ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ឆមាសទី១ ឆ្នាំ២០២២នេះ ខ្លួនប្រមូលចំណូលពីវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា មានប្រមាណជិត ៤០លានដុល្លារអាមេរិក។
របាយការណ៍ស្តីពីសកម្មភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច ចេញផ្សាយនៅថ្ងៃចន្ទ ទី២៩ ខែសីហានេះ បានឲ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២២នេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នៃក្រសួងសេដ្ឋកិច្ច ប្រមូលចំណូលពីកម្រៃផ្សេងៗ បានចំនួន ១៤២,២០២.១១លានរៀល ឬប្រមាណជាង ៣៤លានដុល្លារអាមេរិក។
បើតាមបាយការណ៍ ចំណូលប្រមូលបានពីកាតព្វកិច្ចពីល្បែងសរុបមានចំនួន ១៤,៥៧៤.៤៥ លានរៀល ឬប្រមាណជាង៣ លានដុល្លារអាមេរិក ស្មើនឹង ៩.៦៥%នៃផែនការ ក្នុងនោះមាន ចំណូលកាតព្វកិច្ចពីល្បែងកាស៊ីណូ មានចំនួនជាង ១២,៦៤១. ៣៨លានរៀល ឬប្រមាណ ៣.១ ដុល្លារ ស្មើនឹង ៨.៥% ធៀបនឹងផែនការ និងចំណូលកាតព្វកិច្ចពីល្បែងផ្សងសំណាង ( ឆ្នោត-ឡូតូ) មានចំនួន ១,៩៣៣.០៧លានរៀល ប្រមាណជាង៤៦ម៉ឺនដុល្លារ ស្មើនឹង ៨២.១៨%ធៀបនឹងផែនការ។
យ៉ាងណាក៏ដោយចុះ ចំណូលពីវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជាបន្តនៅកម្រិតទាបនៅឡើយគិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ ២០២២ បើទោះបីរដ្ឋាភិបាលបានប្រកាសបើកប្រទេសពេញលេញឡើងវិញ តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១ ជាពិសេសការបន្ធូរបន្ថយកាតព្វកិច្ចតម្រូវការចូលមកសម្រាប់ភ្ញៀវទេសចរក្តី។
តួលេខពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មនៃក្រសួងសេដ្ឋកិច្ច បង្ហាញថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ ២០២២ មានកាស៊ីណូចំនួន ២០ ប៉ុណ្ណោះដែលបើកដំណើរការក្នុងចំណោមក្រុមហ៊ុនដែលធ្លាប់ទទួលបានអាជ្ញាប័ណ្ណជាង ២០០ ធ្វើឱ្យការប្រមូលចំណូលពីវិស័យនេះត្រឹមឆមាសទី១ គឺប្រមូលបានត្រឹមតែជាង ៨ ភាគរយតែប៉ុណ្ណោះ បើធៀបទៅនឹងច្បាប់ថវិកាដែលតម្រូវឱ្យការរកចំណូលពាក់ព័ន្ធនឹងកាតព្វកិច្ចពីកាស៊ីណូ ឆ្នោត អាជ្ញាប័ណ្ណ ត្រូវគ្រោងចំនួន ១៧៤,២ ពាន់លានរៀល។ ដោយឡែកពីវិស័យផ្សងសំណាង ប្រមូលបានប្រមាណ ៧៦ ភាគរយ នៃច្បាប់ថវិកាឆ្នាំ ២០២២៕