ត្រឹមឆ្នាំនេះ ស្ពានអាកាសនៅភ្នំពេញមាន ៩, បានបើកដំណើរការចាយថវិកាជាង ៨៥លានដុល្លារ, កំពុងនិងត្រៀមបើកការដ្ឋានសាងសង់

សង្គម​ និង​សេដ្ឋកិច្ច

គិតមកពេលនេះ រាជធានីភ្នំពេញមានស្ពានដែលបានឲ្យដំណើការចំនួន៦ហើយ លើកលែងតែស្ពានចំនួន៣ទៀត ក្នុងនោះមានស្ពានអាកាសឫស្សីកែវ កំពុងដំណើរការសាងសង់នៅឡើយ ខណៈស្ពានអាកាស ២ទៀត ​គឺស្ពានអាកាសថ្មី ស្ថិតនៅផ្លូវ៦០ម៉ែត្រ និងស្ពានទីស្ពាននៅស្តុបស៊ិនជូរីប្លាស្សា ប្រសព្វរវាងមហាវិថី សហព័ន្ឋរុស្ស៉ី ក៏នឹងចាប់ផ្តើមបើកការដ្ឋាននាថ្ងៃពុធទី៣១ សីហានេះផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជារួមបើគិតទាំងស្ពានអាកាសដែលបានដាក់អោយដំណើរការរួចរាល់ហើយ ចាយថវិកាប្រមាណ ៨៥,៦៤៨,៥០៩.៧ដុល្លារ ខណៈដែលកំពុងសាងសង់ និងត្រៀមបើកការដ្ឋានសាងសង់នៅរាជធានីភ្នំពេញមិនទាន់រាប់បញ្ចូលនោះទេ។

តោះ! ដើម្បីបានជ្រាប់ច្បាស់ ខាងក្រោមនេះគឺជាស្ពានអាកាសទាំង៩នៅក្នុងរាជធានីភ្នំពេញ។

១. ស្ពានអាកាសក្បាលថ្នល់

ស្ពាន​អាកាស​ក្បាល ថ្នល់​ទី​១ ស្ពាននេះស្ថិតនៅលើដងមហាវិថីព្រះនរោត្តម និងផ្លូវជាតិលេខ២ ត្រង់ចំណុចរង្វង់មូលក្បាលថ្នល់ ហើយមានទីតាំងស្ថិតក្នុងព្រំប្រទល់ខណ្ឌមានជ័យ និងខណ្ឌចំការមន ដែលស្ពានអាកាសដំបូងគេបំផុតនៅរាជធានីភ្នំពេញ។ ស្ពាននេះ មានបណ្តោយៈ ៣០៨ម ទទឹងៈ ១៤.២ម កំពស់ៈ ៥.២ម៉ែត្រ។ ស្ពាននេះ បានចាប់ផ្តើមសាងសង់ៈ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០០៩ បញ្ចប់ការសាងសង់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១០ ប្រើរយៈពេលសាងសង់ ១២ខែ​​ បានបើកសម្ភោធដាក់ឲ្យប្រើប្រាស់ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៣។ ការសាងសង់ស្ពាននេះ បានចំណាយ​ថវិកា​អស់ ៦.៤៤០.២១៦​ដុល្លារ​សហរដ្ឋអាមេរិក។

២. ស្ពានអាកាស៧មករា ឬ ស្ពានស្តុបពេទ្យលោកសង្ស

ស្ពាននេះស្ថិតនៅក្នុង ខណ្ខទួលគោក ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានលក្ខណៈពិសេសរបស់ស្ពាន : ស្ពាននេះគឺស្ថិតនៅលើបណ្តោយមហាវិថីសហព័ន្ធរុស្សី ដោយមានបែកខ្នែងភា្ជប់ទៅវិថិកម្ពុជាក្រោម ជាស្ពានបេតុង ព្រមទាំងបង្កាន់ដៃសង្ខាងកំពស់១.០៨ម៉ែត្រ ដែលស្ថាបនា ឡើងដោយមានសួនច្បារនៅពីខាងក្រោមស្ពាន។ ស្ពាននេះ មានប្រវែង៣៤៥ម៉ែត្រ ទទឹង១៥.២០ម៉ែត្រ អាចចរាចរទ្វេរទិស មាន២ខ្សែសំរាប់រថយន្តទៅ និង២ខ្សែមក ជាមួយនឹងរបាំងបេតុងបែងចែកទ្រូងស្ពាន។ស្ពាននេះ បានបើកករដ្ឋានសាងសង់កាលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ក្នុងរយៈពេលសាងសង់ ១៣ខែ និងចំណាយទឹកប្រាក់នឹងត្រូវចំនាយ : ៨,៧០៥,៨០៨ដុល្លាសហរដ្ឋអាមេរិក។

