កម្ពុជាបាននាំចេញទំនិញ ទៅកាន់ទីផ្សារជប៉ុន ឈានដល់ទំហំទឹកប្រាក់ជិត៧០០លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

គិតមកទល់ពេលនេះ ទំនិញដែលកម្ពុជា បាននាំចេញទៅជប៉ុន មានទំហំទឹកប្រាក់ ៦៦៧លានដុល្លារ ខណៈជប៉ុននាំចូលទំនិញមកកម្ពុជាវិញ ក្នុងទំហំទឹកប្រាក់ប្រមាណ ៤៧០លានដុល្លារផងដែរ។នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល​ជាងប្រមាណ៣ទសវត្សរ៍មកនេះ ជប៉ុន​បានចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការជួយអភិវឌ្ឍ​ប្រទេស​កម្ពុជា​ទាំងការផ្ដល់ជំនួយ និងការវិនិយោគ ហើយជប៉ុន​ក៏ស្ថិត​នៅក្នុងចំណោម​ប្រទេស​ដែលជា​ដៃគូវិនិយោគ និងពាណិជ្ជកម្មធំៗ​របស់​កម្ពុជាផងដែរ។

ជាក់ស្ដែងជិត​៣០ឆ្នាំមកនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគរបស់ជប៉ុនសរុប​ចំនួន​១៤៨គម្រោង មានទុនវិនិយោគជិត​៣ពាន់លានដុល្លារ។ហើយបើមើលនៅក្នុង​រយៈពេល​៨ខែដំបូង​នៅឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍ​ន៍​កម្ពុជា បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុនជប៉ុន​ធ្វើការវិនិយោគ​លើគម្រោងថ្មី​ចំនួន​៣គម្រោង ក្នុងទុនវិនិយោគ​៦,៤លានដុល្លារ។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន នារយៈពេល ៧ខែក្នុងឆ្នាំ២០២២នេះ មានទំហំទឹកប្រាក់ជាង ១ពាន់លានដុល្លារ កើនឡើង១៦% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងនោះ ទំនិញដែលកម្ពុជា បាននាំចេញទៅជប៉ុន មានទំហំទឹកប្រាក់ ៦៦៧លានដុល្លារ ខណៈជប៉ុននាំចូលទំនិញមកកម្ពុជាវិញ ក្នុងទំហំទឹកប្រាក់ប្រមាណ៤៧០លានដុល្លារ។

ក្នុងនោះ ដៃគូវិនិយោគសំខាន់ៗ ដែលបានវិនិយោគនៅកម្ពុជា មានដូចជា ប្រទេសចិន កូរ៉េខាងត្បូង ក៏ដូចជា ប្រទេសជប៉ុន ជាដើម។ ប្រទេសជប៉ុន ក៏ស្ថិតក្នុងចំណោមបណ្ដាប្រទេសដទៃ ដែលចូលរួមយ៉ាងសកម្មក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា៕