ដំណឹងនៃការឡើងងារជាឧកញ៉ារបស់កំពូលតារាចម្រៀងលោក ខេមរ: សិរីមន្ត បាននឹងកំពុងធ្វើឲ្យអ្នកគាំទ្រនិងមិត្តភ័ក្ដិសិល្ប:រួមអាជីពជាច្រើនបានបង្ហាញចាប់អារម្មណ៍ហើយព្រមទាំងសម្តែងការចូលរួមអបអរគ្រប់គ្នា។
ទន្ទឹមគ្នាការឡើងងារជាឧកញ៉ាក៏មានមតិនិងសំនួរមួយចំនួនពីអ្នកគាំទ្រនិងមិត្តៗយុវវ័យបានសួរនាំដែរថា ក្រោយពេលក្លាយជាឧកញ៉ាតើលោក ខេមរៈ សិរីមន្ត នៅតែបន្តអាជីពចម្រៀងទៀតឬមួយយ៉ាងណា? ខណៈមានខ្លះទៀតក៏បានសូមណោមពរកុំឲ្យលោកឈប់ពីអាជីពមួយនេះផងដែរ។
ជុំវិញនិងចម្ងល់របស់មហាជនខាងលើនេះដែររហូតមកដល់ពេលនេះ ឧកញ៉ា ខេមរៈ សិរីមន្ត ប្រាប់ឧកញ៉ាញូស៍ក្នុងកម្មវិធីសេដ្ឋី និងជំនួញ នាពេលថ្មីៗកន្លងទៅថា លោកនៅតែបន្តស្ថិតក្នុងវិស័យសិល្បៈដដែល បើទោះបីក្លាយឧកញ៉ា គឺលោកមិនចោលសិល្បៈឡើយ។
សូមស្តាប់ប្រសាសន៍ឧកញ៉ា ខេមរៈ សិរីមន្ត៖
គួរបញ្ជាក់ដែរថា តារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវបានមហាជននិងអ្នកគាំទ្រសង្កេតឃើញថា បន្ទាប់ពីជោគជ័យលើការងារសិល្បៈ គឺលោកបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង។ មិនតែប៉ុណ្ណោះនាអំឡុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកក៏បានងាកមកចាប់ជំនួញថ្មីមួយទៀត គឺលើវិស័យអចលនទ្រព្យ ដោយបានធ្វើការអភិវឌ្ឍន៍ជាផ្ទះនិងដីឡូតិ៍នៅតំបន់មួយចំនួនជាពិសេសក្នុងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។
តាមរយ:ភាពជោគជ័យទាំងនេះហើយទើបធ្វើឲ្យកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត អាចមានឱកាសច្រើនដើម្បីចូលរួមក្នុងការងារសង្គមដូចជាការជួយជាថវិកាកសាងសមិទ្ធផលនានាក្នុងខេត្តបន្ទាយមានជ័យពិសេសគឺកន្លងមកលោកក៏ធ្លាប់បានចំណាយថវិការផ្ទាល់ខ្លួនរហូតដល់ទៅ២លានដុល្លារក្នុងការកសាងផ្លូវនិងប្រឡាយទឹកជួយសម្រួលប្រជាពលរដ្ឋដែលរស់នៅស្រុកម៉ាឡៃនិងការងារមនុស្សធម៌ជាច្រើនទៀត៕