សហគ្រាស​ច្នៃ​អាហារសម្រន់មួយ​ ល្បីដល់​ចៅហ្វាយ​ខេត្ត​​បាត់ដំបង មានចំណុចពិសេសអីខ្លះ?

អាជីវកម្ម

ដោយ​មើល​ឃើញ​ថា​ ខេត្ត​បាត់​ដំបង​ ជា​ខេត្ត​មួយ​ដែល​មាន​សហគ្រាស​ធុន​តូច​-មធ្យម ជាង​ ៨០០ មូលដ្ឋាន​ ហើយ​សហគ្រាស​កែ​ច្នៃ​កសិផល​មាន​តិច​តួច​នៅ​ឡើយ​។ ក្នុង​នោះ​យើង​ឃើញ​មាន​សិប្បកម្ម​កែច្នៃ​ ចេក​ និង ស្វាយ សំងួតមួយ​កន្លែង​នៅ​ខេត្ត​បាត់ដំបងកំពុង​ទទួលបាន​ការ​គាំទ្រ​ សូម្បី​ចៅហ្វាយ​ខេត្ត​ក៏​បានកោតសរសើរ​និង​ចូលរួម​ផ្សព្វផ្សាយ​​សហគ្រាស​នៅ​ក្នុង​​ខេត្ត​បាត់ដំបង​នេះ​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហុង សុខ​មាន​ ជា​ម្ចាស់​សិប្បកម្ម​​ច្នៃ​ ចេក ស្វាយ សំងួត​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ ភូមិ​ អូរ​អន្លក់​ ឃុំ​ តាសែន​ ស្រុក​ កំរៀង​ ខេត្ត​ បាត់ដំបង​។ សិប្បកម្ម​របស់​លោក​បាន​ដំណើរ​ការ​អស់​រយៈ​ពេល​ ៩ ឆ្នាំ​ មក​ហើយ​ ដែល​​គិត​ពី​ឆ្នាំ​ ២០១៣ រហូត​មក​ដល់​បច្ចុប្បន្ន​ ។

ម្ចាស់​សិប្បកម្ម​រូប​នេះ​បាន​ប្រាប់​ឧកញ៉ា​ញូស៍ថា​ ចេក​ និង​ ស្វាយ​ សំងួត​សិប្បកម្ម​របស់​លោក​​មាន​លក្ខណៈ​ពិសេស​ដូច​ជា​ទី ១ ការ​ជ្រើស​រើស​ម៉ាស៊ីន​សំងួត​គឺ​ម៉ាស៊ីន​សំងួត​បច្ចេក​វិទ្យា​ចុង​ក្រោយ​របស់​ជប៉ុន ​មាន​លក្ខណៈ​ពិសេស​រក្សា​នូវ​គុណ​ភាព​ផ្លែ​ឈើ​ អាច​សំងួត​ឲ្យ​នៅ​បាន​ល្អ​ដូច​ដើម​ មិន​បាត់​បង់​នៅ​ក្រោយ​ពេល​សំងួត​មិន​ថា​ វិតាមីន​ ប្រូតអ៊ីន សារធាតុ​ចិញ្ចឹ​ម​ មិន​បាត់​បង់​ដោយ​សារ​កំដៅ​ឡើយ​។ ទី ២ ចំពោះ​ការ​វេច​ខ្ចប់​ តាម​ស្តង់​ដា​ត្រឹម​ត្រូវ​មាន​ទឹក​​សម្លាប់​មេរោគ ដែល​មាន​នៅ​លើ​កញ្ច្រែង​ឬសម្ភារៈ​ប្រើ​ប្រាស់​ទាំង​អស់​ រួម​ទាំង​ផ្លែ​ឈើ​មុន​សំងួត​ត្រូវ​សម្លាប់​មេរោគ​សិន​ ដើម្បី​​កុំ​ឲ្យ​កើត​ផ្សិត​ ព្រោះ​​ធ្វើ​មិន​ប្រើ​សារធាតុ​បម្រុងសារធាតុ​ទុក​ឲ្យ​បាន​យូរ​ រួច​ធ្វើ​ការ​វេច​ខ្ចប់​ ។ ទី៣ ថង់​ខ្ចប់​មាន​គុណ​ភាព​ល្អ​ ជា​ប្រភេទ​ថង់​ប្លាស្ទិក​ល្អ​ ( Brand Top ) ដែល​អាច​ជួយ​រក្សា​ផលិត​ផល​ឲ្យ​បាន​យូរ​។ ទី ៤ ចេក​ ស្វាយ​ សំងួត​មាន​អាយុ​កាល​យូរ​ អាច​ទុក​បាន​រហូត​ទៅ​ដល់​ ១​ ឆ្នាំ ៦ ខែ។ ទី ៥ មាន​ការ​រក្សា​សំណើម​ទឹក​សកម្ម​នៅ​ក្នុង​កម្រិត​ស្តង់​ដា​ ១០ ទៅ ១៤ ភាគ​រយ​។ ទី ៦ បាន​បញ្ចូល​នៅ​សារធាតុ​មួយទៀត ដែល​មាន​តួនាទី​សម្រួល​ពោះ​វៀន​ធំ ប្រព័ន្ធ​រំលាយ​អាហារ​បាន​ល្អ​ បត់​ជើង​ស្រួល​ ធ្វើ​ឲ្យ​ពោះ​វៀន​ស្អាត​ លាង​សម្អាត​ពោះ​វៀន​ខាង​ក្នុង ដោយ​ការ​បញ្ចូល​បន្ថែម​ចុង​ក្រោយ​ ដើម្បី​លើក​ស្ទួយ​សុខ​ភាព​អ្នក​ទទួល​ទាន​។

