សំណង់ផ្សារទំនើបធំពីរដែលចាយទុនសរុបជាង ៣០០ លានដុល្លារ កំពុងលេចវត្តមាននឹងក្លាយជាមណ្ឌលផ្សារទំនើបដ៏ធំនៅភាគខាងត្បូងរាជធានីភ្នំពេញ។
មណ្ឌលផ្សារទំនើបខ្នាតអន្តរជាតិ ជីប ម៉ុង ២៧១ មេហ្គាម៉ល របស់ក្រុមហ៊ុនយក្ស ជីប ម៉ុងនឹងដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០២២ ខាងមុខ។ វត្តមានរបស់មណ្ឌលផ្សារទំនើបនេះនឹងក្លាយជាផ្នែកមួយក្នុងការធ្វើទំនើបកម្មឧស្សាកម្មលក់រាយនៅតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ។


មណ្ឌលផ្សារទំនើបខ្នាតអន្តរជាតិ ជីប ម៉ុង ២៧១ មេហ្គាម៉ល បានវិនិយោគក្នុងទំហំទឹកប្រាក់ ប្រមាណ ១៨០ លានដុល្លារ។ មានទីតាំងស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍អចលទ្រព្យ ៤៣ ហិកតា លែនម៉ាក ២៧១ មណ្ឌលផ្សារទំនើបខ្នាតអន្តរជាតិ ជីប ម៉ុង ២៧១ មេហ្គាម៉ល បានបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់កាលពីខែសីហា ឆ្នាំ២០១៨ ហើយនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣។
ដោយឡែកផ្សារទំនើបអ៊ីអន ៣ ឬផ្សារទំនើបអ៊ីអនម៉លមានជ័យ បច្ចុប្បន្នកំពុងសម្រុកស្ថាបនាយ៉ាងសស្រាក់សស្រាំ នឹងឈានទៅបញ្ចប់រួចរាល់ទាន់ផែនការដែលបានគ្រោងទុកក្នុងឆ្នាំ២០២២ នេះ។
ផ្សារលក់រាយដ៏ធំរបស់ជប៉ុនដែលបានចាយទុនវិនិយោគជាង ២០០ លានដុល្លារនេះ បានបើកការដ្ឋានសាងសង់ផ្សារកាលពីឆ្នាំ ២០២០។


បើតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន ផ្សារទំនើបអ៊ីអនម៉លមានជ័យ នឹងក្លាយជាសាខាផ្សារទំនើប AEON Mall ដែលធំជាងគេនៅក្នុងតំបន់អាស៊ាន។
ផ្សារទំនើបអ៊ីអន ៣ ឬផ្សារទំនើបអ៊ីអនម៉លមានជ័យ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន (ឬផ្លូវ៦០ម៉ែត្រ)។ មានកម្ពស់ ៥ ជាន់គ្របដណ្តប់លើទំហំផ្ទៃដី 174,000 ម៉ែត្រការ៉េ ដែលទំហំនេះធំជាងផ្សារទំនើបអ៊ីអនម៉លទី១ ពីរដង (68,000 ម៉ែត្រការ៉េ ដែលបើកដំណើរការឆ្នាំ២០១៤) និងធំជាងផ្សារទំនើបអ៊ីអនម៉ល សែន សុខ បន្តិច (151,000ម៉ែត្រការ៉េ)៕