គេហៈទំព័រល្បីឈ្មោះ Nikkei Asia កាលពីពេលថ្មីៗនេះ បានសម្ភាសអ្នកវិនិយោគចិនជាច្រើននាក់ដោយសួរពីទស្សនវិស័យ និងផែនការអនាគតរបស់ពួកគេចំពោះគម្រោងដែលជាប់គាំងទាំងនោះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា សម្រេចបិទការលេងល្បែងអនឡាញក្នុងក្រុងព្រះសីហនុ គួបផ្សំនឹងការមកដល់នៃជំងឺរាតត្បាតកូវីដ-១៩ នាពេលកន្លងមកនេះ។
ក្នុងនោះ Nikkei Asia បានឲ្យដឹងថា វិនិយោគិនភាគច្រើនបង្ហាញចំណាប់អារម្មណ៍ក្នុងការត្រឡប់មកវិញ ប៉ុន្តែមានឧបសគ្គច្រើនយ៉ាងទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ដែលជាការរារាំងពួកគេ។កត្តាសំខាន់បំផុតមួយដែលធ្វើឱ្យវិនិយោគិនចិនពិបាកក្នុងបន្តគម្រោងដែលជាប់គាំង គឺការខ្វះខាតការគាំទ្រ និងជ្រោមជ្រែងពីរដ្ឋាភិបាលកម្ពុជា។ជាក់ស្ដែង កាលពីដើមខែកក្កដា ម្ចាស់គម្រោងចិនមួយក្រុមបានជួបពិភាក្សាជាមួយមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុជុំវិញបញ្ហានេះ ប៉ុន្តែនៅមិនទាន់ទទួលបានផ្លែផ្កាអ្វីទាំងអស់។
ដើម្បីត្រលប់មកវិញ Nikkei Asia បានឲ្យដឹងថា ពួកគេបានស្នើសុំរដ្ឋាភិបាលឱ្យជួយកាត់បន្ថយពន្ធពាក់ព័ន្ធនឹងគម្រោងរបស់ខ្លួន និងជួយបង្កើតសន្ទស្សន៍តម្លៃដីដែលច្បាស់លាស់ ដើម្បីទប់ស្កាត់បញ្ហាម្ចាស់ដីក្នុងស្រុកបំប៉ោងតម្លៃ។
បើតាម Nikkei Asia បានបន្តថា ចំពោះសំណើសំខាន់បំផុតដែលវិនិយោគិនចិនទាមទារគឺ ការសម្របសម្រួលពីដ្ឋាភិបាលក្នុងការដោះស្រាយវិវាទដីធ្លីរវាងពួកគេ និងម្ចាស់ដីក្នុងស្រុក។ជាងនេះទៀត វិនិយោគិនចិនមួយចំនួនបានរាយការណ៍ដែរថា ម្ចាស់ដីបានរឹបអូសអគាររបស់ពួកគេជាថ្នូរនឹងតម្លៃជួល ដែលវិនិយោគិនយល់ថាថ្លៃខ្លាំងពេក។
អ្នកអភិវឌ្ឍន៍ចិនឈ្មោះ Qiu ដែលបានប្រាប់ Nikkei ថា«គាត់បានវិនិយោគលើសណ្ឋាគារតម្លៃ ៣ លានដុល្លារនៅក្រុងព្រះសីហនុក្នុងឆ្នាំ ២០១៧ ។ ការសាងសង់ត្រូវបានបញ្ចប់នៅឆ្នាំ ២០២០ ប៉ុន្តែមិនអាចបើកបានទេ ដោយសារជម្លោះជាមួយម្ចាស់ដីដែលចង់រឹបអូសយកគម្រោងទាំងស្រុង»។