ការ​ធ្វើ​ចេក​សំងួត​ ម្ចាស់​សិប្បកម្ម​រូប​នេះ​​ឲ្យដឹង​ថា​ គឺ​ជ្រើស​រើស​ចេក​ណាំវ៉ា​ ដែល​ជា​ចេក​សម្បូរ​អ្នក​ដាំ​ច្រើន​ អាច​ផ្គត់​ផ្គង់​បាន​គ្រប់គ្រាន់​ និង​គ្រប់​រដូវ​។ ក្នុង​មួយ​កញ្ចប់​ចេក​សំងួត​ ១២០ ក្រាម​ មាន​តម្លៃ​ ២.៥ ដុល្លារ យើងយក​ចេក​ណាំវ៉ា​ បណ្តូល​លឿង​ ​ត្រូវ​ចំណាយ​ ផ្លែ​ចេក​ ៧ ទៅ ៨ ផ្លែ​ ចាស់​ល្អ​ បន្ទុំ​ឲ្យ​ទុំ​ល្អ ទើប​យក​សំងួត​ ជា​មួយ​នឹង​ម៉ាស៊ីន​សំងួត​ជប៉ុន​។ ចំណែក​ឯ​ស្វាយ​សំងួត​វិញ​ មួយ​កញ្ចប់​ ៦០ ក្រាម មានតម្លៃ ២.៥ ដុល្លារ​ដូច​គ្នា​ គឺ​ជ្រើស​រើស​​ស្វាយ​កែវ​រមៀត​ ជា​ស្វាយ​រដូវ​ មិន​ប្រើ​ថ្នាំ​ (ស្វាយ​ធម្មជាតិ​ ) ៣ ផ្លែ​ យ៉ាង​តិច​ យក​តែ​ចំណុច​ល្អ​នៃ​ផ្លែ​ ទើប​យក​មក​សំងួត​ ។ ការ​សំងួត​ស្វាយ​ និង ចេក​ ប្រើ​រយៈ​ពេល​ខុស​គ្នា​ ( ស្វាយ ២៤ ម៉ោង​ ចេក​ ៥០ ទៅ ៦០ ម៉ោង ស្មើ​នឹង​ ២ ថ្ងៃ​កន្លះ​ ) ចេក​ ចំណាយ​ពេល​ច្រើន​ជាង​ស្វាយ​រហូត​ទៅ​ដល់​ ៣ ដង​ ដោយ​សារ​មាន​ជាតិ​ទឹក​ច្រើន​ កម្រាស់​ក្រាស​ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​អាច​រក្សា​គុណ​ភាព​ចេក​ ក៏​ដូច​ជា​រស​ជាតិ​ ពណ៍ ក្លិន​ មិន​បាត់​បង់​ ។

