សម្តេច ហ៊ុន សែន៖កម្ពុជា នឹងសាងសង់ស្ពានអាកាស៣ទៀត ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋភិបាលកម្ពុជា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ បានលើកឡើងថា ប្រទេសកម្ពុជា នឹងមានតម្រូវការសាងសង់ស្ពានអាកាសចំនួន៣ ទៀត ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋដែលកំពុងមានកំណើនជារៀងរាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានអាកាស ចំនួន០២កន្លែងបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ កាលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្តេច ហ៊ុន សែន បានបញ្ចាក់ថា ការសាងសង់ស្ពានអាកាសនាពេលកន្លងមក នឹងពេលនេះ គឺជាឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលកំពុងមានកំណើនជារៀងរាល់ថ្ងៃ ពិសេសដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

ក្នុងនោះ សម្តេច បានបញ្ជាក់ដូច្នេះថា«ប្រទេសកម្ពុជា នឹងមានតម្រូវការស្ពានអាកាសចំនួន៣ ទៀត ទី១ ពីភ្នំពេញទៅស្វាយជ្រុំ មិត្តកូរ៉េ នឹងបន្តជួយដល់កម្ពុជា ដែលមានន័យថា ជាស្ពានមិត្តភាពកម្ពុជានិងកូរ៉េ។ ទី២ ស្ពានព្រែកតាកុយ ដើម្បីបង្វាងចរាចរណ៍នេះផ្នែកខាងទន្លេមេគង់។ និងទី៣ កសាងស្ពានមួយទៀត នៅម្តុំព្រែកប្រា កំពុងចរចាជាមួយប្រទេសចិន»។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន ៦ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស៧មករា ,ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាស៥មករា,ស្ពានអាកាសមិត្តភាព កម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ», ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ។

ជាមួយគ្នានេះ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងដំណើរការសាងសង់ស្ពានអាកាស១ទៀតដែរ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសព្វនៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វាផងដែរ។ បូករួមទាំងគម្រោងស្ពានអាកាស២ទៀត គឺ ស្ពានអាកាសស្តុបស៊ិនជូរី និងច្រមុះជ្រូកក្បាលថ្នល់ ដែលបានបើកការដ្ឋាននាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ដូច្នេះរាជធានីភ្នំពេញ នឹងមានស្ពានការសរុប៩ ឆាប់ៗនេះផងដែរ៕

អត្ថបទ៖ រង្សី