស បន្តផ្តល់ថវិកា១២លាន​ដុ​​ល្លា​​រ ជួយ​​មន្ទីរពេទ្យគ​​ន្ធ​បុប្ផា ក្នុង​​រយៈ​​ពេល​​៣​ឆ្នាំ
14 Shares