អគារ The Peak របស់អ្នកឧកញ៉ា សៀ ឫទ្ធី ដែលស្ថិតនៅទល់មុខមាត់ទន្លេ ក្បែរស្ពាននាគកោះពេជ្រ ខណ្ឌចំការមន គឺជាអគារពាណិជ្ជកម្ម ដែលខ្ពស់ជាងគេចំនួន៣ នៅរាជធានីភ្នំពេញ មានកម្ពស់ជាង ២០០ម៉ែត្រ និងមាន ៥៥ជាន់ ដោយចំណាយទុនវិនិយោគប្រមាណ ៥៨០ លានដុល្លារ។
The Peak បានបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ ដោយក្រុមហ៊ុនអភិវឌ្ឍន៍សិង្ហបុរី Oxley Gem (Cambodia) Co,.Ltd ដែលមានសក្ដានុពលខាងធនធានហិរញ្ញវត្ថុ ធនធានមនុស្ស និងបទពិសោធន៍លើវិស័យសំណង់អគារធំៗ ខ្ពស់ៗប្រណិត ហើយថែមទាំងទទួលបានកិត្ដិស័ព្ទ ដ៏ល្បីល្បាញខាងវិស័យអភិវឌ្ឍសំណង់អចលនវត្ថុ នៅសិង្ហបុរីជាច្រើនឆ្នាំមកហើយរួមជាមួយ Worldbridge Land។ ក្រុមហ៊ុននេះ ក៏បានចូលរួមវិនិយោគជាមួយអ្នកឧកញ៉ា សៀ ឫទ្ធី ក្នុងគម្រោងអគារ The Bridge Tower នៅក្បែរគ្នានោះ ចាប់តាំងពីឆ្នាំ២០១៣ មកផងដែរ។
អ្នកឧកញ៉ា សៀ ឫទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Land បានលើកឡើងថា អគារ The Peak មានអគារភ្លោះកម្ពស់ ៥៥ជាន់ដ៏ប្រណីត (កម្ពស់ ២១៨ ម៉ែត្រ) សម្រាប់ជាខុនដូរស់នៅ និងសណ្ឋានគារ The Shangri-La Hotel កម្ពស់ ២២៤ ម៉ែត្រ ដែលប្រកបដោយកិត្យានុភាព ក្នុងពិភពលោកជាយូរណាស់មកហើយ ឥឡូវបានចាប់ផ្ដើមមានវត្តមានក្នុងទឹកកម្ពុជា ដែលអគារនេះ មានចំណុះសរុប ចំនួនប្រមាណ ១០១៤ យូនីត រួមទាំងការិយាល័យ Grade A ចំនួន ៣៥ជាន់។
សូមបញ្ជាក់ថា អគារពាណិជ្ជកម្មខ្ពស់ជាងគេនៅរាជធានីភ្នំពេញ របស់ក្រុមហ៊ុន World Bridge Land នៅកម្ពុជា បានចាប់ដៃគូជាមួយ ក្រុមហ៊ុន Oxley Holding International ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានវិនិយោគទុនជាង ៥៨០លានដុល្លារ ជាមួយអគារចំនួនបី កម្ពស់៥៥ ជាន់ The Peak ដោយបានចាប់ផ្ដើមបុកគ្រឹះសាងសង់នៅឆ្នាំ២០១៦ នឹងបានបញ្ចប់ការសាងសង់ជាផ្លូវការក្នុង ឆ្នាំ២០២០៕