ថៅកែឱសថគីណាល់ ឧកញ៉ាបណ្ឌិត ហៃ លីអ៊ាង ប្រើបុគ្គលិកខ្មែរសុទ្ធ អាចឱ្យក្រុមហ៊ុនល្បីលើឆាកអន្តរជាតិ

ជុំវិញ​ឧកញ៉ា

ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ស្ថាបនិកក្រុមហ៊ុនខនហ្វីរេល (Confirel) និង​ជា​ម្ចាស់​សហគ្រាស​ផលិត​ឱសថ​ PPM ​​បាន​​លើក​ឡើង​​​ថា លោក​ប្រើប្រាស់​ដើម​ទុន ១០០% ជា​ការ​វិនិយោគ​ដោយ​ជនជាតិ​ខ្មែរ និង​ធនធាន​មនុស្ស​ទាំង​អស់​សុទ្ធតែ​ជា​ជនជាតិ​ខ្មែរ ​​ហើយ​ក្រុមហ៊ុន​ទាំង​ពីរ​របស់​លោក ​អាច​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​​ រហូត​​ល្បី​លើ​ឆាក​អន្តរជាតិ​ថែម​ទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា ​​បាន​ថ្លែង​ឱ្យ​ដឹង ​​កាល​ពី​ខែ​មីនា ឆ្នាំ២០២២​ ថា ក្រុមហ៊ុន Confirel បង្កើត​ឡើង​​នៅ​ឆ្នាំ​២០០១ ប៉ុន្តែ​លោក​បាន​គិត​គូរ​តាំង​ពី​របប​ខ្មែរ​ក្រហម​​​ដួល​រលំ​ កាល​ឆ្នាំ​១៩៧៩ មក​ម្ល៉េះ និង​បាន​រៀប​ចំ​​គំនិត​ក្លាយ​ជា​គម្រោង​ឡើង​នៅ​ឆ្នាំ​១៩៩០។ គំនិតបង្កើតក្រុមហ៊ុននេះ​ឡើង គឺ​ដើម្បីអាចឲ្យ​ផលិតផលក្នុង​ស្រុក​ ដែល​មាន​គុណភាពខ្ពស់ ​មានវត្តមាននៅលើទីផ្សារអន្តរជាតិបាន និងដើម្បីបង្កើន​ប្រាក់ចំណូល​របស់​កសិករ​ខ្មែរ។​

បច្ចុប្បន្ន​ក្រុមហ៊ុន Confirel ​​បាន​ផលិត​នូវ​ផលិត​ផល​ក្នុង​ស្រុក​​ជា​ច្រើន​ប្រភេទ​ដូចជា តែ​កញ្ចប់​ផ្កា​​ម្រេច​កំពត ស្ករ​ត្នោត​សរីរាង្គ ស្ករ​គ្រាប់​ត្នោត​សូកូឡា ស្រា​ទឹកត្នោត​រស់​ជាតិ​ដើម ស្រា​ទឹក​ត្នោត​រស់​ជាតិ​ខ្ញី ស្រា​ទឹក​ត្នោត​រស់​ជាតិ​ម្នាស់ ស្រា​ទឹកត្នោត​ចាយ៉ា ទឹកស៊ីរ៉ូត្នោតសរីរាង្គ និង​ផលិត​ផ្សេងៗ​មួយ​ចំនួន​ទៀត។ ផលិត​ផល​ក្នុង​ស្រុក​ទាំង​នេះ​ បាន​ជួយ​ឱ្យ​ក្រុមហ៊ុន​ឈ្នះ​ពាន​មាស​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង កាល​ឆ្នាំ​២០០៥ និង​ពាន​រង្វាន់​ជា​ច្រើន​ទៀត​​ដូច​ជា​ប្រទេស​ជប៉ុន និង​អាស៊ាន រួម​ទាំង​ពាន​រង្វាន់​សហគ្រិន​ថ្នាក់​ជាតិ​​លេខ​១ ប្រចាំ​ឆ្នាំ​២០២១ ផង​ដែរ។

រីឯ​សហគ្រាស​ផលិត​ឱសថ​ប៉េប៉េអឹម ​​លោក​ឧកញ៉ា ក៏​កំពុង​តែ​​​ពង្រីក​ទីផ្សារ​តំណាង​ចែក​ចាយ​ថ្នាំ​គីណាល់ ដែល​ជា​និមិត្ត​រូប​ឱ​សថ​ដ៏​ល្បី​របស់​កម្ពុជា ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ជា​ច្រើន​ប្រទេស។ កម្ពុជា បាន​ផលិត​ថ្នាំ​គីណាល់ ដំបូង​គេ​​នៅ​អាស៊ី​អាគ្នេយ៍ កាល​ឆ្នាំ១៩៦០។ រហូត​មកទល់​ពេល​នេះ​ ថ្នាំ​គីណាល់​ ដែល​​សម្រាប់​ព្យាបាល​ការ​ឈឺចាប់ បាន​ក្លាយ​ជា​ថ្នាំ​ដែល​ល្បី​ល្បាញ​បំផុត​​របស់​កម្ពុជា​ទាំង​នៅ​ក្នុង​ប្រទេស​ និង​លើ​ពិភព​លោក។

គីណាល់​ត្រូវបាន​នាំ​ចេញ​ទៅ​លក់​នៅ​បរទេស​រហូត​ដល់​ជាង​២០​ប្រទេស ​ដូច​ជា​ ប្រទេស​ហ្គីណេ​ កូតឌីវ័រ​ បេណាំង​ កុង​ហ្គោ​ តូ​ហ្គោ​ ម៉ាលី​ នីហ្សេ​ បួ​គីណា​ហ្វា​សូ​ សេណេ​ហ្កាល់​ ហ្គា​បុង​ ឆាដ​ កាមេរូន​ អង់​ហ្គោឡា ម៉ាដា​ហ្គា​ស្កា​ ហ្គំ​ប៊ី​ ជីប៊ូទី ហ្គីណេ​ អេក្វា​ទ័រ ម៉ូរី​តានី​ និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ព្រម​ទាំង​ប្រទេស​វៀតណាម ​ផង​​ដែរ៕