ផ្ទុយទៅវិញចំពោះការលើកឡើងខាងលើនេះដែរ បើតាម Nikkei បានឲ្យដឹងដែរថា ម្ចាស់ដីក្នុងស្រុកអះអាងថា អ្នកវិនិយោគចិនបានបំពានកិច្ចសន្យា ហើយមិនបង់ថ្លៃជួលដូចការសន្យា។ បន្ទាប់ពីបិទល្បែងអនឡាញ និងការមកដល់នៃវិបត្តិកូវីដ១៩ អ្នកវិនិយោគចិនបានចាកចេញពីប្រទេសកម្ពុជាដោយគ្មានពាក្យផ្ដែផ្ដាំ ហើយថែមទាំងមិនព្រមបង់ថ្លៃជួលដីទៀតផង។
អ្នកខ្លះទៀតអះអាងថា ដោយសារវិនិយោគិនទៅបាត់ស្ងាត់សូន្យនេះហើយ ដែលជាហេតុផលធ្វើឱ្យពួកគេគ្មានជម្រើស ក្រៅពីកាន់កាប់អគារនោះទុកវត្ថុបញ្ចាំ ហើយរង់ចាំឱ្យម្ចាស់គម្រោងចិនមកដោះស្រាយថ្លៃជួលវិញ។ ពួកគេគ្មានចេតនារឹបអូសអគារនោះជាអចិន្ត្រៃយ៍ទេ។
ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ឧកញ៉ា វណ្ណ សុខហេង មានប្រសាសន៍ថា ដើមចមនៃបញ្ហានេះគឺដោយសារភាគីទាំងសងខាង [អ្នកវិនិយោគចិន និងម្ចាស់ដីក្នុងស្រុក] មិនព្រមសម្របសម្រួលគ្នា ដូច្នេះទើបបញ្ហានេះមិនដាច់ស្រាច់ ។
ទោះជាយ៉ាងនេះក្តី ឧកញ៉ា សុខហេង ថា ដំណោះស្រាយខាងលើមិនងាយស្រួលដូចការគិតនោះទេ ដោយសារគម្រោងសំណង់ដែលជាប់គាំងភាគច្រើន មិនមានលិខិតអនុញ្ញាតសាងសង់ត្រឹមត្រូវ ដែលធ្វើអ្នកវិនិយោគថ្មីខ្លាចរអាមិនហ៊ានទិញ ព្រោះមិនអាចបន្ដការអភិវឌ្ឍបាន សូម្បីតែសុំភ្ជាប់ប្រព័ន្ធទឹកភ្លើង។
លោកឧកញ៉ាបានបន្តថា«ដូច្នេះដើម្បីដោះស្រាយបញ្ហានេះបាន ដូច្នេះរដ្ឋាភិបាលគួរតែចូលរួម។ មធ្យោបាយមួយគឺរដ្ឋាភិបាលជួយធ្វើឱ្យគម្រោងទាំងនោះស្របច្បាប់ដោយផ្តល់លិខិតអនុញ្ញាតសាងសង់។ មន្ត្រីពីក្រសួងអាចត្រួតពិនិត្យគុណភាពសំណង់ទាំងអស់នោះ ប្រសិនបើមិនបង្កគ្រោះថ្នាក់ដល់សាធារណជនទេ ក្រសួងគួរចេញលិខិតអនុញ្ញាតឱ្យពួកគាត់។ ការធ្វើដូច្នេះ នឹងលើកទឹកចិត្តដល់អ្នកវិនិយោគថ្មីក្នុងការទិញគម្រោងទាំងនេះ» ។
យ៉ាងណា អ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនួញក្នុងវិស័យអលនទ្រព្យទាំងជាតិ និងអន្តរជាតិ ក៏បានបង្ហាញការជឿជាក់ដែរថា បញ្ហានឹងធូរស្រាលនៅថ្ងៃណាមួយ ព្រោះជាក់ស្ដែងរដ្ឋាភិបាលបានចំណាយថវិកាជាង ៣០០លានដុល្លាររួចហើយ ក្នុងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ដូច្នេះមានន័យថារដ្ឋាភិបាល មានចក្ខុវិស័យវែងឆ្ងាយសម្រាប់ខេត្តនេះ៕