ម្ចាស់អាជីវកម្មទឹកឃ្មុំធម្មជាតិ QBEE ខេត្តសៀមរាប កញ្ញា មាណ រដ្ឋា ចំណាយទុនអស់ត្រឹម ១០០ ដុល្លារក្នុងការទិញទឹកឃ្មុំធម្មជាតិពិតៗមកលក់បន្ត។

កញ្ញា មាណ រដ្ឋា អាយុ ៣៤ឆ្នាំ មានស្រុកកំណើតនៅ ភូមិអង្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

កញ្ញា មាណ រដ្ឋា បានឲ្យឧញ៉ាញូស៍ដឹងថា មុខរបរលក់ទឹកឃ្មុំធម្មជាតិនេះ បានចាប់ផ្ដើមអស់រយៈពេលជិត ៣ ឆ្នាំមកហើយ។ កត្តាជំរុញទឹកចិត្តបង្កើតអាជីវកម្មមួយនេះឡើង ព្រោះយុវតីរូបនេះចង់ឲ្យអ្នកប្រើប្រាស់ទឹកឃ្មុំគ្រប់គ្នា មិនថាជាភ្ញៀវជនជាតិខ្មែរ ឬបរទេសនោះទេ ងាកមកប្រើនិងគាំទ្រផលិតផលធម្មជាតិពិតប្រាកដ។
ដោយប្រមូលទិញទឹកឃ្មុំធម្មជាតិពីអ្នករកឃ្មុំតាមព្រៃ និងអ្នកចិញ្ចឹមឃ្មុំធម្មជាតិតាមកសិដ្ឋានមួយចំនួន យកមកលក់បន្តជូនអតិថិជន។ ទឹកឃ្មុំធម្មជាតិដែលកញ្ញា រដ្ឋា មានដូចជា ទឹកឃ្មុំស្រស់ លំអងផ្កា cream (សម្រាប់បៀកលើនំប័ុង) និងក្រមួនឃ្មុំ (យកទៅផលិតធ្វើជាសាប៊ូ)។
កញ្ញា មាណ រដ្ឋា បានបញ្ជាក់ថា ដើមទុនកាលពីចាប់ផ្តើមអាជីវកម្មដំបូងអស់ត្រឹមតែ ១០០ ដុល្លារប៉ុណ្ណោះ។ ដោយការលក់ចេញអាចលក់បានពី ៥០០-៦០០ដុល្លារក្នុងមួយខែ។ ចំណែកការវេចខ្ចប់មានពីរប្រភេទគឺមាន៖ ១កែវចំណុះ ៥០០ក្រាម និង ២៥០ ក្រាម ដោយទឹកឃ្មុំព្រៃកែវធំថ្លៃ ១៧ ដុល្លារ កែវតូចថ្លៃ ៩ ដុល្លារ។ ដោយឡែកទឹកឃ្មុំចិញ្ចឹមកែវធំថ្លៃ ១៣ ដុល្លារ និងកែវតូច ថ្លៃ៧ ដុល្លារ។

បើតាមម្ចាស់អាជីវកម្មរូបនេះ អតិថិជនមានអ្នកទិញយកទៅប្រើប្រាស់ផ្ទាល់ និងអ្នកទិញយកទៅលក់បន្ត ដែលមួយចំនួននៅក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញ។ ចំណែកអតិថិជនដែលទិញយកទៅប្រើប្រាស់ភាគច្រើនគឺជាភ្ញៀវបរទេស។
កញ្ញា មាណ រដ្ឋា បានបញ្ជាក់បន្ថែមថា ទឹកឃ្មុំធម្មជាតិទាំងនោះកញ្ញាយកពីអ្នករកឃ្មុំតាមព្រៃ និងកសិដ្ឋានចិញ្ចឹមឃ្មុំធម្មជាតិនៅខេត្តសៀមរាប កំពង់ចាម ប៉ៃលិន និង មណ្ឌលគីរី ។
ម្ចាស់អាជីវកម្ម QBEE រូបនេះមានជំនាញអាចភ្លក់រស់ជាតិនៃទឹកឃ្មុំបានយ៉ាងស្ទាត់ជំនាញ ព្រោះកញ្ញាធ្លាប់បានសិក្សាបន្ថែមពីលោកគ្រូជាជនជាតិបរទេសម្នាក់ដែលមានជំនាញនេះ។
យុវតីរូបនេះបានបង្ហាញពីអត្ថប្រយោជន៍នៃទឹកឃ្មុំធម្មជាតិមានច្រើនយ៉ាងដូចជា ជួយព្យាបាលជំងឺផ្ដាសសាយក្អក ស្ក្រាប់លើមុខដុំម្បីកាត់បន្ថយមេរោគលើស្បែក ព្យាបាលរបួស ជាដើម។

ទាក់ទងអាជីវកម្មលក់ទឹកឃ្មុំ កញ្ញា មាណ រដ្ឋា បានបញ្ជាក់ថា ពេលចាប់ផ្ដើមដំបូងរៀងពិបាកព្រោះ អតិថិជនមិនមានជំនឿចិត្តលើផលិតផលទឹកឃ្មុំប៉ុន្មានទេ ដោយសារតែអតិថិជនធ្លាប់ទិញប៉ះទឹកឃ្មុំមិនសុទ្ធ។ ប៉ុន្ដែក្រោយមកដោយមានអតិថិជនជាច្រើនបានដឹងយ៉ាងប្រាកដថា ទឹកឃ្មុំដែលកញ្ញាលក់នេះគឺសុទ្ធ១០០% ទើបមានអ្នកគាំទ្រកាន់តែច្រើន និងអាចធ្វើឲ្យអាជីវកម្មរបស់កញ្ញាអាចឈរជើងបានដល់បច្ចុប្បន្ន។
បើតាមកញ្ញា មាណ រដ្អា អាជីវកម្មទឹកឃ្មុំធម្មជាតិ QBEE បានរួមចំណែកជួយដល់ប្រជាជនដែលរកទឹកឃ្មុំបាន ប៉ុន្តែគ្មានទីផ្សារ និងថែមទាំងបានជួយអភិរក្សឃ្មុំព្រៃថែមទៀតផង ដោយអ្នកដែលរកទឹកឃ្មុំព្រៃ គឺយកតែទឹកឃ្មុំមកលក់ប៉ុណ្ណោះ ចំណែកកូនឃ្មុំវិញគឺមិនលក់ចេញនោះទេ៕


