ស្រុកចំនួន៤ ​ក្នុង​ខេត្ត​កណ្ដាល​ត្រូវ​បាន​កំណត់​ជា​តំបន់​ប៉ូល​សេដ្ឋកិច្ច ​

សង្គម​និង​សេដ្ឋកិច្ច
1.1K Shares

​ស្រុក​ចំនួន​​៤ ​ក្នុង​ខេត្ត​​កណ្ដាល​ត្រូវ​បាន​​កំណត់​ជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​​ក្នុង​ការ​អនុវត្ត​គម្រោង​គាំទ្រ​និរន្តភាព​ហេដ្ឋារចនាសម្ព័ន្ធជនបទ ​ដើម្បី​ទីផ្សារ​កសិករ និង​ពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ខេត្ត​កណ្ដាល។​ នេះ​បើតាម​ប្រសាសន៍​ លោក​ស្រី ជី ថាវី ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជន​បទ​ខេត្ត​កណ្ដាល ​បាន​​ថ្លែង​ដូច​នេះ​នៅ​នៅ​ក្នុង​ កិច្ច​ប្រជុំ​ពិភាក្សា​ពិគ្រោះ​យោបល់​កំណត់​តំបន់​ប៉ូលសេដ្ឋកិច្ច​ សម្រាប់​អនុវត្ត​គម្រោង​គាំទ្រ​និរន្តរភាព​ហេដ្ឋារចនា​សម្ព័ន្ធជនបទ ដើម្បី​ទីផ្សារ​កសិករ ​និង​ពាណិជ្ជូបកម្ម កសិកម្ម (SAAMBAT) ខេត្ត​កណ្តាល ក្រោម​វត្តមាន​​លោក​ តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល។ ​




លោកស្រី ជី ថាវី ​បាន​បន្ថែម​ថា​ ​ការកំណត់ស្រុកចំនួន៤ ជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​ ក្នុង​ការ​អនុវត្ត​គម្រោង​គាំទ្រ​និរន្តរភាព​ហេដ្ឋារចនាសម្ព័ន្ធជនបទ ​ដើម្បី​ទីផ្សារ​កសិករ ​និង​ពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ខេត្តកណ្ដាល មាន​ស្រុក​ខ្សាច់កណ្ដាល ស្រុក​មុខ​កំពូល ស្រុក​ស្អាង និង​ស្រុក​ពញាឮ ហើយ​គម្រោង​នេះ​គឺ​ផ្ដោតសំខាន់​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធផ្លូវ​ជា​សំខាន់ ដោយ​កែ​ប្រែ​ពី​ផ្លូវ​កំទេច​ថ្ម​ ផ្លូវ​ដីស ផ្លូវ​គ្រួស​ក្រហម ទៅ​ជា​ផ្លូវ​បេតុង និង​ផ្លូវ​កៅ​ស៊ូDBST។ ​​ក្នុង​នោះ​ស្រុក​ខ្សាច់​កណ្ដាល ទទួល​បាន​១១គម្រោង ស្មើ៣១.៣៦គីឡូម៉ែត្រ ស្រុកមុខកំពូល ទទួលបាន០២គម្រោង ស្មើ១៥.២០គីឡូ​ម៉ែត្រ ​ស្រុកស្អាង ទទួលបាន១៣គម្រោង ស្មើ៥៩.១២គីឡូម៉ែត្រ និងស្រុកពញាឮ ទទួលបាន​៦គម្រោង ​ស្មើ៣០.៦៥គីឡូម៉ែត្រ។

បន្ថែម​លើ​នេះ​​លោក​ តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល​បានប្រសាសន៍ថា គម្រោង​គាំទ្រ​និរន្តភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ពិត​ជា​មានសារៈសំខាន់ណាស់ សម្រាប់​ប្រជាលរដ្ឋ ព្រោះ​វា​បាន​សម្រួលដល់ការធ្វើដំណើរ និង​ការ​ដឹក​កសិផលរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទៅកាន់ទីផ្សារ និងបានចូលរួម​ក្នុងការកាត់​បន្ថយ​ភាព​ក្រីក្រជូនប្រជាពលរដ្ឋផងដែរ។

លោក​បានស្មើដល់ក្រុមការងារ ត្រូវធ្វើការសិក្សាគម្រោងឱ្យបានល្អ ហើយត្រូវគិត​ពី​ផល​ប៉ះពាល់​របស់​ប្រជាពលរដ្ឋ និងត្រូវអនុវត្តទៅលើគម្រោងណាដែលមានអាទិភាព និងមានផ្លូវវែងមុន ព្រោះថា ផ្លូវនេះមិនត្រឹមតែសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាផ្ទាល់ប្រើប្រាស់នោះទេ តែសម្រាប់ប្រជាពលរដ្ឋ​ដែល​មកពីស្រុកផ្សេង និង​ខេត្តផ្សេងផងដែរ៕

1.1K Shares