ក្រុមហ៊ុន Ly Ly Food Industry Co., Ltd បង្កើតឡើងក្នុងខែឧសភា ឆ្នាំ២០០២ ដោយលោកជំទាវឧកញ៉ា កែវ មុំ ដើម្បីផលិតផលិតផលម្ហូបអាហារដែលមានគុណភាពជាយីហោរបស់ខ្មែរ។
បើកក្រឡេកទៅមើលពីអតីតកាលកាលពី ២០ ឆ្នាំមុន ក្រុមហ៊ុន លីលី គ្រាន់តែសិប្បកម្មដ៏តូចមួយ ដែលមានបុគ្គលិកប្រហែល ២០ ទៅ ៣០នាក់ ប៉ុណ្ណោះ តែមកទល់ពេលនេះមានបុគ្គលិករហូតដល់រាប់រយនាក់។
ជោគជ័យនំស្រួយលីលី គឺបានមកពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តចំពោះផលិតផលអាហារមានគុណភាព និងសុខភាពល្អ ដែលមានលោកជំទាវឧកញ៉ា កែវ មុំ ជាមគ្គុទេសន៍ដ៏ឆ្នើម។ ក្នុងនាមជាប្រធានក្រុមហ៊ុន Ly Ly Food Industry Co., Ltd. លោកជំទាវតែងតែស្វែងរកឱកាសប្រកបដោយភាពច្នៃប្រឌិតលើផលិតផលរបស់ខ្មែរឲ្យសមសម្របតាមស្តង់ដារផលិតផលអន្តរជាតិ ដើម្បីបង្កើនប្រាក់ចំណូល និងប្រាក់ចំណេញ។
ក្រៅពីគាំទ្រក្នុងស្រុកទូទាំងប្រទេស នំស្រួយលី លី នាំ នាំចេញទៅលក់ដល់ 13 ប្រទេស
ក្រុមហ៊ុននំស្រួយ លីលី មិនត្រឹមជាសហគ្រាសផលិតដើម្បីផ្គត់ផ្គង់នៅស្រុកប៉ុណ្ណោះនោះទេ តែក៏បាននាំចេញផ្គត់ផ្គង់នៅក្រៅប្រទេសមានដូចជា៖
-អូស្ត្រាលី -ប្រទេសកាណាដា -ចិន -ឥណ្ឌូនេស៊ី -ប្រទេសអ៊ីតាលី -ម៉ាឡេស៊ី -ម៉ូរីស -មីយ៉ាន់ម៉ា (ភូមា) -កូរ៉េខាងត្បូង -កូរ៉េខាងជើង -ប្រទេសថៃ -សហរដ្ឋអាមេរិក -វៀតណាម
ក្រុមហ៊ុន លីលី វិនិយោគរួម ១៦ លានដុល្លារ ជាមួយនឹងក្រុមហ៊ុនជប៉ុន
នៅឆ្នាំ ២០១៨ ក្រុមហ៊ុនផលិតនំស្រួយ លីលី ដែលជាក្រុមហ៊ុនផលិតអាហារក្នុងស្រុកបានប្រកាសពីការវិនិយោគរួម ១៦ លានដុល្លារជាមួយក្រុមហ៊ុនជប៉ុន ដើម្បីបង្កើតក្រុមហ៊ុនថ្មីមួយឈ្មោះ លីលីខាមេដា ដើម្បីបង្កើនការនាំចេញរបស់ខ្លួន ៣ ដងលើការនាំចេញបច្ចុប្បន្នរបស់ក្រុមហ៊ុន។
នេះគឺជាមោទនភាពរបស់ប្រទេសកម្ពុជា ដែលមានក្រុមហ៊ុនគំរូ ដូចជាក្រុមហ៊ុន លីលី ហ្វូ៊ដ ដែលមានកេរ្តិ៍ឈ្មោះល្បី ដល់អន្តរជាតិ និងជាក្រុមហ៊ុន ដែលប្រកបដោយស្តង់ដារខ្ពស់ ដែលអាចទាក់ទាញចំណាប់អារម្មណ៍ពីក្រុមហ៊ុនដ៏ធំខាងផ្នែកផលិតនំស្រួយនៅប្រទេសជប៉ុនឲ្យមកចាប់ដៃគូវិនិយោគជាមួយ។
ក្រុមហ៊ុន លីលី ហ៊្វូត លីលី ខាមេដា ចុះកិច្ចសន្យាជាមួយក្រុមផលិតផ្គត់ផ្គង់ ចែកចាយផលិត ផលកសិកម្មរបស់ក្រសួងកសិកម្ម
កាលពីឆ្នាំ២០២០ ក្រុមហ៊ុន លីលី ហ៊្វូត លីលី ខាមេដា បានចុះកិច្ចសន្យាស្តីពី “ការទិញ លក់ ចែកចាយផលិតផលកសិកម្មដោយបានប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកជាអង្ករ ពោត និងដំឡូងមីរាប់ពាន់តោន។
កិច្ចសន្យានេះ ដើម្បីជួយជំរុញខ្សែច្រវាក់តម្លៃផលិតកម្ម ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឱ្យអស់លទ្ធភាព កាត់បន្ថយការនាំចូល ផ្តល់ឱកាសដល់ប្រជាកសិករដែលជាអ្នកផលិត បង្កើនប្រាក់ចំណូលដល់គ្រួសារ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មរបស់រដ្ឋាភិបាលកម្ពុជា គឺត្រូវជំរុញការនាំចេញទំនិញកែច្នៃកសិកម្មឱ្យបាន១២% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥ ។
ទទួលវិញ្ញាបនបត្រហាឡាលពីគណៈកម្មាធិការគ្រប់គ្រងហាឡាល់កម្ពុជា
ក្រុមហ៊ុន លី លី ហ្វូដខូអិលធីឌី (លីលី ហ្វូដ) បានទទួលវិញ្ញាបនបត្រហាឡាលពីគណៈកម្មាធិការគ្រប់គ្រងហាឡាល់កម្ពុជា (CHSC)។ វិញ្ញាបនប័ត្រនេះនឹងចូលរួមឲ្យផ្សព្វផ្សាយផលិតផលយីហោ លី លី ដល់ប្រជាជនខ្មែរឥស្លាមដើម្បី «ប្រើប្រាស់ដោយទំនុកចិត្ត»។
ចក្ខុវិស័យ
ក្រុមហ៊ុននំស្រួយ លីលី មានចក្ខុវិស័យគឺផ្តល់នូវផលិតផលខ្មែរ ដែលមានគុណភាពល្អបំផុតសម្រាប់ពិភពលោក។
បេសកកម្ម
ជាមួយគ្នានេះ ក្រុមហ៊ុនមានបេសកកកម្ម ប្រែក្លាយជាក្រុមហ៊ុនផលិតឈានមុខគេរបស់កម្ពុជា ដោយប្រើប្រាស់គ្រឿងផ្សំក្នុងស្រុកដ៏ល្អបំផុតពីកសិករ ផ្តល់នូវបទពិសោធន៍ជាមួយផលិតផលដែលមានតម្លៃសមរម្យ ឆ្ងាញ់មិនអាចបំភ្លេចបាន។
គោលដៅ
គោលដៅរបស់ក្រុមហ៊ុន គឺផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាក ដើម្បីអាចលើកកម្ពស់គុណភាពជីវិត ទន្ទឹមនឹងការកសាងសហគមន៍មួយប្រកបដោយភាពរីកចម្រើន៕