ហ្រ្គេន ភ្នំពេញ ស៊ីធី របស់ក្រុមហ៊ុន ជីប ម៉ុង លែន គឺជាគម្រោង អភិវឌ្ឍន៍អចលទ្រព្យស្តង់ដារអន្តរជាតិលើផ្ទៃដីសរុប ២៦០ហិកតា ស្ថិតនៅខណ្ឌសែនសុខ ភាគពាយ័ព្យ រាជធានីភ្នំពេញ។ ហ្រ្គេន ភ្នំពេញ ជាគម្រោងអភិវឌ្ឍដែលក្នុងនោះរួមមាន ផ្ទះប្រភេទវីឡា អាផាតមិន ស្សបហៅស៍ អគារការិយាល័យ ផ្សារទំនើប សណ្ឋាគារ មន្ទីរពេទ្យ ក្លឹបវាយកូនហ្គោលស្តង់ដារអន្តរជាតិ១៨ឡូ ព្រមទាំងការអភិវឌ្ឍសំខាន់ៗផ្សេងទៀត។
ហ្គ្រេនភ្នំពេញស៊ីធី ក៏ជាគម្រោងតែមួយគត់ និងដំបូងគេបង្អស់ក្នុងក្រុងភ្នំពេញ ដែលមានទីលានវាយកូនហ្គោលលំដាប់ថ្នាក់ពិភពលោក ដែលផ្តល់បទពិសោធន៍នៃការរស់នៅបែបថ្មី និងការលេងកូនហ្គោលកម្សាន្តដ៏អស្ចារ្យ។ ទីលានវាយកូនហ្គោល ហ្រ្គេនភ្នំពេញក្លឹប របស់ក្រុមហ៊ុន ជីប ម៉ុង លែន ស្ថិតនៅចំបេះដូងនៃគម្រោង ហ្គ្រេនភ្នំពេញស៊ីធី ត្រូវបានរចនាឡើងដោយ Jack Nicklaus Design លើផ្ទៃដី ៧០ ហិកតា ដែលជាក្រុមហ៊ុនរចនាទីលានវាយកូនហ្គោលដ៏ល្បីនៅលើពិភពលោក។
ក្រុមហ៊ុនជីប ម៉ុង លែន ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ ជីប ម៉ុង គ្រុប និងបានវិនិយោគអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានសម្រេចទិញយកសិទ្ធិគ្រប់គ្រងទាំងស្រុងរបស់ក្រុមហ៊ុន ហ្គ្រេន ភ្នំពេញ អ៊ិនធើណេសិនណល ស៊ីធី ដោយការផ្ទេរសិទ្ធិគ្រប់គ្រងថ្មីនេះ បានចាប់ផ្ដើម តាំងពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រុមហ៊ុន ហ្គ្រេន ភ្នំពេញ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ហ្គ្រេន ភ្នំពេញ អ៊ិនធើណេសិនណល ស៊ីធី បានជូនដំណឹងជាផ្លូវការ កាលឆ្នាំ២០១៩ យ៉ាងដូច្នេះថា «ថ្មីៗនេះ ក្រុមហ៊ុន បានលក់ទ្រព្យសកម្ម និងអាជីវកម្មទាំងអស់ ទៅឲ្យក្រុមហ៊ុន ជីប ម៉ុង លែន ខូ អិលធីឌី ហើយ យើងខ្ញុំបានរៀបចំ ផ្ទេរសិទ្ធិគ្រប់គ្រងក្រុមហ៊ុនទាំងអស់ ទៅឲ្យក្រុមហ៊ុនថ្មី គឺ ក្រុមហ៊ុន ជីប ម៉ុងលែន ខូ អិលធីឌី ដែលតំណាងដោយលោកឧកញ៉ា លាង ឃុន និងឧកញ៉ា លាង ម៉េង ចាប់ពីថ្ងៃចុះហត្ថលេខាលើលិខិតជូនដំណឹងនេះតទៅ»។ យ៉ាងណាក្តី គេមិនទាន់ដឹងនៅឡើយទេថា តើក្រុមហ៊ុនជីប ម៉ុង លែន បានទិញសិទ្ធិគ្រប់គ្រងក្រុមហ៊ុន ហ្គ្រេនភ្នំពេញ អ៊ិនធើណេសិនណល ក្នុងតម្លៃប៉ុន្មាន។
ក្រុមហ៊ុន ហ្គ្រេន ភ្នំពេញ អ៊ិនធើណេសិនណល ត្រូវបានគេដឹងថា ទទួលបានសិទ្ធិលើការអភិវឌ្ឍទីក្រុងរណបហ្គ្រេន ភ្នំពេញ ដោយមានឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខេមបូឌា វ៉ាយ អ៊ិន ភី សហការជាមួយនឹងក្រុមហ៊ុនឥណ្ឌូនេស៊ី ស៊ីពូត្រា គ្រុប។ តម្លៃគម្រោងចុះបញ្ជីទុនវិនិយោគដំបូង ៦០០លានដុល្លារអាមេរិក ដែលមានផ្ទៃក្រឡាសាងសង់ចំនួន ២៦០ហិកតា ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជីប ម៉ុង លែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់កំពូលនៅក្នុងប្រទេសកម្ពុជា ដែលបានបង្កើតឡើង តាំងពីឆ្នាំ២០០៨។ ជីប ម៉ុង លែន គឺជាពាណិជ្ជកម្មមួយរបស់ ជីប ម៉ុង គ្រុប ដែលជាក្រុមហ៊ុនវិនិយោគលើច្រើនវិស័យ និងរីកលូតលាស់យ៉ាងឆាប់រហ័សក្នុងប្រទេសកម្ពុជា។ គម្រោងដំបូងគេបង្អស់របស់ ជីប ម៉ុង លែន គឺ ផាក លែន សែនសុខ ត្រូវបានបញ្ចប់ដោយជោគជ័យ និងបានប្រគល់ជូនអតិថិជននៅក្នុងឆ្នាំ២០១៧ ខណៈដែលបច្ចុប្បន្ននេះ ជីប ម៉ុង លែន មានគម្រោងធំៗចំនួន ៩ ផ្សេងទៀត ដែលស្ថិតក្រោមការសាងសង់ ក្នុងនោះរួមទាំងគម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី ដែលបានបើកការដ្ឋានសាងសង់ តាំងពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២០៕