អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង គ្រុប បានលើកឡើង កាលពីថ្ងៃអាទិត្យទី១១ ខែកញ្ញា ម្សិលមិញនេះថា ក្រុមហ៊ុន ជីប ម៉ុង រីថែល (Chip Mong Retail) មានចក្ខុវិស័យពង្រីកផ្សារទំនើប រហូតដល់១០ទីតាំង នៅក្នុងឆ្នាំ២០២៥ ហើយនៅថ្ងៃចន្ទនេះ ក្រុមហ៊ុននឹងបើកឱ្យដំណើរការសាកល្បងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល។
អ្នកឧកញ៉ា បានបញ្ជាក់បន្ថែមតាមរយៈវីដេអូឃ្លីបថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ក្លាយជាដៃគូជាមួយម៉ាកល្បីៗជាច្រើនជុំវិញពិភពលោក រហូតទៅដល់ជាង ១៧០ម៉ាក។ បេសកកម្មរបស់ក្រុមហ៊ុន គឺផ្តល់ជូននូវផលិតផល សេវាកម្ម បទពិសោធន៍នៃការទិញទំនិញ ការកម្សាន្តដ៏សម្បូរបែប។ ក្រុមហ៊ុនប្តេជ្ញានាំយកផលិតផល និងសេវាកម្ម ដែលមានស្តង់ដារខ្ពស់លំដាប់ពិភពលោក។ ការប្តេជ្ញានេះ បង្ហាញពីឆន្ទៈមុះមត់ ក្នុងការចូលរួមលើកកម្ពស់ឧស្សាហ៍កម្មលក់រាយឱ្យកាន់តែរីកចម្រើន ដើម្បីចូលរួមជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរឹងមាំ និងផ្តល់បទពិសោធន៍ជូនពលរដ្ឋកម្ពុជា ជាមួយនឹងបន្តទាក់ទាញម៉ាកផលិតផលល្បីៗទាំងក្នុងនិងក្រៅស្រុក និងជំរុញការវិនិយោគកាន់តែខ្លាំងឡើង។
ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ស្ថិតនៅក្នុងគម្រោងលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន និងនៅក្បែរផ្លូវសំខាន់ៗដូចជា ផ្លូវ២៧១ ផ្លូវ៣៧១ និងផ្លូវ៦០ម៉ែត្រ ដែលជាតំបន់ដ៏មានសក្ដានុពល។ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ស្ថិតក្រោមទឹកប្រាក់វិនិយោគប្រមាណជាង ១៥០ លានដុល្លារអាមេរិក ពីក្រុមហ៊ុន ជីប ម៉ុង រីថែល និងបានសាងសង់អស់រយៈពេលជាង ៤ ឆ្នាំ។
សូមបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានបង្កើត ជីប ម៉ុង រីថែល ឡើងកាលឆ្នាំ២០១៧។ រហូតមកទល់បច្ចុប្បន្ន ក្រុមហ៊ុន ជីប ម៉ុង គ្រុប មានផ្សារទំនើបខ្នាតយក្សចំនួន៦ នៅរាជធានីភ្នំពេញ ក្នុងនោះមានដូចជា៖ ផ្សារទំនើបជីបម៉ុង ណូរ៉ូ ម៉ល (ផ្លូវមហាវិថីព្រះនរោត្តម) និងផ្សារទំនើបជីបម៉ុង បាក់ទូក សម្ពោធកាលចុងឆ្នាំ២០១៩, ផ្សារទំនើបជីបម៉ុង សែនសុខ ម៉ល និងផ្សារទំនើបជីបម៉ុង ៥៩៨ សម្ពោធ កាលពាក់កណ្តាលឆ្នាំ២០២០, ផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល និង Chip Mong Tower គ្រោងនឹងសម្ពោធ ក្នុងពេលឆាប់ៗខាងមុខនេះ៕