៣. ស្ពានអាកាសស្ទឹងមានជ័យ

ស្ពាន​អាកាស​ស្ទឹងមានជ័យនេះ ជាព្រំប្រទល់ខណ្ឌទួលគោក និង ខណ្ឌចំការមន និង ខណ្ឌមានជ័យ​។​  ​វាជា​ស្ពាន​អាកាស​ទី​៣ ​បន្ទាប់ពី​ស្ពាន​អាកាស​ក្បាល ថ្នល់​ ​និង​ស្ពាន​អាកាស ៧​មករា​ (ស្តុ​ប​ពេទ្យ​លោកសង្ឃ) ក្នុងរាជធានីភ្នំពេញ។ សាងសង់​ស្ពាន​អាកាស​ធំ ពី​បេតុង​អារ​មេ​ស្រប​ពីលើ​ផ្លូវ​លេខ ២៧១ ត្រង់ចំណុច​ភ្លើងស្តុប​មាន​ទទឹង ១៤,៨០​ម៉ែត្រ សម្រាប់​ចរាចរ​ទ្វេរ​ទិស ដោយមាន ២​ខ្សែ​ទៅ និង​២​ខ្សែ​មក​។​ ស្ពាននេះ បានចាប់​ផ្ដើម​កសាង​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២។ ប្រតិបត្តិ​ការស្ថាបនា​ស្ពាន​អាកាស​ស្ទឹងមានជ័យ បាន​បែង​ចែកជា ២​ដំណាក់កាល រួមមាន​៖

ដំណាក់កាល​ទី​១៖ សាងសង់​ស្ពាន​អាកា​សមេ ២ ស្ពាន​រូង​ក្រោម​ដី ១ ដោយ​ប្រើ​រយៈពេល​សាងសង់ ចំនួន ១៨​ខែ និង​ត្រូវ​ចំណាយ​ថវិកា​អស់​ប្រមាណ​ជាង ១២ លាន​ដុល្លារ​។​

ដំណាក់កាល​ទី​២៖ សាងសង់​ស្ពាន​បែង​ខ្នែង​ចំនួន ១ និង​ស្ពាន​ឆ្លងកាត់​ប្រឡាយ​ចំនួន ២ ដោយ​ប្រើ​រយៈពេល​សាងសង់​ចំនួន ៨​ខែ និង​ចំណាយ​អស់​ថវិកា​ប្រមាណ​ជិត ៥ លាន​ដុល្លារ​។ ​ជារួម ស្ពាននេះត្រូវបានបើកសម្ពោធជាផ្លូវការ​នៅកាល​ថ្ងៃទី៣១ កក្កដា ២០១៤ ។

៤.​ ស្ពានអាកាស៥មករា ឬ ស្ពានអាកាសតិចណូ

ស្ពានអាកាសតិចណូត្រូវបានសម្ភោតអោយប្រើប្រាស់នៅថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០១៦ មានឈ្មោះថា ស្ពានអាកាស ៥មករា ដោយថ្ងៃនេះជាថ្ងៃខួបគំរបខួបអាពាហ៍ពិពាហ៍ ៤០ ឆ្នាំនៃសម្តេចហ៊ុនសែន។ មានប្រវែង ៣៨២ ម៉ែត្រ ទទឹង ១៥.៨ ម៉ែត្រ ស្ពាននេះរត់បណ្តោយមហាវិថី​សហព័ន្ឋរុស្ស៊ី ​ឆ្លងកាត់ខាងលើ​ប្រសព្វមហាវិថី គីម អ៊ីលស៊ុង ​និង មហាវិថី ម៉ៅ សេទុង​ និង ផ្លូវក្រោមដីមានប្រវែង ៣៥៦ ម៉ែត្រ ទទឹង ៦ ទៅ ៨ ម៉ែត្រ។ ផ្លូវអមស្ពានមានប្រវែងសរុប ៨២៥ ម៉ែត្រ ទទឹង ៥.៥ ម៉ែត្រ។

ស្ពាននេះ បានបើកការដ្ឋាន​សាងសង់ កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ​បញ្ចប់ ការ​សាង​សង់ ​នៅថ្ងៃទី០៩ ខែ​មករា ឆ្នាំ២០១៦។​ស្ពាននេះ​ សាងសង់ដោយក្រុមហ៊ុន ​វិនិយោគទុនអាណិកជនកម្ពុជា​ ( OCIC )​ ដោយតាមគម្រោង​នឹងនិង ចំណាយថវិកាសាងសង់ ​១៤.៥០២.៤៧៦ដុល្លារ ​បានមកពីគម្រោងវិនិយោគ នានា​របស់ក្រុមហ៊ុន OCIC។

