សាកលវិទ្យាល័យអាស៊ីអឺរ៉ុប AEU បានបង្កើតឡើងក្នុងឆ្នាំ២០០៣ ជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងភ្នំពេញ។ អាស៊ីអឺរ៉ុបត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំយុវជន និងកីឡា។
សាកលវិទ្យាល័យអាស៊ីអឺរ៉ុប មានមហាវិទ្យាល័យចំនួន ៥ ដែលមានឯកទេសផ្សេងៗគ្នា ពីថ្នាក់បរិញ្ញាបត្ររង រហូតដល់បណ្ឌិត រួមមាន៖ ១.មហាវិទ្យាល័យសិល្ប: មនុស្ស និង ភាសា ២. មហាវិទ្យាល័យវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា ៣. មហាវិទ្យាល័យសង្គមសាស្រ្ត និង សេដ្ឋកិច្ចនីតិសាស្ត្រ និង វិទ្យាសាស្រ្ត ៤. មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មនិង ទេសចរណ៍ ៥. មហាវិទ្យាល័យនីតិសាស្រ្ត និង វិទ្យាសាស្រ្តនយោបាយ។
សាកលវិទ្យាល័យអាស៊ីអឺរ៉ុប បង្កើតឡើងចេញពីអង្គការអាស៊ី-អាស៊ីអឺរ៉ុប ដោយឧកញ៉ា ឌួង លាង ដែលកាន់តួនាទីជាប្រធានក្រុមប្រឹក្សាភិបាល។
ឧកញ៉ា ឌួង លាង បានឱ្យដឹងថា គិតចាប់ពីឆ្នាំសិក្សា២០០៥-២០០៦ ដល់ឆ្នាំសិក្សាឆ្នាំ២០២០-២០២១ មានសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតបានបញ្ចប់ការសិក្សាចំនួន ៦០,៩០២នាក់។ ដោយឡែកសិស្សវិជ្ជាជីវៈ និងនិស្សិតកំពុងសិក្សាវិញមានចំនួន ៩,៦៦៥នាក់។
នៅព្រឹកថ្ងៃទី២៣ សីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជាអធិបតីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ជាង៣០០០នាក់ ពីថ្នាក់បរិញ្ញាបត្ររង ដល់ថ្នាក់បណ្ឌិត ដែលបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះមាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៦៦នាក់ផងដែរ៕