មក​ដល់​ពេលនេះ ​​ផ្សារ​ទំនើប​អ៊ីអនទាំង​​ ៣កន្លែង​ ចាយ​ទុន​អស់​ជាង ៧០០ លានដុល្លារ

អាជីវកម្ម

ផ្សារទំនើប​អ៊ីអន ម៉ល​គឺជាផ្សារ​ទំនើប​ដ៏ធំបំផុត​​នៅប្រទេសកម្ពុជា តាំងពី​បើក​ដំណើរការ​សាខាទី១​ជិត ១០ ឆ្នាំ​មុន។ ផ្សារទំនើបដែល​វិនិយោគ​ដោយ​ជប៉ុន​បាន​ដំណើរការ​បាន​ពីរ​សាខា​ និង​មួយ​សាខា​ទៀត​ដែល​កាន់​តែ​ធំ​ជាង​មុន កំពុង​ដំណើរការ​សាងសង់​គ្រោង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០២២ នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្សារ​ទំនើបអ៊ីអន សាខា​ទី ១ មាន​ទីតំាងស្ថិតនៅក្នុងសង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន។ ផ្សារ​ទំនើប​អ៊ីអន​សាខា​ទី​ដំបូង​នេះ បាន​បើក​ដំណើរការ​នៅ​ខែ​មិថុនា ឆ្នាំ​២០១៤ វិនិយោគ​អស់​ទឹកប្រាក់​ជាង ២០០ លាន​ដុល្លារ។

ក្រោយ​ជោគជ័យ​លើ​សាខា​ទី​មួយ ក្រុមហ៊ុន​អ៊ីអន បាន​ចាប់ផ្ដើម​វិនិយោគ​សាងសង់​គម្រោង​ផ្សារ​អ៊ីអន​ទី ​២ នៅ​ខណ្ឌ​សែនសុខ។

សាខាទី​ពីរ​នេះ​បាន​ចាយ​ទុន​ជាង ១២០ លាន​ដុល្លារ​អាមេរិក មាន​ទំហំ​ធំជាង​សាខា​ទី១ ដោយ​សាងសង់​លើ​ផ្ទៃ​ដី​ប្រមាណ ១០ ហិចតា និង​មាន​ផ្ទៃក្រឡា (floor area) សរុប​ជាង ១៥១ ០០០ ម៉ែត្រការ៉េ មាន​ចំណត​ធំ​ទូលាយ​អាច​ចត​រថយន្ត​បាន ២៥០០ គ្រឿង​និង​ម៉ូតូ​ចំនួន ២០០០ គ្រឿង​។

​ផ្សារទំនើបអ៊ីអន​ដែលជា​សាខា​ទី ២ បាន​សម្ពោធ​ដាក់​ឲ្យដំណើរការ​នៅ​ខែ​ឧសភា ឆ្នាំ​២០១៨ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុងរាជធានីភ្នំពេញ ជាពិសេស​ក្នុង​តំបន់​សែន​សុខ។

ដោយឡែក គម្រោង​សាងសង់​ផ្សារ​ទំនើប​អ៊ីអនម៉ល​សាខា​ទី៣ ដែល​កំពុង​ដំណើរការ​សាងសង់​មាន​ទីតាំង​នៅ​តាម​បណ្ដោយ​​មហាវិថី​ សម្តេច​តេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ក្នុង​ភូមិ​ព្រែកតាឡុង ៣ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ផ្សារ​ទំនើប​អ៊ីអន​ម៉ល​សាខា​ទី ៣ ក្នុង​ខណ្ឌមានជ័យ បាន​បើក​ការដ្ឋាន​តាំង​ពី​ខែតុលា ឆ្នាំ​២០២០ នឹង​ក្លាយ​ជា​សាខា​ផ្សារទំនើប AEON Mall ដែល​ធំជាង​គេ​នៅក្នុង​តំបន់​អាស៊ាន។ នេះ​បើ​តាម​សេក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន។

ដោយ​ប្រើប្រាស់​ទុន​វិនិយោគ​អស់​ជាង ២៩០ លាន​ដុល្លារ គម្រោង​ផ្សារ​អ៊ីអន​ទី ៣ អភិវឌ្ឍន៍​នៅ​លើ​ផ្ទៃ​ដី ១៧៤ ០០០ ម៉ែត្រ​ការ៉េ គឺ​ធំ​ជាង​សខា​ទី១ ពីរ​ដង និង​ធំជាង​សាខា​សែន​សុខបន្តិច។

ផ្សារទំនើបអ៊ីអនទី ៣ ឬសាខា​មានជ័យ បច្ចុប្បន្ន​កំពុងសម្រុក​ស្ថាបនាហើយ​តាម​ផែនការ​នឹង​រួចរាល់​នៅ​ឆ្នាំ​២០២២ នេះ៕