៥. ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ហៅស្ពានអាកាសផ្សារដីហ៊ុយ

ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ហៅស្ពានអាកាសផ្សារដីហ៊ុយ ដែលជាស្ពានអាកាសទី៥ នៅក្នុងរាជធានីភ្នំពេញ ដែលមានគុណប្រយោជន៍ធំធេងក្នុងការរំដោះការកកស្ទះចរាចរ។ ស្ពាននេះ មានប្រវែងសរុប ៩៤២ម៉ែត្រ ទទឹង ១៦,៥ម៉ែត្រ ក្នុងនោះតួស្ពាន មានប្រវែង ៦១០ម៉ែត្រ និងផ្លូវតភ្ជាប់ក្បាលស្ពានសងខាង ប្រវែងសរុប ៣៣២ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ។ ចំណាយថវិកាសាងសងសរុបប្រមាណ១៧លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ពន្ធ និងអាករផ្សេងៗ។

ស្ពាននេះ បានប្រើពេលសាងសង់ចំនួន ២៤ខែ ចាប់ពីខែឧសភា ឆ្នាំ២០១៦ ហើយបញ្ចប់ការសាងសង់នៅខែឧសភា ឆ្នាំ២០១៨ ហើយត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃចន្ទ ០៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ។

៦. ស្ពានអាកាស និង ផ្លូវក្រោមដីចោមចៅ

ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ដែល​បាន​បើក​ការដ្ឋាន​សាងសង់ កាលពីថ្ងៃ​ទី​ ២៩ ខែមិថុនា ឆ្នាំ​ ២០១៩ និង​បាន​ប្រើប្រាស់​ពេលវេលា​សាងសង់​អស់​រយៈពេល​ជាង​ ៣០ ខែ និង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ២២ ​លាន​ដុល្លារ ត្រូវបាន​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ចាប់ពី​ថ្ងៃទី​ ៣១ ខែមីនា ឆ្នាំ​ ២០២២ ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ស្ពាន​អាកាស និង​ផ្លូវ​ក្រោមដី​ចោមចៅ​ជា​គម្រោង​របស់​រាជរដ្ឋាភិបាល តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​ទទួល​ម៉ៅការ​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​-​កម្ពុជា (OCIC)​។

៧.ស្ពានអាកាសឫស្សីកែវ

បច្ចុប្បន្នគម្រោងស្ពានអាកាសឫស្សីកែវ កំពុងដំណើរការសាងសង់នៅឡើយ។ ស្ពាននេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការកាល ថ្ងៃទី ៣១ មករា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ស្ពានអាកាសថ្មីនេះ ស្ថិតត្រង់ចំណុចប្រសព្វរវាងផ្លូវជាតិលេខ៥ និងស្ពានបេតុងអារមេខ្សែកាបឫស្សីកែវ ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វារ។

ស្ពានអាកាសនេះមានបណ្តោយសរុបប្រវែង៤៨៣ ម៉ែត្រ និងមានទទឹង ១៥,៨ ម៉ែត្រ ដោយគ្រោងចំណាយថវិកាសាងសង់ប្រមាណ ៩,៧ លានដុល្លារអាមេរិក និងសាងសង់ដោយក្រុមហ៊ុន OCIC ក្នុងរយៈពេលប្រមាណ១៥ខែ។

៨.គម្រោងសាងសង់ស្ពានអាកាសថ្មី ស្ថិតនៅផ្លូវ៦០ម៉ែត្រ

រាជធានីភ្នំពេញ នឹងបើកការដ្ឋានគម្រោងសាងសង់ស្ពានអាកាសថ្មីនៅច្រមុះជ្រូកក្បាលថ្នល់ ទីតាំងប្រសព្វរវាងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថី ព្រះមុនី្នវង្ស និងវិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១) នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នេះ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

៩.គម្រោងសាងសង់ស្ពានអាកាសថ្មី ស្ថិតនៅទីតាំងស្តុបស៊ិនជូរីប្លាស្សា

គម្រោងសាងសង់ស្ពានអាកាសថ្មី ដែលស្ថិតនៅទីតាំងស្តុបស៊ិនជូរីប្លាស្សានេះ គឺប្រសព្វរវាងមហាវិថី សហព័ន្ឋរុស្ស៉ី មហាវិថី សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ ២០០៤) និងផ្លូវលេខ ២០១១។ស្ពាននេះផងដែរ ក៏នឹងបើកការដ្ឋានសាងសង់ក្រោមវត្តមាន សម្តេច ហ៊ុន សែន នាទី៣១ ខែសីហា ឆ្នាំ២០២២ នេះផងដែរ។

គួរបញ្ជាក់ដែរថា បើតាមការលើកឡើងរបស់សម្តេច ហ៊ុន សែន ធ្លាប់បានបញ្ចាក់ថា ការសាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីនេះ គឺជាឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលកំពុងមានកំណើនជារៀងរាល់ថ្ងៃ៕ អត្ថបទ៖រង្សី