លោក​ក៏​បាន​បន្ថែម​ថា​ កក្តា​ដែល​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​នូវ​សិប្បកម្ម​នេះ​ឡើង​ ដោយ​សារ​មើល​ឃើញ​ថា​ខេត្ត​បាត់​ដំបង​ ជា​ខេត្ត​ដែល​សម្បូរ​កសិផល​ មាន​ការ​ដាំ​ដុះ​ច្រើន​ ទើប​លោក​​មាន​គំនិត​ថា​ ត្រូវ​ធ្វើ​អ្វី​មួយ​ដើម្បី​ជួយ​សហគមន៍​ ក៏​បង្កើត​សិប្បកម្ម​ធ្វើ​ ចេក​ ស្វាយ​ សំងួត​នេះ​ឡើង​ “ បង្កើត​ការ​កែ​ច្នៃ​ក្នុង​សហគមន៍​ បង្កើត​ការ​កែ​ច្នៃ​ក្នុង​តំបន់​ជន​បទ​” ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទី​ផ្សារ​ផង​ ដោះ​ស្រាយ​ញ្ហា​កសិផល​ផង​ តាម​រយៈ​លំហូរ​សាច់​ប្រាក់​រង្វិល​ជុំ​ ផ្តល់​ការ​ងារ​ដល់​សហគមន៍​ ជា​មធ្យោបាយ​មួយ​ធ្វើ​ឲ្យ​សហគមន៍​មាន​ការ​រីក​ចម្រើន​​ មាន​ដំណើរ​ការ​ល្អ​ ។​

ម្ចាស់​សិប្បកម្ម​រូប​នេះ​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ដែល​ជា​​ការ​ចោទ​ផង​ដែរ​ ដូច​ជា​ ទី១​ ការ​បង្វែរ​ការ​គាំ​ទ្រ​ផលិត​ខ្មែរ​ពី​ប្រជាជន​ខ្មែរ​ ( កត្កា​ចម្បង​ ) មាន​ន័យ​ថា​ បើ​ប្រៀប​ធៀប​រវាង​ផលិត​ផល​ខ្មែរ​ និង បរទេស​ គឺ​ខ្មែរ​ប្រើ​ប្រាស់​ផលិត​ផល​បរទេស​ ។ ទី ២ បញ្ហា​ទី​ផ្សារ​ ដើម្បី​ចូល​ទី​ផ្សារ​បាន​មាន​ការ​ពិបាក​ ដោយ​សារ​ផលិត​ផល​ថ្មី​ រោងចក្រ​​មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ឡើយ​ ។​ ទី ៣ ការ​វេច​ខ្ចប់​មាន​ការ​នាំ​ចូល​ភាគ​ច្រើន​ ។ ប៉ុន្តែ​ លោក​ មាន​ការ​រំពឹង​​ថា​ នឹង​ព្យាយាម​បង្វែរ​ឲ្យ​អតិថិន​ខ្មែរ​មក​គាំ​ទ្រ​ ឲ្យ​ស្គាល់​ពី​​ផលិត​ផល​ល្អ​ក្នុង​ស្រុក​ ទី​ផ្សារ​នឹង​ល្អ​នៅ​ថ្ងៃ​ខាង​មុខ​ ។ សព្វ​ថ្ងៃ​សិប្បកម្ម​របស់​លោក​ ផ្គត់​ផ្គង់​តាម​ផ្សារ​ទំនើប​ អ៊ីអន​១ ព្រលាន​យន្ត​ហោះ​ ទាំង​បី​កន្លែង​ ( ភ្នំពេញ​ សៀមរាប ព្រះសីហនុ​ ) នៅ​មាត់​ទន្លេ​ និង​ តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​ ផង​ដែរ​ ។

លោកក៏​បាន​ស្នើរ​ឲ្យ​ប្រជាជន​ខ្មែរ​ ជួយទទួល​យក​ក៏​ដូច​ជា​ការ​ជួយគាំ​ទ្រ​ នូវ​ផលិត​ផល​ខ្មែរ​ក្នុង​ស្រុក​ផង​ដែរ​។

អាចទាក់ទងតាមរយៈ Website: http://www.sorakhmer.com