សេដ្ឋី ៤រូប បង្ហាញមុខអមដំណើរសម្តេចតេជោបើកការដ្ឋានសាងសង់ស្ពានអាកាស ២ទីតាំង តម្លៃ ៤៨លានដុល្លារព្រឹកមិញ

ជុំវិញ​ឧកញ៉ា

រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃពុធ ទី៣១ ខែសីហានេះ សម្រេចបើកការដ្ឋានគម្រោងសាងសង់ស្ពានអាកាសចំនួន ២ទីតាំងស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់ មន្រ្តីរាជសាលារាជធានីភ្នំពេញ ព្រមទាំងប្រជាពលរដ្ឋរាប់រយនាក់ ប្រារព្ធឡើងនៅមហាវិថីផ្លូវ ៦០ម៉ែត្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្រ្តីរាជការ នៅក្នុងពិធីបើកការដ្ឋានព្រឹកមិញនេះ ក៏មានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា ឧកញ៉ា ម្ចាស់អាជីវកម្មគ្រាក់ៗចំនួន ៤រូបផងដែរ គឺអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC, អ្នកឧកញ៉ា លី ឆេង ស្ថាបនិកក្រុមហ៊ុន ប៊ែលធី គ្រុប និងជាសមាជិករដ្ឋសភាជាតិ, ឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ហើយក៏ជាប្រធានក្រុមប្រឹក្សាភិបាល ធនាគារពាណិជ្ជ អាល់ហ្វា ម.ក និងឧកញ៉ា វ៉ាន់ ឆារស៍ អគ្គនាយករងក្រុមហ៊ុន OCIC និងជាទីប្រឹឹក្សាជាន់ខ្ពស់ស្ថានីយ៍ទូរទស្សន៍ បាយ័ន។

វត្តមានអ្នកឧកញ៉ា ពុង ឃាវសែ បង្ហាញមុខចូលរួមពិធីនេះ ក៏អាចទំនងដោយសារគម្រោងស្ថាបនាស្ពានអាកាសទាំងពីរនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC របស់អ្នកឧកញ៉ាផ្ទាល់ ដោយចំណាយថវិកាសរុប ៤៦,៧៧៥.០០០ដុល្លាអាមេរិក ឯណោះ។

សូមជម្រាបជូនថា ស្ពានអាកាសដែលសាងសង់បន្ថែមទាំងពីរនេះ ទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ទី២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ៕