លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានក្រើនរំឭកនិងហាមជាដាច់ខាតក្នុងការរក្សាទុកអត្តសញ្ញាណបុគ្គលដែលជាលិខិតយថាភូតច្បាប់ដើមរបស់អតិថិជន ធ្វើជាវត្ថុធានា និងព្រមានចាត់វិធានការយ៉ាងតឹងរឹងតាមច្បាប់ជាធរមាន ចំពោះគ្រឹះស្ថានដែលប្រព្រឹត្តិល្មើស។
លោកថា បើគ្រឹះស្ថានពាណិជ្ជនៅតែបន្តយកអត្តសញ្ញាណប័ណ្ណរបស់អតិថិជនជាទ្រព្យបញ្ចាំ នឹងត្រូវប្រឈមមុខនឹងទណ្ឌកម្មខាងវិន័យស្របតាមមាត្រា ៥២ នៃច្បាប់ស្តីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដូចជា ការពិន័យជាប្រាក់ជាដើម។
លោកបន្តទៀតថា ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ និងត្រួតពិនិត្យប្រព័ន្ធធនាគារធនាគារជាតិនៃកម្ពុជា គឺហាមដាច់ខាតក្នុងការរក្សាលិខិតយថាភូតច្បាប់ដើមរបស់អតិថិជន ដូចជា អត្តសញ្ញាណប័ណ្ណ ឬ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅសម្រាប់ធានាលើការផ្តល់ឥណទាន ព្រោះលិខិតយថាភូតទាំងនេះ ត្រូវបានប្រើប្រាស់សម្រាប់បញ្ជាក់អត្តសញ្ញាណបុគ្គល និងស្រង់ស្ថិតិតែប៉ុណ្ណោះ និងពុំមានតម្លៃសេដ្ឋកិច្ចសម្រាប់ការធានាលើឥណទាន ឬ គោលបំណងផ្សេងទៀតនោះទេ ។ ដូចនេះបើគ្រឹះស្ថានណានៅតែបន្តរក្សាទុកលិខិតយថាភូតច្បាប់ដើមរបស់អតិថិជនត្រូវប្រគល់ឲ្យអតិថិជនវិញជាបន្ទាន់។
ទន្ទឹមនឹងនោះ លោកក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដើម្បីជៀសវាងការកេងប្រវ័ញ្ច ឆបោកពីជនល្មើស និងការឃោសនាមិនសមហេតុផលពីជនមួយចំនួនដែលមានចេតនាបំផ្លាញការរីកចម្រើនរបស់វិស័យទាំងមូល។
លោក ជា ចាន់តូ បានគូសបញ្ជាក់ថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាពលរដ្ឋនៅតាមតំបន់ជនបទដើម្បីបង្កើត និងពង្រីកអាជីវកម្មរបស់ខ្លួន។
ជាមួយគ្នានេះ លោកទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក៏បានស្នើដល់គ្រប់គ្រឹះស្ថានត្រូវអនុវត្តតាមឲ្យមានប្រសិទ្ធភាពខ្ពស់តាមគោលការណ៍ផ្ដល់ឥណទានប្រកបដោយការទទួលខុសត្រូវ ដើម្បីឲ្យទទួលបានផលប្រយោជន៍ទាំងសងខាងទាំងអ្នកប្រើប្រាស់ អ្នកផ្ដល់ឥណទាន៕