ក្រសួងកសិកម្មកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេសនៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន បានឯកភាពគ្នាបង្កើតក្រុមការងារជំនាញដើម្បីរួមគ្នារៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា។ ការឯកភាពគ្នានេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំ រវាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Zhang Lubiao គណៈប្រតិភូពីមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេសនៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន នៅថ្ងៃទី១៨ ខែសីហានេះ។
តាមរយៈលទ្ធផលដែលទទួលបានបន្ទាប់ពីបញ្ចប់ពីកិច្ចប្រជុំនោះ ភាគីកម្ពុជា-ចិន បានឯកភាពគ្នា ឯកភាពបង្កើតក្រុមការងារជំនាញដើម្បីរួមគ្នារៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា ដោយផ្តោតសំខាន់លើអង្ករ ពោត កៅស៊ូ ដំឡូងមី ចេក ផលិតកម្មសត្វ និងវារីវប្បកម្ម។
ជុំវិញលទ្ធផលខាងលើនេះ លោក Zhang Lubiao បានលើកឡើង បេសកកម្មផ្លូវការរបស់លោក និងសហការីមកនាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហបករតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ជាពិសេសជួយគាំទ្រលើការរៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា។ ហេតុនេះ លោកថា ដើម្បីឱ្យការងារនេះទទួលបានជោគជ័យ ភាគីចិនបានរៀបចំក្រុមការងារជំនាញថ្នាក់ជាតិមួយដែលមានសមត្ថភាព និងបទពិសោធខ្ពស់ក្នុងការរៀបចំផែនការមេក្នុងការអភិវឌ្ឍវិស័យកសិកម្មផងដែរ។
ទាក់ទិននឹងការលើកឡើងនេះដែរ លោក វេង សាខុន ក៏បានឯកភាពលើការរៀបចំផែនការមេ និងសារៈសំខាន់នៃការអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។ ដើម្បីឱ្យការរៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជាទទួលបានជោគជ័យដូចការរំពឹងទុក ឯកឧត្តមក៏ ស្នើដល់ក្រុមការងារជំនាញពីក្រសួងទាំងពីរ ពិនិត្យពិចារណាលើការជំរុញការធ្វើទំនើបកម្មកសិកម្ម ការបំពេញខ្សែច្រវាក់ផលិតកម្មកសិកម្មគ្រប់ជ្រុងជ្រោយ។
គួរបញ្ជាក់ដែរថា ក្រៅពីឯកភាពគ្នាលើការបង្កើតក្រុមការងារជំនាញរៀបចំផែនការមេអភិវឌ្ឍន៍កសិកម្ម ទំនើបនៅកម្ពុជាហើយនោះ។ឆ្លៀតពេលនោះ ក្រសួងកសិកម្ម ក៏បានស្នើ ភាគីចិនពន្លឿនការបើកកិច្ចចរចាលក្ខខណ្ឌតម្រូវអនាម័យនិងភូតគាមអនាម័យលើផលិតផលកសិកម្មកម្ពុជាដទៃទៀត ដូចជាម្រេច ទឹកមាត់ត្រចៀកកម្ម និងទុរេនថែមទៀត៕ អត្ថបទ៖រង្សី